ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូក្រុមហ៊ុនវិនិយោគមកពីសភាពាណិជ្ជិកម្មនិងក្រុមប្រឹក្សា ពាណិជ្ជកម្មថៃ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនវិនិយោគមកពីសភាពាណិជ្ជិកម្មនិងក្រុមប្រឹក្សាពាណិជ្ជកម្មថៃប្រមាណ៦០រូប ដឹកនាំដោយលោក SANAN ANGUBOLKUL ប្រធានសភាពាណិជ្ជកម្មនិងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ នៅទីស្តីការក្រសួង ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងចាត់ទុកដំណេីរទស្សនកិច្ចស្វែងយល់របស់ប្រតិភូថៃខាងលេី មានសារៈសំខាន់សម្រាប់ពង្រឹងទំនាក់ទំនងបន្ថែមទៀតលេីវិស័យ សេដ្ឋកិច្ច វិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មខណៈពេលដែលកម្ពុជាកំពុងបេីកដំណេីរការជាប្រក្រតីផ្នែកសង្គមសេដ្ឋកិច្ចឡេីងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ រយៈពេល៣ឆ្នាំមកនេះ ។
លោក SANAN ANGUBOLKUL ប្រធានសភាពាណិជ្ជកម្មនិងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ បានបង្ហាញនូវទឹកចិត្តរីករាយចំពោះជំនួបនាថ្ងៃនេះ និងបញ្ជាក់ថាកម្ពុជាជាប្រទេសទី១ ក្នុងដំណេីរទស្សនកិច្ចស្វែងយល់របស់ប្រតិភូថៃ ក្នុងក្របខ័ណ្ឌប្រទេស CLMV គឺកម្ពុជា ឡាវ វៀតណាម និងភូមា ។
ក្នុងឱកាសនោះដែរ លោក SANAN ក៏បានគោរពអញ្ជេីញឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អញ្ជេីញជាភ្ញៀវកិត្តិយសចូលរួមការប្រារព្វពិធីរំលឹកខួបទី៩០ឆ្នាំ នៃការបង្កេីតសភាពាណិជ្ជកម្មថៃនៅឆ្នាំក្រោយនេះ ។ លោកប្រធានបានបញ្ជាក់ថា៖បច្ចុប្បន្ន សភាពាណិជ្ជកម្ម និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ មានសមាជិកជាង១០មុឺននាក់ បានផ្តោតទៅលេីវិស័យសំខាន់ៗរួមមាន៖ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ចំណីអាហារ សេវាកម្ម និងទេសចរណ៍ ជាដេីម ។ ដោយឡែកនៅកម្ពុជា អ្នកវិនិយោគថៃកំពុងមានការបណ្តាក់ទុនជាច្រេីន ។ ក្នុងនោះក៏មានវិស័យរោងចក្រឧស្សាហកម្ម សហគ្រាសផងដែរ ដូចជា៖វិស័យសម្លៀកបំពាក់-ផលិតផលពីស្បែក -ផលិតផលកៅស៊ូ និងប្លាស្ទិក-ផលិតផលម្ហូបអាហារ-ក្រដាសនិងផលិតផលពីក្រដាស-បរិក្ខាអគ្គិសនី -យានយន្តនិងរឺម៉កសណ្តោង-លោហធាតុមូលដ្ឋាន-ផលិតផលពីអលោហៈ-គីមីនិងផលិតផលគីមី -និងរោងចក្រផលិតសុីម៉ង់ត៏ ជាដេីម ។
បន្ទាប់មកអង្គប្រជុំបានពិភាក្សាទៅលេីចំណុចលេីកឡេីងទាំងឡាយដែលជាកង្វល់ និងសំណូមពរពីខាងភាគីថៃ មានដូចជា៖ ការពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្មតាមព្រំដែន-ការប្រេីប្រាស់បច្ចេកវិទ្យាបៃតងក្នុងរោងចក្រ-ឧស្សាហកម្ម ពាណិជ្ចកម្មរ៉ែត្បូង-ភាពប្រុងប្រយ័ត្នការនាំចូលវត្ថុធាតុដេីមជាសារធាតុគីមី និងផលិតផលពីប្លាស្ទិក ដែលយេីងចាត់ទុកថាជាទំនិញគ្រោះថ្នាក់ និងខូចខាតដល់បរិស្ថាន ។
ឆ្លៀតឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអំពាវនាវឲ្យអ្នកវិនិយោគថៃ មកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រេីនថែមទៀត ពីព្រោះកម្ពុជាកំពុងមានសុខសន្តិភាពបរិបូរណ៌ មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទទួលភាពអនុគ្រោះពាណិជ្ជកម្ម ព្រមទាំងណែនាំឲ្យភាគីថៃចាប់អារម្មណ៍បណ្តាក់ទុន នៅខេត្តព្រះសីហនុ ដែលរដ្ឋាភិបាលចាត់ទុកខេត្តទាំងមូលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងខេត្តសៀមរាប ជាខេត្តដែលមានសក្តានុពលខ្លាំងផ្នែកទេសចរណ៌ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសង្កត់ធ្ងន់ និងទាញអារម្មណ៍ថា ក្នុងកំឡុងពេលនៃវិបត្តិកូវីដ-១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែបានដេីរតួរជាមេទ័ពដ៏ឆ្នេីមប្រយុទ្ធនិងរោគឆ្លងនោះទេ តែសម្តេច កាន់តែសកម្មឡេីងក្នុងការដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធពង្រីក ផ្លូវ ថ្នល់ ស្ពាន ។ ជាពិេសសនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប សម្រាប់ទទួលការវិនិយោគថ្មីៗ និងពង្រឹងវិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩ ។ ចំពោះការអញ្ចេីញឯកឧត្តមចូលរួម ក្នុងពិធីរំលឹកខួប ការបង្កើតសភាពាណិជ្ជកម្មថៃ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត រីករាយនឹងចូលរួម ពីព្រោះជាឱកាសនៃការផ្លាស់ប្តូរបទពិសិធន៍ដ៏សំខាន់ ។