ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយសម្ព័ន្ធសង្ឃឹមបានមេដាយ ពីការប្រកួតជើងឯកអាស៊ី លើកទី៧នៅថៃ

94

ភ្នំពេញ៖កីឡាកាយសម្ព័ន្ធនឹងចេញទៅប្រកួតជើងឯកអាស៊ីឆ្នាំ២០២២ (7th AEROBIC GYMNASTICS ASIAN CHAMPIONSHIPS) នៅប្រទេសថៃ នាចុងខែនេះ។
ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី៣១សីហាដល់ថ្ងៃទី៦កញ្ញា។លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឲ្យដឹងថាក្នុងទិសដៅរបស់សហព័ន្ធត្រូវតែយកឲ្យបាននូវមេដាយណាមួយសម្រាប់ព្រឹត្តិការណ៍ខាងលើ ដើម្បីមុខមាត់ប្រទេសជាតិ បើទោះប្រទេសចូលរួមសុទ្ធតែខ្លាំងៗក៏ដោយ។ការចេញទៅប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិគឺជារឿងចាំបាច់ខ្លាំងបំផុតសម្រាប់កីឡាករកីឡាការិនីកាយសម្ព័ន្ធកម្ពុជាដើម្បីវាស់ស្ទង់សមត្ថភាពសម្រាប់កំណត់ទិសដៅក្នុងការត្រៀមខ្លួនឲ្យបានកម្រិតខ្ពស់សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

លោកបន្ដថាវាពិតជាកត្តាដ៏សំខាន់បំផុតនៃការចូលរួមប្រកួតលក្ខណៈអន្តរជាតិដូចជាជើងឯកអាស៊ីជើងឯកអាស៊ីអាគ្នេយ៍ឬក៏ជើងឯកពិភពលោកនោះ។វាជាកត្តាសំខាន់សម្រាប់
ពង្រឹងសមត្ថភាពជាពិសេសពង្រឹងនូវសមិទ្ធផលកីឡាករកីឡាការិនីយើង។យើងធ្វើយ៉ាងណាឲ្យមានការចូលរួមប្រកួតឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីស្វែងរកការអភិវឌ្ឍកម្រិតបច្ចេកទេសឆ្ពោះទៅរកគោលបំណងជាក់លាក់មួយដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។
ចាប់ពីពេលនេះទៅមុខគោលបំណងនៃការចេញទៅប្រកួតនានារបស់យើងគឺជាកត្តាដ៏សំខាន់ណាស់។ព្រោះការប្រកួតនេះនឹងធ្វើឲ្យកីឡាករកីឡាការិនីរបស់យើងមានការរីកចម្រើនទាំងកម្លាំងកាយកម្លាំងចិត្តធ្វើឲ្យរីកចម្រើនកម្រិតបច្ចេកទេសមានដូចជាគុណផលបច្ចេកទេស
របស់ពួកគាត់ ធ្វើឲ្យគាត់បន្សាំជាមួយបរិយាកាសក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជាដើម។

ទាំងនេះហើយជាកត្តាសំខាន់សម្រាប់កីឡាករកម្រិតខ្ពស់ក្នុងការប្រជែងយកមេដាយ
ជូនជាតិមាតុភូមិ។ ការចូលរួមលើកនេះទៀតសោត យើងបានដាក់គោលដៅរបស់យើងថា ត្រូវតែស្វែងរកមេដាយឲ្យបាន បើទោះជាមេដាយអ្វីក៏ដោយ មិនថា មាស ប្រាក់ ឬក៏សំរឹទ្ធនោះទេ។
លោកអគ្គលេខាធិការបានបន្ថែមទៀតថាប្រទេសដែលចូលរួមមានចំនួន១២សុទ្ធតែជាប្រទេសខ្លាំងៗប៉ុន្តែកីឡាករកីឡាការិនីកាយសម្ព័ន្ធកម្ពុជាបាននិងកំពុងប្រឹងប្រែងហ្វឹកហាត់
យ៉ាងយកចិត្តទុកដាក់ដើម្បីត្រៀមការប្រកួតមួយនេះក៏ដូចជាក្នុងការត្រៀមខ្លួនឆ្ពោះទៅស៊ី
ហ្គេម២០២៣។
ការចេញទៅប្រកួតលើកនេះមានកីឡាករកីឡាការិនីប្រតិភូនិងមន្ត្រីចូលរួមសរុប១៨
នាក់ ក្នុងនោះមានចៅក្រមអន្តរជាតិពីរនាក់ មានគ្រូបង្វឹក និងគ្រូជំនួយ៣នាក់ ហើយមានកីឡាការិនី៨នាក់ និងកីឡាករ៥នាក់។
សម្រាប់ព្រឹត្តិការណ៍ AEROBIC GYMNASTICS ASIAN CHAMPIONSHIPS សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាធ្លាប់បានចូលរួមប្រកួត២លើករួចមកហើយគឺនៅប្រទេស
វៀតណាមកាលឆ្នាំ២០១៤ និង២០១៦ ។ សម្រាប់ឆ្នាំ២០១៤ គឺធ្លាប់ឈ្នះមេដាយសំរឹទ្ធ១គ្រឿង និងឆ្នាំ២០០១៦ ឈ្នះមេដាយ ប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង