ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CDC អនុម័តគម្រោងវិនិយោគថ្មី៣ទីតាំងបន្ថែម ក្នុងទុនវិនិយោគប្រមាណ១៥លានដុល្លារ

63

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តគម្រោង វិនិយោគថ្មីចំនួន៣បន្ថែមទៀត ក្នុងទុនវិនិយោគប្រមាណ១៥លានដុល្លារ ជាមួយនិងការងារប្រមាណ៣ពាន់កន្លែង។

តាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា ៖ តាមសំណើសុំវិនិយោគរបស់ ក្រុមហ៊ុនខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១០២៤ កន្លែង។

២. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ HONG YU FANG GARMENT CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១០២៩កន្លែង។

៣. គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទ SHUN WEI FANG ZHI KE JI CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៦កន្លែង។
សូមបញ្ជាក់ថា៖ កាលពីពេលថ្មីៗនេះ ឯកឧត្ដម សុខ ចិន្តាសោភា ក៏បានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជន បន្តស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងជាច្រើនដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានចាប់ពីដើមឆ្នាំ ២០២២នេះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង