សម្តេចក្រឡាហោម ស្តីបន្ទោសអភិបាលខេត្តមណ្ឌលគិរី មិនបង្ក្រាបបទល្មើសព្រៃឈើ
ភ្នំពេញ៖ លោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តមណ្ឌលគិរី បាននិង កំពុងទទួលបានកញ្ចប់ខ្មៅក្រោមតុ ពីមេឈ្មួញ តុប វីរ៉ាដា រាប់សែនដុល្លារ ក្នុង១ខែៗ? សម្រាប់ក្នុងការ ធ្វើមិនដឹងមិនឮ? បើកដៃឲ្យមេឈ្មួញរូបនេះ ដឹកជញ្ជូនឈើ តាមអំពើចិត្ត? ដោយយកលេស ជ្រកក្រោមស្លាក ក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច មកប្រើដើម្បី កាប់ឈើក្រៅបរិវេណ ដីសម្បទាន យ៉ាងពេញបន្ទុក ដឹកជញ្ជូនចូលក្នុងក្រុមហ៊ុន រួចដឹកជញ្ជូនបន្ត ទៅលក់ស្រុកយួនយ៉ាង គគ្រឹកគគ្រេង ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្តីបន្ទោស អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង មិនបង្ក្រាបបទល្មើសព្រៃឈើ ដោយបណ្តែតបណ្តោយឲ្យក្រុមឈ្មួញឧក្រិដ្ឋជន នាំអនុផលព្រៃឈើ ទៅលក់នៅប្រទេសវៀតណាម បានខាងដោយរលូន។
សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា បទល្មើសព្រៃឈើ នៅតែបន្តកើតមាន នៅក្នុងទឹកដីខេត្តមណ្ឌលគិរី។ សកម្មភាពកាប់ឈើ ត្រូវបានក្រសួងបរិស្ថាន ថតរូបភាពពីលើអាកាស បន្ថែមលើសេចក្តីរាយការណ៍។
សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា បើសិនលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅមិនបង្ក្រាបបទល្មើសព្រៃឈើនោះទេ ប្រាកដជាមានបញ្ហាជាក់ជាមិនខាន។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជំរុញឲ្យមានការកែប្រែច្បាប់ដើម្បីការពារព្រៃឈើ។ សម្តេចបានថ្លែងថា “ផ្កាយរណបបានថតផ្តិតយករូបភាពបានទាំងអស់ អត់មានលាក់អ្វីជិតនោះទេ គឺឡាយឲ្យយើងបានឃើញតែម្តង ក្នុងការដឹកឈើចេញពីគ្រប់ទីកន្លែង ហើយតាមដឹងដូចជានៅខេត្តមណ្ឌលគិរី។ ឥឡូវសុំផ្តាំទៅអភិបាលខេត្តមណ្ឌលគិរី សុំឲ្យមើលបទល្មើសព្រៃឈើ បើមិនមើល ចៅហ្វាយខេត្តនេះក៏មានរឿងដែរ ។ មិនត្រឹមតែមើលទេ គឺត្រូវតែដោះស្រាយថែមទៀត “។
សម្តេចក្រឡាហោម បានបញ្ជាក់ថា “មានអគ្គនាយកមួយរូប ដាក់លិខិតអនុញ្ញាតស្នើមកខ្ញុំ អនុញ្ញាតឲ្យក្រុមហ៊ុនមួយប្រមូលឈើនៅបាតអាងសេសាន២ ប៉ុន្តែករណីនេះខ្ញុំមិនមានសិទ្ធិសម្រេចអ្វីនោះទេ ។ តែខ្ញុំបានប្រាប់ទៅ ហាស់ សារ៉េត ថាទៅប្រមូលបាតអាងស្អីទៀត បើឥឡូវបាតអាងមានទឹកជម្រៅជាង៧០ម៉ែត្រហើយ ហើយនៅខាងៗជម្រៅប្រមាណ៤ឬ៥ម៉ែត្រ ។ ទៅប្រមូលបាតអាងស្អីទៀត បើវាអស់ហើយ ហើយនៅប៉ុន្មានទៀតទុកឲ្យរលួយក្នុងអាងនោះទៅ ។ អារឿងសុំទៅសម្អាតបាតអាងនោះ គឺមិនមែនទៅសម្អាតបាតអាងទេ គឺវាទៅកាប់ឈើនៅខាងៗបាតអាង ដែលឈើទាំងនោះនៅឈរលើគោកឯណោះ។ អាហ្នឹងថាសម្អាតបាតអាងដែរឬ? រឿងសម្អាតបាតអាងមានមិនចេះចប់ ខណៈដែលវារីអគ្គិសនីស្ថាបនារួចរាល់ហើយ និងបានប្រើប្រាស់ទៀតហើយ នៅតែសម្អាតបាតអាងមិនចេះចប់ ។ លេងអីចឹងៗធ្វើម៉េចទៅ”។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា សម្ដេចនឹងជំរុញឲ្យបានឆាប់ការធ្វើវិសោនកម្ម ច្បាប់គ្រប់គ្រងព្រៃឈើ ដើម្បីការពារធនធានធម្មជាតិព្រៃឈើ ដែលមានផល់ប៉ះពាល់យ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ។
សម្ដេចក្រឡាហោម បានថ្លែងបែបនេះ ក្នុងពិធីកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ។
សម្ដេចក្រឡាហោម បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ច្បាប់ការពារព្រៃឈើពុំបានផ្ដល់អំណាច ដល់អាជ្ញាធរ និងសមត្ថកិច្ចដែនដី ដែលបានធ្វើឲ្យជនខិលខូចមួយចំនួន កាប់ឈើខុសច្បាប់នាំចេញជាបន្តបន្ទាប់ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិប្រទេសកម្ពុជា ។ សម្ដេចបានបញ្ជាក់បន្តថា នៅក្នុងអាណ្តិតរដ្ឋាភិបាលថ្មីនេះ សម្ដេចនឹងជំរុញការកែប្រែច្បាប់នេះ ជាចាំបាច់ ដើម្បីផ្ដល់អំណាចដល់អាជ្ញាធរដែនដី សមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ ការពារព្រៃឈើរបស់ប្រទេសកម្ពុជា ។ សម្តេចក្រឡាហោម បានបន្ថែមថា “ខ្ញុំនិយាយតាំងពីដើម តាំងពី ឯកឧត្តម ចាន់ តុងអ៊ីវ នៅជារដ្ឋលេខាធិការ ដែលទទួលបន្ទុករដ្ឋបានព្រៃឈើ ។ ខ្ញុំបានសួរថា អាច្បាប់ព្រៃឈើ បើធ្វើអីចឹង គឺអន្តរាយហើយ ដែលមិនឲ្យអំណាចមករដ្ឋបាលដែនដី និងគណៈបញ្ជាការឯកភាពខេត្តដែលមានកងកម្លាំងគ្រប់គ្រាន់ ដើម្បីដោះស្រាយទេ គឺគាត់យកអំណាចដាច់ទៅរដ្ឋបាលព្រៃឈើ ដូច្នេះគណៈបញ្ជាការឯកភាពខេត្តបានផុតដៃផុតជើង ដោយមិនអាចធ្វើអ្វីកើតនោះទេ ហើយរដ្ឋបាលព្រៃឈើក៏ធ្វើមិនបាន ទើបកើតរឿងអីចឹង។ ឥឡូវនេះ យើងនាំគាត់កែ គាត់មិនព្រមកែទៀត ។ អាណត្តិនេះ គឺត្រូវកែច្បាប់ព្រៃឈើឲ្យទាល់តែបាន ប៉ុន្តែឥឡូវនេះកែអត់ទាន់ចេញ ហើយបើទៅចាំអង្វរ និងថ្វាយបង្គំគាត់ ឲ្យព្រម គឺមិនងាយព្រមនោះទេ មិនងាយទេ ទាល់តែពេលខ្លះកាន់ព្រនង់ទៅតែម្តង គឺព្រមតែម្តង ។ រឿងនេះជាផលប្រយោជន៍ជាតិ មិនមែនផលប្រយោជន៍លោកឯងនោះទេ លោកឯងកើតមក មិនមែនយកព្រៃឈើមកទេ យើងជីវិតមួយរឿងខ្លួនទេ យើងមានកាតព្វកិច្ចការពារធនធានធម្មជាតិ ដែលមាននៅលើទឹកដីមាតុភូមិយើង”៕
សូមស្ដាប់ប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ក្នុងវិដេអូខាងក្រោមនេះ៖