អ្នកជំនាញសេដ្ឋកិច្ច បានបញ្ជាក់ថា៖ តម្លៃដើមនៃការដឹកជញ្ជូន នឹងកាន់តែមានតម្លៃទាប បើរដ្ឋាភិបាលពិចារណាលើការកែសម្រួលការដឹកជញ្ជូនតាមផ្លូវដែក
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច យល់ថា តម្លៃដើមនៃការដឹកជញ្ជូន នឹងកាន់តែមានតម្លៃទាប បើរដ្ឋាភិបាលពិចារណាលើការកែសម្រួលការដឹកជញ្ជូនតាមផ្លូវដែក ដែលអាចតភ្ជាប់ពីប៉ូលសេដ្ឋកិច្ចនៅភ្នំពេញឆ្ពោះទៅតំបន់ព្រំដែន ដើម្បីងាយស្រួលផ្ទេរទំនិញចេញទៅក្រៅប្រទេសតាមច្រនអន្តរជាតិ។
តម្លៃដើមនៃការដឹកជញ្ជូន គឺជាផ្នែកមួយសំខាន់ដែលធ្វើអោយតម្លៃដើមក្នុងចង្វាក់ផលិតកម្ម មានការប្រែប្រួល តួរយ៉ាងដូចជាការប្រែប្រួលនៃតម្លៃប្រេងឥន្ទនៈក្នុងតំបន់និងសកល ការប្រើប្រើប្រាស់ពេលវេលាយូរលើការដឹកជញ្ជូនជាដើម ជាកត្តាគួបផ្សំដែលធ្វើអោយតម្លៃទំនិញមានការប្រែប្រួល។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និង ជាអ្នកជំនាញសេដ្ឋកិច្ចនៃ រាជបណ្ឌិតសភាកម្ពុជា បានអោយដឹងថា ស្របពេលដែលផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នឹងដាក់អោយដំណើរការបណ្ដោះអាសន្ននាពេលឆាប់ៗខាងមុខនេះ យើងបានមើលឃើញពីផលប្រយោជន៍ជាច្រើនដែលអាចទាញបានពីគម្រោងខ្នាតធំមួយនេះ សម្រាប់ប្រជាពលរដ្ឋ អ្នកដំណើរ និងការដោះដូរទំនិញពីរោងចក្រសហគ្រាស ក៏ដូចជាធ្វើអោយការដឹកជញ្ជូនត្រូវចំណាយពេលខ្លី សន្សំសំចៃ ជាមុន តភ្ជាប់តំបន់ប៉ូលសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ ទៅតាមសន្តានុពលកម្ពុជា គឺខេត្តព្រះសីហនុ និងខេត្តតំបន់ឆ្នេរផ្សេងទៀត។
លោកបណ្ឌិតបន្តថា ទន្ទឹមនឹងវត្តមានគម្រោងផ្លូវល្បឿនលឿននេះ រដ្ឋាភិបាលគួរកែសម្រួលផ្លូវដែកឡើងវិញអោយមានភាពល្អប្រសើរ ដែលអាចតភ្ជាប់ពីតំបន់ប៉ូលសេដ្ឋកិច្ចនៅភ្នំពេញ ទៅតំបន់ប៉ូលសេដ្ឋកិច្ចនៅតាមច្រកព្រំដែនកម្ពុជា ជាពិសេស គឺការតភ្ជាប់ជាមួយប្រទេសថៃ និងឡាវជាដើម ខណៈឡាវជាប្រទេសក្នុងតំបន់អាស៊ានមុនគេ ដែលមានផ្លូវរថភ្លើងល្បឿនលឿន ភ្ជាប់ពីឡាវទៅកាន់ប្រទេសចិន តាមរយៈផ្លូវដែក។
លោកបណ្ឌិតបន្ថែមថា ការសម្រួលអោយមាននូវប្រព័ន្ធដឹកជញ្ជូនច្រើន ដូចជាគម្រោងផ្លូវល្បឿនលឿន ផ្លូវទឹក និងផ្លូវដែកកាន់តែល្អប្រសើរនោះ និងអាចធ្វើអោយតម្លៃដើមនៃដឹកជញ្ជូន មានតម្លៃទាប ហើយងាយស្រួលក្នុងការដោះដូរទំនិញផងដែរ។
ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីពេលកន្លងទៅ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ក្រសួងនឹងជំរុញការសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជា ដែលមានស្រាប់ឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ និងពីរាជធានីភ្នំពេញទៅប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ។
បច្ចុប្បន្ន ក្រសួងបាននឹងកំពុងជួសជុល និងថែទាំផ្លូវដែកទាំងពីរទិស ប្រវែងសរុប ៦៤៩ គីឡូម៉ែត្រ ដើម្បីធានានូវសុវត្ថិភាពក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ និងរៀបចំផែនការនាំចូល នូវមធ្យោបាយអូសទាញបន្ថែម នូវទូផ្ទុកប្រេងឥន្ធនៈ និងទូលាតផ្ទុកកុងតឺន័រ ក្បាលរថភ្លើង និងបរិក្ខារបម្រើដល់ការអូសទាញតាមផ្លូវដែក ដើម្បីធានាបាននូវបរិមាណដឹកជញ្ជូនតាមផ្លូវដែក ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព តម្លៃសមរម្យ និងទាន់ពេលវេលា ព្រមទាំងរៀបចំផែនការសាងសង់ផ្លូវចៀសចំនួន ១១កន្លែងបន្ថែមទៀត សម្រាប់ខ្សែផ្លូវដែកទាំងពីរទិស ដើម្បីសម្រួលក្នុងការផ្ទេរលើកដាក់ទំនិញ រួមមាន ផ្លូវចៀសខ្សែផ្លូវដែកភាគខាងត្បូងចំនួន៨កន្លែង និងផ្លូវចៀសខ្សែផ្លូវដែកភាគខាងជើងចំនួន៣កន្លែង។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១កន្លងទៅ ការដឹកជញ្ជូនតាមផ្លូវដែក មានការថយចុះគួរឱ្យកត់សម្គាល់ ដោយសារដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងនោះការដឹកជញ្ជូន ទំនិញថយចុះ១០.៥៥% ដែលមានចំនួនជិត១លានតោន ចំណែកបរិមាណដឹកជញ្ជូនអ្នកដំណើរ វិញមានចំនួន ៣ ៦១៤នាក់ ថយចុះ ៨៥.៥៤% បើធៀបកាលពីឆ្នាំ២០២០៕
សំរិត