ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៊ីយ៉ាស្នូកឃ័រ៖ បង្កើតព្រឹត្តិការណ៍ធំ ស្វែងរកជើងខ្លាំងត្រៀម២០២៣

210

ភ្នំពេញ៖ពេលនេះ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា កំពុងស្វែងរកធនធានកីឡាករឆ្នើមៗបន្ថែមសម្រាប់គោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាតាមរយៈការបង្កើតព្រឹត្តិការណ៍ប្រកួតដ៏ធំថ្មីមួយទៀត ដែលប្រសិទ្ធនាម ថា ការប្រកួតកីឡាប៊ីយ៉ាភូ LUX98-POOL 9-Ball Open 2022 ដែលមានលក្ខណៈបើកទូលាយ។

នេះបើតាមការលើកឡើងរបស់លោក ម៉ារ៉ា សុជាតិអគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។
លោកអគ្គលេខាធិការបញ្ជាក់ថា មូលហេតុចម្បង ដែលសហព័ន្ធ សហការជាមួយក្លិប LUX 98 បង្កើតព្រឹត្តិការណ៍ធំបែបនេះ គឺដើម្បីបើកទូលាយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ យុវជនទូទាំងប្រទេស និងជនបរទេសដែលស្នាក់នៅកម្ពុជា អាចចុះឈ្មោះចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍នេះបានហើយសហព័ន្ធនឹងសម្លឹងមើលធនធានកីឡាករដែលមានទេពកោសល្យល្អៗ រួមទាំងឆន្ទៈមោះមុត មានគោលដៅរួមគ្នា ដើម្បីជ្រើសរើសជាធនធាន ចូលរួមក្នុងក្រុមជម្រើសជាតិបន្ថែម សម្រាប់បម្រើដល់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

ការប្រកួត LUX98-POOL 9-Ball Open 2022 នេះ ក៏ជាព្រឹត្តិការណ៍មួយគាំទ្រដល់ដំណើរឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង។ និយាយឲ្យចំគឺដើម្បីចង់ស្វែងរកធនធានកីឡាករ ដែលមានទេពកោសល្យ ដើម្បីមកជួយជាតិយើង ក្នុងពេលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ អ៊ីចឹង យើងត្រូវរៀបចំការប្រកួតមួយនេះ ដែលបើកចំហរសម្រាប់មហាជនយុវជនខ្មែរនិងជនបរទេស ដែលជាឱកាសប្រកួតប្រជែងផងចែករំលែកបច្ចេកទេសបទពិសោធន៍ពីគ្នាទៅវិញទៅមកឲ្យ
កាន់តែល្អប្រសើរបន្ថែមទៀត។

ការប្រកួតនេះ ដើម្បីជ្រើសរើសធនធានវិញ្ញាសាប៊ីយ៉ាភូនេះ សម្រាប់ត្រៀមស៊ីហ្គេម ២០២៣។ប៉ុន្តែការជ្រើសរើសបេក្ខភាពបញ្ចូលក្នុងក្រុមជម្រើសជាតិគឺត្រូវឆ្លងកាត់ការប្រកួតកីឡាជាតិ នាខែវិច្ឆិកា ឆ្នាំ២០២២ មួយលើកទៀត។
ការដាក់បញ្ចូលវិញ្ញាសាសម្រាប់ប្រកួតត្រូវបានកំណត់រួចរាល់ហើយប៉ុន្តែសម្រាប់បេក្ខភាពកីឡាករ គឺត្រូវសម្រិតសម្រាំងឲ្យបានហ្មត់ចត់ ព្រោះពួកគាត់នឹងត្រូវប្រកួតតំណាងឲ្យជាតិ ជាពិសេសគឺម្ចាស់ផ្ទះទៀតដោយយើងត្រូវជ្រើសរើសឲ្យបានល្អៗដើម្បីចូលរួមប្រកួតប្រជែងមេដាយជូនជាតិ។

លោក ម៉ារ៉ា សុជាតិ អះអាងថាក្រោមការដឹកនាំនិងជំរុញទិសដៅរបស់ប្រធានសហព័ន្ធ លោកជុំ កុសល កំពុងឲ្យប្រតិបត្តិករសហព័ន្ធរៀបចំបង្កើតសកម្មភាពប្រកួតផ្សេងៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយបើកឱកាសឱ្យអ្នកដែលមានទេពកោសល្យផ្នែកកីឡាប៊ីយ៉ា និងស្នូកឃ័រ។ ជាមួយគ្នានេះ ក្នុងនាមតំណាងសហព័ន្ធ លោកបង្ហាញក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះក្លិប LUX98 ដែលបានសហការរៀបចំការប្រកួតនេះ ដើម្បីផលិតបានធនធានសម្រាប់ជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ឆ្នាំ២០២៣ ខាងមុខ។ «យើងខ្ញុំថ្លែងអំណរគុណចំពោះក្លិប LUX98 ដែល រួមដំណើរជាមួយគ្នា ក្នុងការអភិវឌ្ឍធនធានសម្រាប់ជាតិ»។

មហាជនអាចដាក់ពាក្យចូលរួមប្រកួតបានដោយបើកទទួលពីថ្ងៃទី៤ ខែសីហា តទៅ ហើយការប្រកួតផ្លូវការ នឹងដំណើរការនៅថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២២ នៅក្លិបកីឡាប៊ីយ៉ាភូល ស្នូកឃ័រ LUX98 ដែលមានទីតាំងនៅច្បារអំពៅ។ ចំពោះការប្រកួតមានគណៈកម្មការ និងអាជ្ញាកណ្ដាល ដែលរៀបចំដោយសហព័ន្ធ និងក្លិប ហើយបទបញ្ជាការប្រកួត គឺយកតាមសហព័ន្ធជាតិ និងសហព័ន្ធអាស៊ី។

ការប្រកួតនឹងជម្រុះទម្លាក់តាមការចាប់ឆ្នោតរើសគូប្រកួតនិងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រមទាំងវគ្គផ្តាច់ព្រ័ត្រដណ្តើមជ័យលាភីតែម្ដង។ វគ្គជម្រុះទម្លាក់ ប្រើ ៧ហ្គេម (ឈ្នះ៧មុន គឺឈ្នះ) រីឯវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ប្រើ ៩ហ្គេម (ឈ្នះ៩មុន គឺឈ្នះ)។
គួរបញ្ជាក់ថាក្នុងឱកាសសន្និសីទសារព័ត៌មាននេះក៏មានការប្រកួតមិត្តភាពគូពិសេសជើងខ្លាំង ដែលធ្លាប់ចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងការប្រកួតធំផ្សេងៗ គឺកីឡាករ សួន ឆាយ និងកីឡាករ ថាយ តិចហុក ដើម្បីបង្ហាញបច្ចេកទេស និងចែករំលែកបទពិសោធន៍យ៉ាងជក់ចិត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង