ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បុណ្យ​សែន​ព្រះ​ខែ ប្រពៃណី​ចិន វៀតណាម នៅយប់​ពេញ​បូណ៌មី​ ថ្ងៃទី២៤កញ្ញា​, យប់នេះមានភ្លៀងធ្លាក់ មិនអាចមើលឃើញព្រះខែ

520

ភ្នំពេញ៖ ប្រជា​ជន​​មាន​ខ្សែ​ស្រឡាយ​ ឬ​និង​ជា​ជន​ជាតិ​ចិន និង​វៀតណាម នៅ​គ្រប់​ទី​កន្លែង​ពេល​ដល់​ថ្ងៃទី១៥ ខែទី៨​របស់​ចិន ត្រូវ​នឹង​ខែកញ្ញា ឬ​ខែតុលា​នៃ​ប្រតិទិន​សូរិយាគតិ ដោយ​ឆ្នាំ​២០១៨នេះ​ត្រូវ​នឹង​នៅ​ថ្ងៃទី២៤ ខែ​កញ្ញា ថ្ងៃ​ពេញ​បូណ៌មី​ គេ​នឹង​រៀប​ចំ​ពិធី​សែន​នំព្រះ​ខែ​ តាម​ផ្ទះ​សម្បែង​រៀងៗខ្លួន។ តើ​នៅ​ក្នុង​ពិធីនេះ​ គេ​រៀប​ចំ​សែន​ព្រេន​អ្វីខ្លះ? ដល់​នរណា? ដើម្បី​អ្វី?។ ប៉ុន្តែទោះជាយ៉ាងណា នាយប់ថ្ងៃទី២៤កញ្ញានេះនៅរាជធានីភ្នំពេញ ផ្ទៃមេញអួរអាប់ មានភ្លៀងធ្លាក់ បានធ្វើឲ្យបិទបាំងពន្លឺ មិនអាចឲ្យប្រជាពលរដ្ឋកូនចៅចិន វៀតណាម មិនអាចមើលឃើញពន្លឺព្រះចន្ទ នារាត្រីថ្ងៃសែនព្រះខែនេះទេ។

ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ចិន​-វៀតណាម​សែន​ព្រះ​ខែ ឬ​ពិធី​បុណ្យ​គោម គេ​ធ្វើ​នំ​ប្រពៃណី គឺ​នំ​លោក​ខែ​ជា​ច្រើន​ប្រភេទ សែន​ប្រេន​ដល់​ទេវតា ពិសេស​ព្រះ​នាង​ឆាង​អ៊ី ដើម្បី​សុំ​សេចក្តី​សុខ​សប្បាយ​ក្នុង​ក្រុម​គ្រួ​សារ។ ក្មេងៗ ឬ​អ្នក​ខ្លះ ​កាន់​គោម ដុត​គោម ឬ​បង្ហោះ​គោម​ ដើម្បី​អបអរ​សាទរ​នៃ​រដូវ​ប្រមូល​ទិន្ន​ផល​កសិកម្ម​ផង​ដែរ។ រីឯ​អ្នក​ខ្លះ​ទៀត ហូប​នំលោក​ខែ ជា​មួយ​ទឹក​តែ ចេញ​ទៅ​មើល​ព្រះ​ច័ន្ទដ៏​ស្រទន់​រះ​ពេញ​វង់។ តើ​ពិធី​បុណ្យ​សែន​ព្រះ​ខែ មាន​ប្រវត្តិ​មក​ពីណា?

តាម​ឯក​សារ ពិធី​បុណ្យ​នេះ មាន​តាំង​ជា​យូរ​យា​ណាស់​មក​ហើយ គឺ​ក្នុង​រជ្ជកាល​ព្រះ​ចៅ​អធិរាជ យ៉ាវ ដែល​កាល​នោះ​មាន​ព្រះ​អាទិត្យ​រះ​ចំនួន ១០ ធ្វើ​ឲ្យ​ផែន​ដី​ឆេះ ខណៈនេះ​ដែរ​ព្រះ​អង្គ​ក៏បាន​ផ្សព្វផ្សាយ​រក​អ្នក​ជំនាញ​បាញ់​ធ្នូ។ បន្ទាប់​មក​ក៏មាន​បុរស​ម្នាក់ ឈ្មោះ ហូវយី ទៅ​បាញ់​ព្រះ​អាទិត្យ​អស់​៩ រួច​ព្រះ​អង្គ​ក៏​ប្រទាន​ថ្នាំ​ជីវិត​អមតៈ​ដល់​អ្នក​ក្លាហាន ប៉ុន្តែ​ទាល់​តែ​មនុស្ស​កាន់​សីល​ទើប​អាច​លេប​បាន។ នាង​ឆាង​អ៊ី ជា​អ្នក​តម្បាញ ដោយ​ខឹង​នឹង​ប្តី ​ហូវយី ទៅ​កាន់​សីល​យូរ ក៏​ប្រទះ​ឃើញ​ថ្នាំ​នោះ ថា​លេប​សម្លាប់​ខ្លួន។ តែ​បែប​ជា​លេប​រួច​ហើយ​ ស្រាប់​តែ​នាង​អណ្តែត​ឡើង​លើ​អាកាស​ដល់​ព្រះ​ច័ន្ទ​និង​រស់​នៅ​ទី​នោះ​ជា​រៀង​រហូត។

ដូច្នេះ​ទើប​គេ​គិត​ថា សម្រស់​ព្រះច័ន្ទ​ស្អាត ដែល​ជា​សម្រស់​របស់​ព្រះ​នាង​ឆាងអ៊ី បាន​ក្លាយ​ជា​ទេវ​តា​រស់​នៅជា​មួយ​សត្វ​ទន្សាយ​ជា​ច្រើន​ក្បាល។ តាំង​ពីពេល​នោះ​មក​មនុស្ស មួយ​ចំនួន​តែង​ឃើញ រូបស្ត្រី​ម្នាក់​អង្គុយ​ត្បាញ និង​ខ្លះ​ទៀត​ឃើញ​រូប​សត្វ​ទន្សាយ​ក៏មាន។ តាម​តំណាល​តៗគ្នា​នេះ​ហើយ ទើបជា​រៀង​រាល់​ថ្ងៃបុណ្យ​នំលោក​ខែ ដែល​ឃើញ​ព្រះច័ន្ទ​ពេញ​វង់ល្អ​នោះ គេតែង​តែ​យក​នំ និង​ម្ហូប​ខ្លះ​មាន​បង្អែម ដើម្បី​ថ្វាយ​ព្រះនាង​ឆាងអ៊ី។


បុណ្យ​សែន​នំ​ព្រះខែ​ ជាពិធីបុណ្យធំចិន ទីពីរ៖

ពិធីបុណ្យពាក់កណ្តាលសរទរដូវ ឬបុណ្យសែននំព្រះខែជាពិធីបុណ្យប្រពៃណីចិននឹងឈាន ចូលមកដល់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ។ នៅប្រទេសចិន ព្រឹត្តិការណ៍ នេះគឺជា ពិធីបុណ្យធំទីពីរ ដែលមានថ្ងៃឈប់សម្រាក។

យោងតាម​ឯកសារ​ចិន​បានឲ្យ​ដឹងថា​បុណ្យ​ពាក់​កណ្តាល​សរទរដូវ​ឈាន​ចូល​មក​ដល់​តាម​ប្រតិទិន​ចន្ទគតិ​ចិន គឺចំថ្ងៃទី​ដប់ប្រាំ​ក្នុងខែ​ទីប្រាំបី ដែលជាពិ​ធីបុណ្យ​​ធំលំដាប់​ទីពីរ បន្ទាប់ពីបុណ្យ​រដូវ​ផ្ការីក ឬ បុណ្យ​ចូលឆ្នាំ​ចិន។ ឈ្មោះ​បុណ្យ​មួយនេះ គឺយក​លំនាំ​ចេញពី​ការរៀប​ចំពិធី​បុណ្យ ដែលបាន​ប្រារព្ធ​ធ្វើនៅ​ពាក់​កណ្តាល​សរទ​រដូវ​ ដែល​សព្វថ្ងៃ​ប្រែក្លាយ​ឈ្មោះជា “បុណ្យ សែននំ​ព្រះខែ” វិញ។ បុណ្យពាក់​កណ្តាល​សរទ​រដូវ គឺជា​ទំនៀម​ទម្លាប់ ដែល​ថ្វាយ​​​តង្វាយ​ការគោរព​បូជា​ដល់​ព្រះច័ន្ទ។ ប្រជាជន​ចិនសម័យ​បុរាណ​បានសង្កេត​នូវចលនា​ព្រះច័ន្ទ​ដែលមាន​ទំនាក់ទំនង​ទៅនឹង​ការផ្លាស់​ប្តូរ​រដូវ​កាល និង​ការ​ប្រមូល​ផលិត​ផល​កសិកម្ម។ ហេតុដូច្នេះ​ដើម្បី​សម្តែង​នូវការ​ដឹងគុណ​ចំពោះ​ព្រះចន្ទ្រ និង​អបអរ​ពិធី​រដូវ​ប្រមូល​ភោគ​ផល​កសិកម្ម ប្រជាជន​​ចិនបាន​រៀបចំ​សែន​តង្វាយ​ភោគ​ផល​កសិកម្ម​ដល់​ព្រះច័ន្ទ​នៅកំឡុង​ថ្ងៃនៃ​សរទរដូវ។

ទំនៀម​​ទម្លាប់​​នេះ​​បាន​​កើត​​មាន​​ចាប់​​​​តាំង​ពីរជ្ជកាល​រាជវង្ស​ចូវ មុន​គ្រិស្ត​សករាជ ឆ្នាំ១០៤៦​-១២៥០ ហើយពិធី​បុណ្យនេះ ប្រារព្ធ​ធ្វើតែ​ក្នុងសាច់​ញាតិ​រាជវង្ស​ប៉ុណ្ណោះដែល​សម័យ​នោះមិនមាន​ប្រវត្តិ​កំណត់ត្រា​រក្សា ស្តីពី​ការរៀបចំ​ពិធី​បុណ្យ​នេះ​ឲ្យបាន​ច្បាស់​លាស់​ឡើយ។ ក្រោយមក​ក្នុងរជ្ជកាល​រាជ​វង្ស​សួយ​ក្នុង​គ្រិស្ត​សករាជ​ឆ្នាំ៥៨១​-៦១៨ និង​រជ្ជកាល​រាជវង្ស​ថាំង​ គ.ស​ឆ្នាំ ៦១៨-៩០៧ ដែលមាន​ភាពរុងរឿង ក្នុង​សង្គម​សេដ្ឋកិច្ច​វប្បធម៌ និង​មាន ជីវភាព​ធូរធារ បាន​ប្រណិប័តន៍ នូវទំនៀម​ទម្លាប់​ពិធី​ថ្លែង​អំណរ​គុណដល់​ព្រះច័ន្ទ បានឈាន​ជ្រៀត​ចូលមក​ក្នុងមជ្ឈដ្ឋាន​ប្រជាជន​ទូទៅ និង​ក្រុម​រាជវង្ស​បាន​បន្ស៊ី​បញ្ចូល​គ្នា។ ពិធី​រៀបចំ​ពាក់កណ្តាល​សរទ​រដូវ របស់​ប្រជាជន គឺមាន​សេរីភាព​ច្រើនជាង​ពិធីរៀបចំ​ដោយក្រុម​រាជវង្ស ដោយមិន​បាន​ប្រកាន់​យកថ្ងៃ​ជាក់លាក់​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​សរទ​រដូវ​ឡើយ។ ហេតុដូច្នេះ ទើបមាន​ការកំណត់​យកថ្ងៃ​ទីដប់​ប្រាំ ខែទី​ប្រាំបី តាម​ប្រតិទិន​ចន្ទគតិ​ចិន គឺជា​ថ្ងៃមាន​ខែពេញ​វង់យក​មកធ្វើ​ជាថ្ងៃ​សែន​តង្វាយ​ដល់​ព្រះ​ចន្ទ្រ ព្រឹត្តិការណ៍​នេះ គឺបាន​កើតឡើង​នៅក្នុង​រជ្ជកាល​រាជវង្ស​ថាំង។ នាសម័យ​នោះផងដែរ ​នៅក្នុង​សម័យ​រាជវង្សសុង​ខាងជើង គ.សឆ្នាំ​៩៦០-​១១២៧ បុណ្យ​ពាក់​កណ្តាល​សរទ​រដូវ បានក្លាយ​ជាពិធី​បុណ្យ​ប្រពៃណី​យ៉ាងទូលំ​ទូលាយ​ រួចជា​ស្រេច​ទៅហើយ។

តាមទំនៀម​ទម្លាប់​ប្រពៃណី​ចិន នៅថ្ងៃ​បុណ្យនេះ​ក្រុម​សមាជិក​គ្រួសារ​ជួបជុំគ្នា​ដោយរៀប​ចំតង្វាយ​សែន​ព្រះចន្ទ្រ ដោយកោត​សរសើរ​រស្មីព្រះ​ច័ន្ទពេញ​វង់​ ដោយពន្លឺ​ត្រចះ​ត្រចង់ បរិភោគ​នំព្រះខែ និងបួងសួង​សុំសេចក្តី​សុខសប្បាយ​ដល់ញាតិ​មិត្តភក្តិ​ដែលរស់​នៅជិត​ឆ្ងាយឲ្យ​មានសេចក្តី​សុខសប្បាយ អាយុ​យឺនយូរ និង​ប្រកប​ដោយ​សេចក្តី​សុខ​ចម្រើន។ ក្រៅពី​នោះមាន​ទំនៀម​ទម្លាប់ខ្លះ​បានរៀបចំ​អុជ​ចង្កៀង​គោម និង រាំរបាំ​នាគ របាំតោ (លោត​ម៉ុង​សាយ) យោង​តាម​ភូមិភាគ​ខ្លះ។ ទំនៀម​ទម្លាប់នេះ គឺអាស្រ័យ​លើការ​ប្រកាន់​យកតាម​ការប្រតិបត្តិ​ជាប្រពៃណី​ក្នុងបណ្តា​ជនជាតិ​ភាគតិច​នីមួយៗ ដូចជា​សម្រាប់​ប្រពៃណី​ជនជាតិ​ម៉ុងហ្គោល បានរៀប​ចំ “ពិធី ដេញចាប់​ព្រះចន្ទ្រ” និង “ពិធីលួច​បន្លែ​ផ្លែ​ឈើ” ក្នុងទំនៀម​ទម្លាប់​ជនជាតិ​តុង​ជាដើម។

នំសែន​ព្រះខែ គឺជា​អាហារ​ពិសេស​សម្រាប់​ឱកាស​បុណ្យ​ពាក់​កណ្តាល​សរទ​រដូវ។ នៅថ្ងៃ​បុណ្យ​មនុស្ស​បាន​រៀប​តង្វាយ​នំសែន​ព្រះខែ និងមាន​ពិធី​បរិភោគ​នំ​ព្រះខែ។ នំសែន​ព្រះខែ​មាន​រសជាតិ និង​ទម្រង់​ផ្សេងៗ​គ្នា​តាម​ចំណូល​ចិត្តក្នុង​ភូមិភាគ។ ជាទូទៅ​នំព្រះខែ​មាន​រាង​មូល ដែលជា និមិត្ត​រូប​នៃការ​ជួបជុំ​សមាជិក​ក្រុម​គ្រួសារ ហេតុនេះ​ការអង្គុយ​ជួបជុំគ្នា​បរិភោគ​នំព្រះខែ​ក្រោម​ពន្លឺ​ព្រះច័ន្ទ​ពេញវង់ គឺបាន​ធ្វើ ឲ្យនឹក​រលឹក​ដល់​ញាតិ​មិត្ត​ដែល​ស្ថិត​នៅទី​ឆ្ងាយ។ សព្វថ្ងៃ​ មនុស្សម្នា​បាន​យក​នំសែន​ព្រះខែ​ធ្វើអំណោយ​ ដល់ញាតិ​មិត្ត និង បាន​បង្ហាញ​ការបួង​សួងឲ្យ​មាន​សេចក្តី​សុខ​សប្បាយ។

ពិធី​បុណ្យ​សែន​ព្រះ​ខែ​ ឬ​ពិធី​សែន​នំ​ព្រះ​ខែ ​កំពុង​មាន​ប្រជាប្រិយភាព​ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​មិន​ថា​ជា​​​​ជន​ជាតិ​ចិន​ ​ឬ​​ខ្មែរ​នោះ​ទេ។​ មុន​ថ្ងៃ​សែន​មក​ដល់​តាម​ដង​វិថី​តូច​ធំ​​ក្នុង​រាជធានី​ភ្នំពេញ​ ​​ក្រុម​អាជីវករ​ ​និង​ហាង​នំ​តូច​ធំ​បាន​រៀប​ចំ​​ស្តង់​ ដាក់​​លក់​នំ​​​ជា​ច្រើន​ប្រភេទ​យ៉ាង ​ត្រៀបត្រា។​ ពិធី​បុណ្យ​ជនជាតិ​ចិន​នេះ​មាន​លក្ខណៈ​ស្រដៀង​នឹង​ពិធី​បុណ្យ​អុំទូក​ បណ្ដែត​ប្រទីប​ សំពះ​ព្រះ​ខែ​ និង​អក​អំបុក​ក្នុង​ប្រទេស​កម្ពុជា​យើង​ដែរ។ ជារៀង​រាល់​​ឆ្នាំ​ ​ប្រជាជន​ចិន​តែង​នាំ​គ្នា​ប្រារព្ធ​​ពិធី​បុណ្យ​នេះ​ឡើង​ចំ​ថ្ងៃ​ដែល​​​ ព្រះ​ចន្ទ​ពេញ​បូណ៌មី ។ ​

