ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖នារសៀលថ្ងៃទី០១ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណេីរដោយប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ក្រុមការងារ លេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម អភិបាលរងខេត្ត, អភិបាលស្រុក ,និងមន្រ្តីពាក់ព័ន្ធជុំវិញខេត្ត បានអញ្ចេីញចុះត្រួតពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងឃុំត្នោតជុំ ស្រុកបារាយ៍ និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
តាមរបាយការណ៍របស់ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា៖ ស្រុកតាំងគោក ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឲ្យប៉ះពាល់និងខូចខាតដំណាំស្រូវចំនួន៧ឃុំ
ស្មើនឹង ៩៦៦ ហិកតារ
ក្នុងនោះខូចខាតចំនួន ៤៩៩ ហិកតារ ស្មើនឹង៥៨៣ គ្រួសារ។
+ ស្រុកបារាយណ៍÷ប៉ះពាល់ការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករចំនួន ៨៤១ ហិកតា ក្នុងនោះស្រូវស្រាលបង្កើនរដូវ ៤៨៦ ហិកតា និងស្រូវធ្ងន់ ៣៥៥ ហិកតា ក្នុងនោះ÷
– ឃុំបារាយណ៍: ប៉ះពាល់ស្រូវស្រាលបង្កើនរដូវ ចំនួន ៥០ ហិកតា ។
– ឃុំឈូកខ្សាច់: ប៉ះពាល់ចំនួន ៦០ ហិកតា ស្រូវស្រាលបង្កើនរដូវ ២០ ហិកតា និងស្រូវធ្ងន់ ៤០ហិកតា ។
– ឃុំត្នោតជុំ: ប៉ះពាល់ចំនួន ៧០១ ហិកតា ស្រូវស្រាលបង្កើនរដូវចំនួន ៣៨៦ ហិកតា និងស្រូវធ្ងន់ចំនួន ៣១៥ ហិកតា ។
បើសិនជាពុំមានភ្លៀងធ្លាក់បន្តទៀតនោះទេផលប៉ះពាល់និងខូចខាតនឹងអាចតិចតួចជាងនេះ ព្រោះថាទឹកបានហូរស្រកទៅតាមប្រព័ន្ធប្រឡាយទឹកជាបណ្តើៗហើយនោះ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានកោតសសើរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះ
ស្រាយបញ្ហាបណ្តាលមកពីទឹកជំនន់ទឹកភ្លៀង។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោតជាអាទិភាពខ្ពស់ចំពោះអាយុជីវិតមនុស្ស។