ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ព្រមាន ផាកពិន័យ និងណែនាំ ចំពោះលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាលម្លិះដង្កោ

119

ឯកឧត្តមម៉ម ប៊ុនហង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតជម្រាបមក លោកវជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្ហោស្តីពីការព្រមាន ផាកពិន័យ និងណែនាំចំពោះលោកវេជ្ជបណ្ឌិត ស៊ីម វ៉ន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្កោ ដោយរបាយការណ៍ប្រជុំ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសុខាភិបាល និងសេចក្តីសម្រេចលេខ ២០៨/២១ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការបើកមន្ទីរពហុព្យាបាលម្លិះដង្កោ។

ក្រសួងសុខាភិបាល សូមជម្រាបជូនលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្កោ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨៣ ផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជ្រាបថា រយៈកាលកន្លមក ក្រសួងសុខាភិបាលបានសង្កេតឃើញថា មន្ទីរពហុព្យាបាល ម្លិះដង្កោ តែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវយកមក ព្យាបាលនៅកន្លែងមន្ទីរពហុព្យាបាល ម្លិះដង្កោ របស់ខ្លួនខុសច្បាប់ ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងបានធ្វើ សេចក្ដីណែនាំទៅគ្រប់គ្លីនិកឯកជនទាំងអស់ មិនអនុញ្ញាតឱ្យយករថយន្តគិលានសង្គ្រោះ ឯកជនរបស់ខ្លួនចេញទៅ ដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិកឯកជនរបស់ខ្លួនជាដាច់ខាត។

ដូចនេះ ក្រសួងសុខាភិបាលសូមធ្វើការព្រមាន ផាកពិន័យ និងណែនាំចំពោះលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ដូចខាងក្រោមនេះ ៖

1. ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការយករថយន្តគិលានសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនចាប់ពីថៃ្ងណែនាំនេះតទៅ។
2.ត្រូវផាកពិន័យអន្តរការជាប្រាក់ចំនួន ១០ ០០០ ០០០ ៛ (ដប់លានរៀល) ចំពោះកំហុសឆ្គងដែលមាន។

3. ត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាម ច្បាប់ អនុក្រឹត្យ ប្រកាស និងសារាចរណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល។

4. ត្រូវគោរពទៅតាមកិច្ចសន្យារបស់ខ្លួន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដែលបានសន្យាជាមួយក្រសួងសុខាភិបាល។

5. ក្នុងករណីដែលលោកវេជ្ជបណ្ឌិត ស៊ឹម វន់ មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទេនោះ ក្រសួងនឹងមាន វិធានការបិទមន្ទីរពហុព្យាបាល ខ្លះដង្កោ ដោយមិនអនុញ្ញាតឱ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺតទៅទៀតឡើយ។

ទទួលបាននូវការព្រមាន និងការណែនាំខាងលើនេះ សូមលោកវេជ្ជបណ្ឌិត ស៊ីមវ៉ន់ អនុវត្តឱ្យបានល្អប្រសើរដោយ ស្មារតីទទួលខុសត្រូវខ្ពស់បំផុតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ចំណែកលោកឈឿន ប៊ុនឆន បានសរសេរសារលើផេកហ្វេសប៊ុកផ្លូវថា នៅទីបំផុតយុត្តិធម៌ចំពោះគ្រួសារប្រជាជនក្រីក្រគឺកើតមាន ។
មិនមែនរឿងយកឈ្នះឬចាញ់ឡើយ ប៉ុន្តែអ្នកបង្កើតទង្វើខុសត្រូវតែទទួលខុសត្រូវ ។ ហើយខ្ញុំក៏សូមលើកដៃអង្វរសុំមន្ទីរព្យាបាលឯកជនទាំងឡាយផ្សេងៗ ប្តូរឥរិយាបទនិងសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផង ។ ប្រជាជន រួមទាំងខ្ញុំផង ពេលឈឺគឺគ្មានអ្វីពឹងពរក្រៅពីគ្រូពេទ្យ និងមន្ទីរពេទ្យនេះហើយ ចុះបើពេទ្យនាំគ្នាបង្កើតសកម្មភាពទុច្ចរិត ពួកខ្ញុំសង្ឃឹមអ្វី??

មានពេទ្យច្រើនណាស់លះបង់ដើម្បីសង្គមជាតិ និងប្រជាជន ប៉ុន្តែក៏មានពេទ្យចង្រៃៗខ្លះដែរដែលទាញឱ្យត្រីមួយស្អុយសោះនាំត្រីស្អុយទាំងពាំង ។ ដោយឡែកក្រសួងសុខាភិបាលនេះហើយជាអ្នកឃុំគ្រងអភិបាលកិច្ចកែតំរង់ផ្លូវឱ្យមន្ទីរពេទ្យទាំងឡាយរត់ត្រង់ផ្លូវ ។

ខ្មែររួបរួមខ្មែរខ្លាំង! ទាំងខ្ញុំទាំងគេ គ្មានចង់សោះឡើយហោះទៅព្យាបាលនៅបរទេស ។ ខ្ញុំសុខចិត្តឱ្យអ្នកស្អប់ខ្ញុំ តែខ្ញុំមិនព្រមបើកភ្នែកឃើញហើយឮហើយ តែធ្វើជាគជាខ្វាក់ឡើយ ។

