ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាស៊ានបបួលគ្នាអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណី ឲ្យទៅជាកីឡាទំនើប

120

ភ្នំពេញ៖ក្នុងថានៈជាប្រធានអាស៊ានក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាចំនួន២ដើម្បីជំរុញការអភិរក្សនិងអភិវឌ្ឍន៍កីឡាប្រពៃណីក្នុងតំបន់អាស៊ានហើយប្រែក្លាយកីឡាប្រពៃណីទៅជាកីឡាទំនើបដើម្បីបញ្ចូលក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ទាំងការប្រកួតកីឡាស៊ីហ្គេម កីឡាអាស៊ី និងកីឡាអូឡាំពិកជាដើម។

សិក្ខាសាលានេះបានប្រារព្ធពិធីបើកនៅសណ្ឋាគារសុខារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០២២ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុនរដ្ឋមន្ដ្រីក្រសួង
អប់រំយុវជននិងកីឡានិងមានការចូលរួមពីតំណាងក្រសួងស្ថាប័ននៃបណ្ដាប្រទេសសមាជិកអាស៊ាន ពិសេសក៏មានការចូលរួមមតិ ពីសំណាក់តំណាងអង្គការសហប្រជាជាតិ (UNESCO)។

លោក អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា សិក្ខាសាលានេះ បែងចែកជាពីរផ្នែកទី១សិក្ខាសាលាស្ដីពីការអភិរក្សនិងអភិវឌ្ឍន៍កីឡាប្រពៃណីក្នុងតំបន់អា
ស៊ានធ្វើឡើងរយៈពេល២ថ្ងៃនៅថ្ងៃទី៨និង៩ខែសីហានិងទី២សិក្ខាសាលាស្ដីពីការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡានៅតំបន់អាស៊ាន ធ្វើឡើងរយៈពេល ២ថ្ងៃដូចគ្នា នាថ្ងៃទី១០និង១១ ខែសីហា នៅសណ្ឋាគារសុខា។

គោលបំណងធំ នៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់អត្ដសញ្ញាណអាស៊ាន តាមរយៈកីឡាប្រពៃណីទាំងអស់គ្នាដែលប្រទេសទាំងអស់ក៏ដូចជាអាស៊ានគឺមានកីឡាប្រពៃណីរៀងៗខ្លួន គ្រាន់តែមានតិច ឬច្រើន។ អ៊ីចឹង យើងទាំងអស់គ្នា រួមគ្នា ដើម្បីអភិរក្សអ្វីដែលយើងមានពីមុនមកហើយអភិរក្សវាឲ្យក្លាយជាកីឡាទំនើបដើម្បីចូលរួមព្រឹត្តិការណ៍នានា ដូចជាស៊ីហ្គេម ឬអាស៊ី ឬអូឡាំពិកជាដើម។ ក្នុងនោះដែរ កម្ពុជាយើង ឆ្នាំ២០២៣ ដែលយើងធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ក៏យើងមានគោលបំណងចង់បាន គឺការបញ្ចូលកីឡាប្រពៃណីរបស់យើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ទទួលបានការគាំទ្រពីប្រទេសអាស៊ានផងដែរ ដូចជាកីឡាគុនខ្មែរ ល្បុក្កតោ ចំបាប់ និងទូកប្រពៃណីជាដើម។

ស្របពេលក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងរៀបចំសេចក្ដីប្រកាសចំនួន ២ (ដំណើរការបានជាង ៨០%) ដើម្បីត្រៀមដាក់ឱ្យអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខតាមរយៈសិក្ខាសាលានេះកម្ពុជាក៏រំពឹងថានឹងទទួលបានធាតុចូលសំខាន់ៗបន្ថែម ពីបណ្ដាប្រទេសសមាជិក ដើម្បីធ្វើការកែសម្រួល មុនដាក់សេចក្ដីប្រកាសនេះ ឆ្លង និងអនុម័តដោយថ្នាក់ដឹកនាំប្រទេសអាស៊ាននាចុងឆ្នាំនេះក៏ដូចជាយកអ្វីដែលមានក្នុងខ្លឹមសារ នៃសេចក្ដីប្រកាស ទៅអនុវត្តក្នុងប្រទេសអាស៊ានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង