បុរសម្នាក់ ក្នុងចំណោមក្រុមគ្រួសារ៦នាក់ ទៅលេងកម្សាន្តក្បាលឆាយទឹកធ្លាក់តាតៃ យុវជនម្នាក់រអិលជើងធ្លាក់ចូលទៅក្នុងទឹកកួចស្លាប់
កោះកុង៖ យុវជនម្នាក់ខណៈបានដើរកម្សាន្ត ជាមួយក្រុមគ្រួសារ ចំនួន៦នាក់ ដោយបានបាននាំគ្នាទៅលេងកម្សាន្ត នៅចំណុចក្បាលឆាយទឹកធ្លាក់តាតៃ ក៏បានរអិលជើង ធ្លាក់ចូលទៅក្នុងទឹក បណ្តាលឲ្យទឹកកួចយកបាត់រកសពមិនទាន់ឃើញ ។ ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃ អាទិត្យ ១៤ កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្បាលឆាយទឹកធ្លាក់តាតៃ ក្នុងស្រុកកោះកុង ។ ជនរងគ្រោះ ដែលបានបាត់ខ្លួននោះ ឈ្មោះ សម្បត្តិ៍ ចាន់ចាវ ភេទប្រុសអាយុ២៤ឆ្នាំ មានទីលំនៅភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃ ក្រោមការដឹកនាំដោយលោកអនុសេនីយ៍ទោ រស់ វ៉ាន់ថន នាយប៉ុស្តិ៍ បានសហការជាមួយកម្លាំងយោធាវរសេនាតូចលេខ ២ ក្រុមប្រឹក្សាឃុំ និងក្រុមគ្រួសារជនរងគ្រោះ នាំគ្នាស្វែងរកជនរងគ្រោះ រហូតដល់ម៉ោង ៩និង៣០នាទីយប់ នៅថ្ងៃខែឆ្នាំដដែល នៅពុំទាន់រកឃើញនៅឡើយ ហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ចនៅតែបន្តស្វែងរកជនរងគ្រោះ ។ ប្រភពដដែលបន្តថា រហូតដល់ព្រឹកថ្ងៃចន្ទទី២៤ កញ្ញា ឆ្នាំ២០១៨ទៅហើយ គេនៅមិនទាន់រក ឃើញសពអណ្តែតនៅឡើយទេ ខណៈដែលសមត្ថកិច្ច និងក្រុមគ្រួសារព្យាយាមដើររកកន្លែងទឹកហូរនោះ ៕