នេះ​គ្រាន់​ជា​រឿង​ដំណាល​​មួយ​ចំនួន​​​ពាក់ព័ន្ធ​នឹង​ពិធី​បុណ្យ​នេះ​ប៉ុណ្ណោះ។ ​​តែ​អ្វី​ដែល​សំខាន់​ទៅ​លើ​អ្នក​ទៅ​វិញ​ទេ​ថា ​ចង់​ប្រារព្ធ​ពិធី​នេះ​ឬ​យ៉ាង​ណា ​ព្រោះ​នៅ​ថ្ងៃ​សែន​នោះ​អ្នក​អាច​បួងសួង​សុំ​សេចក្ដី​សុខ​ដល់​ខ្លួន​ឯង​នឹង​ ក្រុម​គ្រួសារ​បាន។ ​ហើយ​នៅ​ឆ្នាំ​នេះ ​តើ​អ្នក​នឹង​ប្រារព្ធ​ពិធី​នេះ​ដែរ​ឬ​ទេ?


បុណ្យសែនព្រះខែ មានន័យដូចម្តេចសម្រាប់ជនជាតិចិន៖ បុណ្យសែនព្រះខែជាពិធីបុណ្យមួយ នៅពាក់កណ្តាលសរទរដូវ (Mid-Autumn Festival) (中秋節), ត្រូវបានគេស្គាល់ថាជាបុណ្យសែនព្រះខែ ឬ ចុងឈីវជៀ។ វាជាពិធីបុណ្យ សម្រាប់អបអររដូវប្រមូលផលពេញនិយមមួយ ដែលត្រូវបានប្រារព្ធឡើងដោយជនជាតិ ចិន តៃវ៉ាន់ និងប្រជាជនវៀតណាម។ ក្នុងរយៈពេលជាង 3000 ឆ្នាំមុន ព្រះច័ន្ទ ត្រូវបានចាត់ទុកជាទី សក្ការៈនៃរាជវង្ស ថាង ។ ពិធីបុណ្យនេះ ត្រូវបានឱ្យឈ្មោះថា ចុងឈីវជៀ(中秋節)(មានន័យថា “ពិធីបុណ្យពាក់កណ្តាលសរទរដូវ”) នៅក្នុងរាជកាលនៃរាជវង្ស ចូវ.[1]នៅម៉ាលេស៊ី សឹង្ហបុរី និង ហ្វីលីពីន គេហៅវាថា ពិធីបុណ្យគោម ឬ ពិធីបុណ្យសែននំព្រះខែ ។ ពិធីនេះគេប្រារព្ធឡើងនៅថ្ងៃទី ១៥ ក្នុងខែទី ៨​របស់ចិន ហើយត្រូវនឹងខែ កញ្ញា ឬ តុលានៃប្រក្រតិទិនសូរិយាគតិ ។ វាក៏ជាថ្ងៃដែលត្រូវនឹងពាក់កណ្តាលសរទរដូវនៃប្រក្រតិទិនសូរិយាគតិ ហើយនៅពេលនោះព្រះច័ន្ទក៏ពេញបូណ៌មីដែរ ។ ម្ហូបប្រពៃណីនៃពិធីនេះគឺ នំលោកខែ ។ បុណ្យសែនព្រះខែជាពិធីបុណ្យសំខាន់មួយក្នុងប្រក្រតិទិនរបស់ចិន។​ តាមប្រពៃណី ញាតិមិត្តនិង មិត្តភ័ក្តិមកជួមជុំគ្នានៅថ្ងៃនេះ ដើម្បីមើលព្រះខែពេញបូណ៌មី និង ញុំានំលោកខែ ។ ក្នុងពិធីបុណ្យនេះ ក៏មានទំនៀមទម្លាប់ខ្លះៗដែរ ដូចជា៖ កាន់គោម ដុតគោម និង​បង្ហោះគោម អុជធុបដើម្បីគោរពដល់ទេវតា ពិសេស ឆាងអឺ៕

អត្ថបទដែលជាប់ទាក់ទង