ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៧ខែឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករមានជិត ៩ពាន់ប៊ីលានរៀល

79

 

ភ្នំពេញ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ។
៧ខែឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករមានជិត ៩ពាំន់ប៊ីលានរៀល ដែលស្មើនឹងជាង ២ពាន់លានដុល្លារ កើនឡើងប្រមាណ ៥០០លានដុល្លារ ស្មើនឹង២៨%នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។

លោកបានបញ្ជាក់ថា ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករមាន ប្រមាណជា ២ពាន់លានដុល្លារ ស្មើនឹង ៧៨.៣៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ២០២១ ឃើញថាកើនឡើងប្រមាណ ៥០០ លានដុល្លារ ស្មើនឹង ២៨.៦២%។

បើតាមការបញ្ជាក់របស់ឯកឧត្តម ទោះបីជាមានហានិភ័យ ដែលបណ្តាលពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល រលកនៃការរីករាលដាល និងបំប្លែងឥតឈប់ឈរនៃមេរោគកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងសន្តិសុខសកល ដែលបានជះឥទ្ធិពលមកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា យ៉ាងណាក្តី ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងរយៈពេល ៧ខែ ឆ្នាំ២០២២ នេះនៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ គឺតែងតែសម្រេចបានគ្រប់ និងលើសផែនការកំណត់ក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកា សម្រាប់ការចំណាយនានារបស់រដ្ឋាភិបាល ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

គួរបញ្ជាក់ថា បើមើលពីប្រភពចំណូលប្រភេទពន្ធសំខាន់ៗ ក្នុងឆមាសទី១ឆ្នាំ ២០២២នេះ បានរក្សាកំណើនក្នុងរង្វង់ ២៥% ទៅ ៤៤% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូលកើនឡើង ២៧% អាករលើតម្លៃបន្ថែមកើន ៣៣% ពន្ធលើប្រាក់បៀវត្សកើន ២៥% អាករពិសេសកើន ៣៤% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យកើន ៤៤%។
គួររម្លឹកថា សម្រាប់ឆ្នាំ ២០២១កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ សម្រេចនូវការប្រមូលចំណូលពន្ធសរុប ២ពាន់ ៧រយលានដុល្លារអាមេរិក ដែលស្មើនឹង ១២៤% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២១៕ សំរិត

អត្ថបទដែលជាប់ទាក់ទង