ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារអំពាវនាវ ដល់កម្មករក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេមបូឌា) ដែលថៅកែរត់ចោល ត្រៀមឯកសារពាក់ព័ន្ធដើម្បីមកបើកប្រាក់ឈ្នួលនាពេលខាងមុខ

34

 

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានជូនដំណឹងដល់កម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល ដែលថៅកែរត់ចោលមិនបើកប្រាក់ឈ្នួលជូននោះ សូមត្រៀមឯកសារពាក់ព័ន្ធមួយចំនួន និងសូមរង់ចាំការជូនដំណឹងឱ្យមកបើកប្រាក់ឈ្នួលនាពេលខាងមុខឆាប់ៗនេះ។

ឯកសារដែលត្រូវត្រៀមនោះ ទី១. បណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងទី២. បណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។

គួរជម្រាបថា កម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល ដែលថៅកែរត់ចោលមិនបើកប្រាក់ឈ្នួលជូននោះមានចំនួនប្រមាណ៤០០នាក់។ ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ មូលហេតុដែលរោងចក្រមិនបើកប្រាក់ឈ្នួលជូនកម្មករយ៉ាងដូច្នេះ គឺដោយសារក្រុមហ៊ុនក្ស័យធន ហើយថៅកែរត់ចោលកម្មករ។

បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារដោះស្រាយបញ្ហានិងបើកប្រាក់ឈ្នួលជូនកម្មករឱ្យបានគ្រប់គ្នា ដោយខ្ចីថវិកាពីរាជរដ្ឋាភិបាលដើម្បីយកទៅបើកប្រាក់ឈ្នួលជូនកម្មករជាមុនសិន សឹមចាត់វិធានការដោះស្រាយជាមួយថៅកែរោងចក្រតាមក្រោយ។

យោងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខាងលើ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានជូនដំណឹងដល់កម្មករនិយោជិតថា ក្រសួងនឹងរៀបចំការទូទាត់បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករនិយោជិតចំនួន៣ចំណុច ដោយប្រើថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល ក្នុងនោះមានប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩។

ក្រសួងការងារបានអំពាវនាវដល់កម្មករនិយោជិតរង់ចាំការជូនដំណឹងបន្ថែមអំពីការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗពីអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា នាពេលឆាប់ៗខាងមុខនេះ។

ក្រសួងការងារលើកឡើងនូវជម្រើសល្អមួយ ក្នុងកំឡុងពេលនៃការរង់ចាំការជូនដំណឹងបន្ថែមនេះ សូមកម្មករនិយោជិតដាក់ពាក្យស្វែងរកការងារធ្វើ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីរក្សាស្ថិរភាពនៃប្រាក់ចំណូល។

ទាក់ទងទៅនឹងបញ្ហាកម្មករដែលមានការតវ៉ាកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនបោះបង់ចោលរឿងការទាមទាររបស់កម្មករ ឬសហជីព ដែលទាមទារនូវភាពត្រឹមត្រូវនោះទេ។ សម្តេចតេជោ ក៏បានណែនាំឱ្យក្រសួងការងារខិតខំប្រឹងប្រែងដោះស្រាយលើវិវាទការងារជាមួយកម្មករតាមបណ្តារោងចក្រនានា។ សម្តេចតេជោបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រមួយ ដោយយកថវិកាជាតិ ទូទាត់ប្រាក់បំណាច់ការងារនោះអោយបានឆាប់៕

អត្ថបទដែលជាប់ទាក់ទង