សមត្ថកិច្ច កំពុងស្រាវជ្រាវចាប់បុរស ជាមេការខារ៉ាអូខេ MD នៅខណ្ឌទួលគោក ដែលចាប់រំលោភ ក្មេងស្រីម្នាក់
ភ្នំពេញ៖ សេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងវិធានការរបស់សមត្ថកិច្ច ចំពោះករណីក្មេងស្រីម្នាក់ ត្រូវបានបុរសជាមេការខារ៉ាអូខេ MD នៅខណ្ឌទួលគោក ចាប់រំលោភ ។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានទទួលពាក្យបណ្តឹងពីឈ្មោះ ន ស ព ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ឌីអឹម ដោយបានប្តឹងពីឈ្មោះ អ៊ូ ហុង ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ មេការខារ៉ាអូខេ ឌីអឹម ករណី រំលោភសេពសន្ថវៈ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ។ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍គរបាលរដ្ឋបាលផ្សារដេប៉ូ៣ បានបញ្ជូនសំណុំរឿងមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដេីម្បីអនុវត្តបន្ត ដោយសមត្ថកិច្ចជំនាញចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ជាលទ្ធផលបានឲ្យដឹងថា ជនសង្ស័យខាងលើកំពុងរត់គេចខ្លួន ។
បច្ចុប្បន្នការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកំពុងស្វែងរកជនសង្ស័យ និងបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