ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។
នៅក្នុងកម្មវិធីថ្ងៃស្អែកនេះផងដែរ មុនឈានដល់កម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន ហើយសម្តេចតេជោ ក៏នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ានផងដែរ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នោះ។
កម្ពុជាសន្តិភាព សូមស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានដូចជា 1-Dr. Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត, 2-Nikos Dendias រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសក្រិក, 3-H.E Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន, 4-H.E Erywan Yusof រដ្ឋមន្រ្តីក្រសួងការបរទេសទី២ នៃប្រទេសព្រុយណេ និងលោកជំទាវ, 5-H.E Bui Thanh Son រដ្ឋមន្រ្តីការបរទេស សាធារណរដ្ឋសង្គមនិយមវៀតណាម, 6-H.E Retno L.P. Marsudi រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី, 7-H.E Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសឹង្ហបូរី, 8-H.E Don Pramudwinai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃរាជាណាចក្រថៃឡងដ៏ និងលោកជំទាវ, 9-H.E Saleumxay Kommasith រដ្ឋមន្ត្រីការបរទេសឡាវ និងលោកជំទាវ, 10-H.E Dato’ Sri Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និង 11-H.E Wang Yi រដ្ឋមន្រ្តីការបរទេសចិន។ នៅមានរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនទៀតនឹងមកដល់កម្ពុជាជាបន្តបន្ទាប់។
សូមជូនពរឯកឧត្តមលោកជំទាវនិងគណៈប្រតិភូទាំងអស់បានសប្បាយរីករាយក្នុងការស្នាក់នៅ និងទទួលបានលទ្ធផលល្អនៅក្នុងកិច្ចប្រជុំ 55th AMM នៅកម្ពុជា៕