ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែសីហានេះកម្ពុជានឹងបញ្ជូន១២ប្រភេទ កីឡា ទៅហាត់រយៈពេលយូរនៅស្រុកចិន

168

ភ្នំពេញ៖តាមការគ្រោងទុកនៅក្នុងខែសីហានេះកម្ពុជានឹងបញ្ជូនកីឡាចំនួន១២ប្រភេទ
របស់កម្ពុជា នឹងចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេលយូរ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

តាមរយៈការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ឆ្នាំ២០២៣(CAMSOC)ការចាកចេញរបស់ក្រុមអត្តពលិកកម្ពុជាទាំង១២ប្រភេទកីឡា ដែលមានចំនួនស្មើនឹង ១៦១នាក់ គឺនៅក្នុងខែសីហា ឆ្នាំ២០២២ នេះតទៅ ក្រោមជំនួយឥតសំណងពីសំណាក់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនលើការហ្វឹកហាត់
របស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា។ដែលដើមឡើយគម្រោងនេះគ្រោងចាប់ផ្ដើម
កាលពីឆ្នាំ២០២១ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ទើបត្រូវបានពន្យារពេល។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថាឥឡូវនេះ តាមកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹង រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនគឺបានដល់ពេលត្រូវអនុវត្តនូវកិច្ចព្រមព្រៀងទាំងអស់នោះហើយ។ ដោយស្ថានភាពនៅប្រទេសចិនមានការធូរស្រាលក្នុងការទទួលយកនូវកីឡាករ-កីឡាការិនី យើងចំនួន ១៦១នាក់ ដែលត្រូវទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន ពីឥឡូវរហូតទៅដល់ស៊ីហ្គេម។

ពេលនេះកីឡាទាំង១២ប្រភេទយើងបានរៀបចំអស់ហើយ។យើងកំពុងតែរៀបចំធ្វើទិដ្ឋាការឲ្យហើយដើម្បីបញ្ជូនទៅហើយនឹងថ្នាក់ដឹកនាំបានបញ្ចូនគោលការណ៍ទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ហើយដើម្បីទទួលបាននូវគោលការណ៍និងរៀបចំដំណើរចេញទៅក្នុងពេលឆាប់ៗខាងមុខនេះ។
កីឡាសរុបទាំង ១២ប្រភេទរួមមាន កាយសម្ព័ន្ធ, យូដូ, វូស៊ូ,បាល់បោះ,វាយកូនឃ្លីលើតុ, អត្តពលកម្ម, ចំបាប់, វាយសី, ហែលទឹក, លើកទម្ងន់, បាល់ទាត់ (នារី) និងបាល់ទះ។
ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍បន្ថែមថាពេលនេះយើងធ្វើយ៉ាងណាបង្រួម
ពេលវេលាឲ្យបានឆាប់ដើម្បីធ្វើឲ្យការអភិវឌ្ឍគុណផលកីឡាទទួលបានក៏ឆាប់ដែរ។ពេលវេលាយើងខ្លីក្នុងការហ្វឹកហាត់ក៏ប៉ុន្តែយើងនៅតែមើលឃើញនូវការរៀបចំរបស់យើងជម្រុញការរៀបចំឲ្យទាន់ពេលវេលា។
សម្រាប់ការរៀបចំទៅហ្វឹកហាត់នៅក្រៅប្រទេសគឺមិនមែននៅតែចិនទេប៉ុន្តែទៅចិនពេលនេះគឺទ្រង់ទ្រាយធំ។មនុស្សច្រើនហើយច្រើនវិញ្ញាសាច្រើនប្រភេទកីឡាមានទាំងប្រភេទកីឡាជាក្រុមមានទាំងប្រភេទកីឡាឯកត្តជនផងដែរ។អ៊ីចឹងយើងត្រូវតែយកចិត្តទុកដាក់លើការថែទាំ លើការថែរក្សា។

ឯកឧត្តមអគ្គលេខាធិការក៏បានថ្លែងអំណរគុណដល់ភាគីរដ្ឋអំណាចកីឡាចិនក៏ដូចជា
គណៈកម្មាធិការជាតិអូឡាំពិកចិននិងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនដែលបាន
ទទួលយក និងជួយឧបត្ថម្ភគាំទ្រដល់ការហ្វឹកហាត់នេះទាំងស្រុង ទាំងសំបុត្រយន្ដហោះ ទាំងការស្នាក់នៅហូបចុក ទាំងការព្យាបាល ទាំងការថែទាំសុខភាពជំងឺកូវីដជាដើម។ នេះជាកាយវិការមួយដ៏ប្រពៃណាស់សម្រាប់ជួយដល់ព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ត្រស៊ីហ្គេម ២០២៣ របស់យើង៕

អត្ថបទដែលជាប់ទាក់ទង