ប្រជាពលរដ្ឋរស់នៅបុរីសន្តិភាព២ ដែលតវ៉ាស្នើសុំមកនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលខណ្ឌដង្កោ អាជ្ញាធរខណ្ឌទាំងពីរសុំអោយមានភាពស្ងប់ស្ងាត់ ទុកអោយរដ្ឋបាលរាជធានីសម្រេច
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅបុរីសន្តិភាព២ ខណ្ឌពោធិ៍សែនជ័យ បានធ្វើការតវ៉ាស្នើសុំមករស់នៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលខណ្ឌដង្កោវិញ ហើយក្រោយការតវ៉ានេះនិងក្រោយពីមានការសម្របសម្រួល អាជ្ញាធរខណ្ឌទាំងពីរ បានសុំអោយប្រជាពលរដ្ឋមានភាពស្ងប់ស្ងាត់ ដោយទុកអោយរដ្ឋបាលរាជធានីភ្នំពេញ ពិសេសលោកឃួង ស្រេងអភិបាលរាជធានីជាអ្នកសម្រេច។
មន្ត្រីដែលបានចុះសម្របដម្រួលលើការងារនេះបានអោយដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និងលោក ហែម ដារិទ្ធអភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខណ្ឌទាំងពីរ ចុះសម្របសម្រួល និងដោះស្រាយបញ្ហាការតវ៉ារបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរីសន្តិភាព២ ដែលបានតវ៉ាស្នើសុំមកនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលខណ្ឌដង្កោវិញដោយមូលហេតុប្រជាពលរដ្ឋលើកឡើងថា នៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌពោធិ៏សែនជ័យ៖ សព្វថ្ងៃមានចោរចូលគាស់ផ្ទះច្រើនទាំងយប់ទាំងថ្ងៃមានគ្រឿងញៀនច្រើន មានល្បែងសុីសងខុសច្បាប់ ជាដើម។
ក្រោយពីទទួលបាននូវការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋខាងលើ រដ្ឋបាលខណ្ឌទាំងពីរ បានស្នើសុំអោយបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ ហើយទុកលទ្ធភាពជូនសមត្ថកិច្ចរដ្ឋបាលខណ្ឌពោធិ៏សែនជ័យ ដាក់កម្លាំងបន្ថែមដើម្បីបង្ក្រាបបទល្មើសដែលប្រជាពលរដ្ឋលើកឡើងខាងលើអោយបានល្អ។
រដ្ឋបាលខណ្ឌទាំងពីរ នឹងធ្វើរបាយការណ៏ជូនទៅ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច៕