ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកទឹកចិត្តដល់ យុវជនស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ ក្នុងការបង្កើតគម្រោងពាក់ព័ន្ធការផ្សព្វផ្សាយពីការថែរក្សា និងអនាម័យបរិស្ថាន
(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មន្ទីរអប់រំ យុវជន និងកីឡា បានរៀបចំកម្មពិធីសំណេះសំណាលជាមួយយុវជនស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីប្រធានមន្ទីរស្តីទី ក្រុមយុវជនស្ម័គចិត្ត ១៥នាក់ ស្រី ០៧នាក់ គ្រូបង្វិក ០១នាក់ ថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យចំនួន ១៦នាក់ ស្រី ០៣នាក់ និងសិស្សានុសិស្សចំនួន ៦០នាក់ ស្រី ៣៥នាក់ សរុប ៩១នាក់ កម្មវិធីប្រារពធ្វើឡើងនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ។
លោក ម៉ក់ សារឿន ប្រធានមន្ទីរអប់រំ ស្តីទីបានមានប្រសាសន៍ថា ការរៀបចំសេចក្តីជូនដំណឹងជ្រើសរើសយុវជនស្ម័គចិត្តក្នុងខេត្តបានចំនួន ១៥នាក់ ស្រី ០៧នាក់ និងបានបញ្ជូនយុវជនខាងលើទៅចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នៅខេត្តសៀមរាប ស្តីពី ‘‘ការអនុវត្តគម្រោងការស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ’’ ក្នុងចំណោម ២៥រាជធានី-ខេត្ត ដោយផ្តោតទៅលើប្រធានបទចំនួន ៨គឺ៖ ការអប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ បរិស្ថាន សហគ្រិន កសិកម្ម និងបរិបទបដិវត្តឧស្សាហកម្ម៤.០ ដើម្បីឲ្យយុវជនទាំងនោះជ្រើសរើសគម្រោងមួយដែលក្រុមខ្លួនពេញចិត្ត និងចូលរួមអនុវត្តក្នុងមូលដ្ឋានខេត្តរបស់ខ្លួនរយៈពេល ០៤ខែ ហើយត្រូវរៀបចំវាយតម្លៃជ្រើសរើសគម្រោងដ៏ឆ្នើមមួយប្រចាំខេត្ត រួចចូលរួមប្រកួតប្រជែងគម្រោងឆ្នើមថ្នាក់ជាតិ ដើម្បីជ្រើសរើសយកក្រុមជ័យលាភីផ្តាត់ព្រ័ត្រ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។
ដោយក្នុងនោះដែ ដើម្បីអនុវត្តទៅលើគម្រោងខាងលើ ដោយជ្រើសរើសយកប្រធានបទចំនួន ០៣គឺ៖
ក្រុមទី១-ផ្នែកបរិស្ថាន ប្រធានបទគម្រោង ‘‘ទីក្រុងស្អាត បរិស្ថានស្អាត និងសេវាល្អ’’
ក្រុមទី២-ផ្នែកទេសចរណ៍ ប្រធានបទគម្រោង ‘‘ទេសចរណ៍ជាសរសៃឈាមនៃផ្នែកសេដ្ឋកិច្ច’’
ក្រុមទី៣-ផ្នែកអប់រំ ប្រធានបទគម្រោង ‘‘បណ្តុះបណ្តាលអំពីការដាំដុះបែប ប្រពៃណី និងសម័យទំនើប។
លោកក៏បានបន្តទៀតថា កម្មវិធី ការស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ មានគោលបំណងលើកទឹកចិត្តឲ្យយុវជនបញ្ចេញសមត្ថភាពប្រកួតប្រជែងការអនុវត្តគម្រោងដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងក្នុងសហគមន៍របស់ពួកគេកំពុងរស់នៅ និងផ្តល់ឱកាសដល់យុវជនប្រើប្រាស់សមត្ថភាពជំនាញក្នុងកម្មវិធីអភិវឌ្ឍសហគមន៍ ដើម្បីពង្រីកចំណេះដឹង បទពិសោធន៍ ប្រើប្រាស់ជំនាញ ក្នុងការសហការរវាងមិត្តភក្តិ និងអ្នកដទៃលើកកម្ពស់ការយល់ដឹង និងការគាំទ្រពីសហគមន៍ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍អំពីផលប្រយោជន៍នៃការងារស្ម័គចិត្តរបស់យុវជន និងកសាងប្រព័ន្ធការងារដែលមានលក្ខណៈស្តង់ដាមួយសម្រាប់គាំទ្រ និងការអនុវត្តគម្រោងខាងលើ។
ក្នុងឱកាសនេះដែរឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការលើកឡើងនូវចំនុចនីមួយៗរបស់ក្រុមយុវជនស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ ខាងលើគឺសម្របទៅ និងមានខ្លឹមសារអប់រំ ផ្សព្វផ្សាយ បំផុសបំផុលដាស់អារម្មណ៍ស្មារតី យុវជន យុវនារី ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រជាជនទូរទាំងប្រទេសកម្ពុជាផងដែរនោះ ឲ្យចេះស្រលាញ់ ថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ជាពិសេសតំបន់ទេសចរណ៏ដែលជាកន្លែងមានសក្កដានុពល ដែលនាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលែងទស្សនាសម្រាកលំហែរកាយប្រកបដោយផាសុខភាពខ្យល់បរិសុទ្ធ។
ឯកឧត្តមក៏បានបន្តទៀតថា ដើម្បីសម្រេចឲ្យបាននូវគោលដៅ និងគោលបំណងខាងលើ យើងទាំងអស់គ្នាចាំបាប់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងមានកិច្ចសហការល្អពីគ្រប់ស្ថាប័នបពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមទាំងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ និងប្រជាពលរដ្ឋ ជាពិសេសគឺយុវជន ដែលជាទំពាំងស្នងឬស្សី ក្នុងការឈានមុខចូលរួមចំណែកអនុវត្ត និងផ្សព្វផ្សាយបន្តទៅដល់ញាតិមិត្ត ក្រុមគ្រួសារ និងសង្គមជាតិរបស់យើងឲ្យបានកាន់តែទូលំទូលាយ។
ជាចុងក្រោយអភិបាលខេត្ត សូមអំពាវនាវដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ យុវជន សិស្សនិស្សិត និងវិស័យឯកជនទាំងអស់ បង្កើនកិច្ចសហការឲ្យកាន់តែល្អ និងចូលរួមគ្រប់សកម្មភាពការពារ ថែរក្សា លើកកម្ពស់សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងសេវាកម្មសាធារណៈក្នុងទីក្រុង និងមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ឲ្យបានស្អាត និងល្អប្រសើរឡើង ដើម្បីសោភ័ណ្ឌភាពខេត្តយើង៕