ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆមាសទី១ឆ្នាំ២០២២នេះ អង្គភាព ច្រកចេញចូលតែមួយរដ្ឋបាលរាជធានី រកចំណូលបានជាង១៥លានដុល្លារពីការផ្ដល់សេវាជូនពលរដ្ឋ

87

 

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ឆមាសទី១ឆ្នាំ ២០២២នេះ អង្គភាព ច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញបានរកចំណូលពីការផ្ដល់សេវាជូនប្រជាពលរដ្ឋបានថវិកាប្រមាណជាង១៥លានដុល្លារ
សហរដ្ឋអាមេរិក បើទោះបីស្ថិតក្នុងដំណាក់ការនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ។
នេះបើតាមការបញ្ជាក់ពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ ខែសីហាឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោកប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ និងលោកឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក នៅសាលារាជធានីភ្នំពេញ ។

លោកហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងឆ្នាំ២០១៤រហូតដល់ឆ្នាំ២០១៦កន្លងទៅនេះ រដ្ឋបាលរាជធានីខេត្តបានរួមគ្នាបង្កើតការិយាល័យច្រកចេញចូលតែមួយ នៅថ្នាក់ខណ្ឌ និងការិយាល័យប្រជាពលរដ្ឋ ហើយនៅឆ្នាំ២០១៧ រដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃបានបង្កើតឲ្យមានច្រកចេញចូលតែមួយខណ្ឌ ការិយាល័យប្រជាពលរដ្ឋនៅគ្រប់កម្រិត នៅថ្នាក់រាជធានី ខេត្ត និងបានបន្ត បង្កើតច្រក ចេញចូលតែមួយនៅតាមឃុំ សង្កាត់ថែមទៀត ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែកៀកកិតនិងល្អប្រសើរ។

លោកបានបន្តទៀតថា នៅឆ្នាំ២០២១កន្លងទៅនេះប្រទេសកម្ពុជា ក៏ដូចជានៅរាជធានីភ្នំពេញ បានជួបនូវជម្ងឺរាតត្បាតកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី
ការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅតែបន្តកើនឡើងជាលំដាប់ ក្នុងនោះគិតពីថ្ងៃទី២៦កក្កដា ឆ្នាំ២០១៨
រហូតដល់ឆមាសទីមួយនៃឆ្នាំ២០២២ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួន១៨៥៤៨២សេវា និងបានថវិកាមកពីការផ្ដល់សេវានេះចំនួន៦១ប៊ីលាន៩៣លានរៀលឬស្មើនឹងជាង១៥លានដុល្លារអាមេរិក។
លោកបន្តថា ការផ្ដល់សេវាតាមរយៈច្រកចេញចូលតែមួយ គឺពិតជាបានផ្ដល់ភាពងាយស្រួលដល់ប្អូនបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវា បានឆាប់រហ័ស មានទំនុកចិត្ត និងគ្មានអំពើពុករលួយដោយសារតែ ថវិកាដែលទទួលបានពីការប្រើប្រាស់សេវានេះ គឺបានកំណត់ដោយថ្នាក់ជាតិ។
លោកប្រាក់ សំអឿន បានមានប្រសាសន៍បញ្ជាក់ផងដែរថា ៖ ការបង្កើតឲ្យមានវិធីប្រជុំផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីធានាការអនុវត្តមុខងារដែលបានប្រតិភូកម្ម មកថ្នាក់ក្រោមជាតិប្រកបទៅដោយប្រសិទ្ធភាព មានជំនឿទុកចិត្ត និងដើម្បីចែករំលែកបទពិសោធន៍ បញ្ហាប្រឈមនានា សំណើសំនូមពរ រួមគ្នាដោះស្រាយ ពិសេសទៅលើវិស័យសាធារណការ។
លោកប្រាក់ សំអឿន បន្តថា ការបង្កើតឲ្យមានយន្តការច្រកចេញចូលតែមួយនេះ រាជរដ្ឋាភិបាលបង្កើតឡើងមិនត្រឹមតែនៅថ្នាក់រាជធានី ខេត្តស្រុក ខណ្ឌ ឃុំសង្កាត់ប៉ុណ្ណឹងទេ តែនៅបានបង្កើតអោយមានយន្តការនេះ នៅតាមបណ្ដាលផ្សារទំនើបនានានៅក្នុងរាជធានីភ្នំពេញថែមទៀតផង។

លោក ប្រាក់ សំអឿន បានស្នើប្រធានច្រកនិងមន្ត្រីពាក់ព័ន្ធខិតខំកែលំអរ មុខងាររបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនេះ កាន់តែល្អប្រសើរ សមស្របទៅនឹងការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលទី៤នេះ៕

អត្ថបទដែលជាប់ទាក់ទង