សូមរំលឹកថា ខ្ញុំបានបង់ប្រាក់គ្រប់ចំនួន ៤២០ ដុល្លារ ប៉ុន្តែខាងមន្ទីរពហុព្យាបាលមិនអនុញ្ញាតិឱ្យដឹកកុមារនោះទៅពេទ្យគន្ធបុប្ផាឡើយ ដោយពួកគាត់ទាមទារឱ្យខ្ញុំលុបអ្វីបានផូសពីហ្វេសបុក ។ ខ្ញុំបានសុំការជួយពីនគរបាលខណ្ឌដង្កោ លោកអធិការបានចុះទៅផ្ទាល់គ្នាទាំងហ្វូង ទីបំផុតគាត់ព្រមដឹកយកទៅពេទ្យគន្ធបុប្ផា ។

បុគ្គលិកខ្ញុំផ្ញើវីដេអូមក ឃើញក្មេងប្រុសនោះទ្រហ៊ោយំជាខ្លាំងព្រោះតែការឈឺក្បាលហូរឈាមតាមត្រចៀក ដោយសារក្បាលគាត់បែកលលាដ៍ តាមការសន្និដ្ឋានបឋម ក្មេងនោះសង្ឃឹមតិចណាស់ ដោយសារការជួយសង្គ្រោះចង់យឺតពេលទៅហើយ ។

នេះឬចិត្តពេទ្យ?????? នេះឬមនុស្សមានសិទ្ធិបើកមន្ទីរព្យាបាល?????????ស្ថានភាពជម្ងឺស្ថិតនៅគ្រោះថ្នាក់នៅឡើយ
ដោយសារការសង្គ្រោះបឋមមានភាពយឺតយ៉ាវ ។ ឈាមកកក្នុងខួរក្បាល បែកលលាក៍ក្រោយ បែកឆ្អឹងក បាក់ដៃ ខ្ទាំសួតខ្លាំង និងមានឈាមហូរតាមត្រចៀក ។

មន្ទីរពហុព្យាបាល ម្លិះដង្កោ ត្រូវតែទទួលខុសត្រូវភាពអសីលធម៌របស់ខ្លួន ។ តាមរយៈមើល Comments មន្ទីរព្យាបាលមួយនេះមានបញ្ហាច្រើនលើកច្រើនសារមកហើយ ចុះហេតុអ្វីនៅដំណើរការបានយ៉ាងរលូន នៅផ្តល់ឱ្យពួកគេបង្កើតភាពឈឺចាប់ដល់ប្រជាជនបន្តទៀត?

ដល់រឿងខ្ញុំវិញ ខាងមន្ទីរពហុព្យាបាលបានខិតខំផ្សាយលាងគូថថាអត់ប្រឡាក់លាមកនោះទេ ហើយបញ្ជាឱ្យខ្ញុំលុបអ្វីៗបានបង្ហោះចេញ ។ ទៅមិនរួចទេ… ខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វី! ខ្ញុំនឹងរចាំទទួលខុសត្រូវគ្រប់បែបគ្រប់យ៉ាងប្រសិនការបង្ហោះរបស់ខ្ញុំខុសច្បាប់ឬខុសក្រមសីលធម៌ឬខុសពីការពិត។ល។

ឳពុកក្មេងរងគ្រោះជិះម៉ូតូទាំងយប់ពីឃុំទឹកថ្លា ខេត្តព្រៃវែងទាំងខ្លួនគេគ្មានប្រាក់សូម្បី ១០០០០ រៀល ។ ខ្ញុំបានជូនទៅមន្ទីរពហុព្យាបាល ២០០ ដុល្លារនិងសុំបញ្ជូនក្មេងនោះទៅពេទ្យគន្ធបុប្ផាទាំងម្តាយគេសំពះអង្វរទៀត តែអស់លោកលោកស្រីមិនព្រមឡើយ ។ អស់លោកគិតមើល តើអស់លោកបានធ្វើអ្វីខ្លះបានជាអស់លោកទារសេវាពីគ្រួសារគ្នារហូត ៤២០ ដុល្លារ តើមន្ទីរពេទ្យរបស់អស់លោក ជាស្តង់ដាពេទ្យសង្ហបុរីមែនទេ???? តែដោយសារឃើញក្មេងឈឺទ្រហ៊ោយំនិងភ័យខ្លាចជួយសង្គ្រោះលែងបាន ខ្ញុំសុខចិត្តបង់គ្រប់ ៤២០ ដុល្លារ បែរជាអស់លោកមិនព្រមឱ្យចេញទៀត ទាមទារឱ្យខ្ញុំលុបការបង្ហោះក្នុងហ្វេសបុកជាមុនសិន ។ នេះឬសីលធម៌? នេះឬគុណធម៌? ប៉ូលីសទាំងហ្វូងមានទាំងអធិការស្តីទីដឹកនាំចុះផ្ទាល់ ទើបអស់លោកយល់ព្រមបញ្ជូន តើអស់លោកមានចេតនាអ្វី? អាយុជីវិតណា…អស់លោក ។

ខ្ញុំសង្ឃឹមថា ករណីនេះនឹងមានយុត្តិធម៌ដល់ក្មេងរងគ្រោះ និងគ្រួសាររងគ្រោះ ពិសេសមានយុត្តិធម៌សង្គមមួយ ដែលនឹងជាគំរូមួយដល់មន្ទីរព្យាបាលឯកជននានានៅទូទាំងប្រទេស ។ ប្រជាជនខ្មែររងចាំយុត្តិធម៌មួយនេះ តែបើខ្ញុំជាអ្នកខុស ខ្ញុំសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង