ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាននាំយកអំណោយចែកជូនដល់កុមារកំព្រា និងកុមារងាយរងគ្រោះក្នុងខេត្តព្រះសីហនុ

147

 

(ព្រះសីហនុ)៖នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពក្នុងកម្មពិធី ផ្តល់កញ្ចប់ស្បៀងអាហារ និងសម្ភារៈសិក្សាចែកជូនដល់កុមារកំព្រា និងកុមារងាយរងគ្រោះក្នុងខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីលោក លៀម សូដា អភិបាលរងខេត្ត ជាតំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងគណៈប្រតិភូសេនាយុត្តិធម៌ និងសាលាដំបូងខេត្តព្រះសីហនុ ដែលកម្មពិធីធ្វើឡើងនៅ សាលាដុនប៉ូស្កូ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កុមារកំព្រា និងកុមារងាយរងគ្រោះដែលបានចូលរួមក្នុងថ្ងៃនេះមានចំនួន២២៧នាក់ ស្រីចំនួន១០៥នាក់ដែលមកពីមណ្ឌលថែរទាំទាំង៥ក្នុងខេត្តរួមមាន៖
*១ -មណ្ឌលថែរទាំជំនួសរបស់អង្គការម្លប់តាប៉ាង
*២ -មណ្ឌលផ្ទះនៃគ្រួសារ
*៣ -មណ្ឌលកុមារកំព្រាខេត្តព្រះសីហនុ
*៤ -អង្គការអយឃីត
*៥ -សាលាបច្ចេកទេសដុនប៉ូស្កូខេត្តព្រះសីហនុ

ក្នុងពិធីនោះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងនូវការអរគុណ និងកោតសរសើរចំពោះប្រធានមន្ទីរពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងបុគ្គលិកក្នុងមណ្ឌលទាំងប្រាំ ដែលយកចិត្តទុកដាក់ខ្ពស់ និងមើលថែរដល់កុមារកំព្រា និងកុមារងាយរងគ្រោះក្នុងខេត្តទាំងអស់ កាយវិការនិងការយកចិត្តធឲទុកដាក់នេះគឺមានតែការទទួលបាននូវការគោរពពីសំណាក់យើងទាំងអស់គ្នានៅទីនេះ និងថ្នាក់ដឹកនាំទូទាំងខេត្ត ថ្នាក់ដឹកនាំទូរទាំងប្រទេស ក៏ដូចជាកាទទួលបាននូវការគោរពពីប្រជាជនទូរទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈទឹកចិត្តដ៏ល្អបរិសុទ្ធ ដើម្បីជួយទៅដល់កុមារកំព្រា និងកុមារងាយរងគ្រោះ និយាយដោយឡែកក៏ដូចជួយទៅដល់កុមារទូរទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

ជាមួយគ្នានេះដែរឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍លើកទឹកចិត្តដល់កុមារកំព្រា និងកុមារងាយរងគ្រោះ ចំនួន២២៧នាក់ក្នុងមណ្ឌលទាំង៥ថា មិនត្រូវបាក់ទឹកចិត្ត ហើយត្រូវមានក្តីសង្ឃឹម និងការតស៊ូក្នុងជីវិតជានិច្ច ដើម្បីក្តីសង្ឃឹមខ្លួនឯង និងទំពាំងស្នងឬស្សីទៅដល់ប្រទេសជាតិយើងផងដែរ។

ក្នុងនោះដែរ អំណោយដែលទទួលបានពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុង១មណ្ឌលទទួលបានថវិកា២លានរៀល ទឹកសុទ្ធ១១កេស និងក្មេងៗកុមារកំព្រា ក្នុងម្នាក់ទទួលបានថវិកា២ម៉ឺនរៀល និងគ្រឿងឧភោគបរិភោគផងដែរ៕

អត្ថបទដែលជាប់ទាក់ទង