បណ្ដុះបណ្ដាលសមត្ថភាព អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ជាង១ពាន់នាក់ នៅខេត្តសៀមរាប
សៀមរាប៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានគាំទ្រវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកបម្រើការក្នុងវិស័យទេសចរណ៍សរុបជាង១ពាន់នាក់នៅខេត្តសៀមរាប រួមមាន ទីភ្នាក់ងារទេសចរណ៍ ការីទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ គ្រូបង្គោល ក៏ដូចជាអ្នកបម្រើការក្នុងវិស័យទេសចរណ៍ផ្សេងទៀត។
បើតាមលោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) កម្មវិធីបណ្ដុះបណ្ដាលនេះគឺធ្វើឡើងដើម្បីពង្រឹងជំនាញដែលមានស្រាប់ទៅដល់ទីភ្នាក់ងារទេសចរណ៍ ការីទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក៏ដូចជាអ្នកបម្រើការក្នុងវិស័យទេសចរណ៍ផ្សេងទៀតដែលមានចំនួនសរុប១,០៧៥នាក់ រួមមាន បុគ្គលិកបម្រើការផ្នែកសណ្ឋាគារ និងភោជនីយដ្ឋានចំនួន៧០០នាក់ ទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ចំនួន១៧៥នាក់ មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០០នាក់ ព្រមទាំងគ្រូបង្គោល (Training the trainer) ចំនួន៤៩នាក់ទៀតផងដែរ។ ការបណ្ដុះបណ្ដាលនេះនឹងចាប់អនុវត្តចាប់ពីថ្ងៃទី២២ ខែសីហា ដល់ខែតុលា ឆ្នាំ២០២២។
លោកស្រីប្រធាន CATA បានបន្តទៀតថា ក្នុងការបណ្ដុះបណ្ដាលនេះមានការបែងចែកវគ្គៗ។ ទី១.វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលពង្រឹងជំនាញដែលមានស្រាប់សម្រាប់ទីភ្នាក់ងារទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងបដិសណ្ឋារកិច្ចដែលមានចំនួន៤៩នាក់។ ទី២.វគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចពង្រឹងជំនាញបដិសណ្ឋារកិច្ចពង្រឹងជំនាញដែលមានស្រាប់ ដែលមានសិក្ខាកាមចំនួន៧០០នាក់ ក្នុងនោះមាន៨ផ្នែក ដូចជា ផ្នែកការិយាល័យជួរមុខ ផ្នែកគេហកិច្ច ផ្នែកម្ហូបអាហារនិងភេជ្ជសៈ ផ្នែកចង្ក្រាននិងចុងភៅ ផ្នែកគ្រប់គ្រងធនធានមនុស្ស ផ្នែកទីផ្សារនិងឌីជីថល ផ្នែកម៉ាស្សានិងស្ប៉ា និងផ្នែកវិស្វកម្ម (ជាងជួសជុលប្រព័ន្ធភ្លើង ជាងជួសជុលប្រព័ន្ធទឹក ជាងម៉ាស៉ីនត្រជាក់ជាដើម)។ ផ្នែកបដិសណ្ឋារកិច្ចនេះដែរ ក៏មានការចែកចេញជា២វគ្គទៀត ក្នុងការ១វគ្គមាន២ថ្នាក់ ហើយក្នុង១ថ្នាក់មានសិក្ខាកាម២៥នាក់ និងរយៈពេល៨០ម៉ោង។ ទី៣.វគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានសិក្ខាកាមចំនួន២០០នាក់ ចែកចេញជា៨វគ្គទទួលការបណ្ដុះបណ្ដាលចំនួន៥ថ្ងៃ ក្នុង១ថ្នាក់មានសិក្ខាកាម២៥នាក់។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការគាំទ្រចំពោះវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកបម្រើការក្នុងវិស័យទេសចរណ៍សរុបជាង១ពាន់នាក់នៅខេត្តសៀមរាបនេះ ដោយលោកកោតសរសើរថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើការជំរុញអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅថ្ងៃនេះ គឺជាជំហានថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ ជាពិសេសតួនាទីដ៏មានតម្លៃរបស់ផ្នែកឯកជនក្នុងការចូលរួមសម្រេចនូវផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រមទាំងចូលរួមសម្រេចផែនការស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍ក្នុងនិងក្រោយដំណាក់កាលជំងឺកូវីដ-១៩។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា នៅក្នុងដំណាក់កាលនៃការស្តារវិស័យទេសចរណ៍នេះ ការស្តារឡើងវិញនូវសមត្ថភាពជំនាញ និងសតិអារម្មណ៍របស់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ គឺជាកត្តាចាំបាច់ ដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ និងមានផែនការច្បាស់លាស់នៅក្នុងការរៀបចំធនធានមនុស្សក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនឱ្យមានលក្ខណៈសមស្របទាំងបរិមាណ និងគុណភាព។ និយាយដល់គុណភាព គឺពិតណាស់ថាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ការបណ្តុះបណ្តាលជំនាញថ្មី និងការអភិវឌ្ឍសមត្ថភាពអ្នកជំនាញបន្ថែម ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ និងវិជ្ជាជីវៈខ្ពស់ក្នុងការផ្តល់សេវាកម្មដល់ទេសចរកាន់តែប្រសើរ និងប្រកបដោយភាពពេញចិត្តដល់ភ្ញៀវដែលធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា វិស័យទេសចរណ៍ គឺជាវិស័យដែលមានតម្រូវការអ្នកជំនាញច្រើន (Intensive Skilled Labor Sector) ដែលចំាបាច់ត្រូវមានការចូលរួមទាំងផ្នែករដ្ឋ និងឯកជន ជាពិសេសការចូលរួមរបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញ និងភាគីពាក់ព័ន្ធដែលជាអ្នកផ្ដល់ការបណ្តុះបណ្តាលជំនាញ ដើម្បីសហការជំរុញការបណ្តុះបណ្តាលឱ្យឆ្លើយតបទៅនឹងតម្រូវការអ្នកជំនាញក្នុងវិស័យទេសចរណ៍។
លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកបម្រើការក្នុងវិស័យទេសចរណ៍នេះ គឺជាសកម្មភាពបំពេញបន្ថែមមួយនៅក្នុងសកម្មភាពជំរុញការអភិវឌ្ឍ និងស្តារជំនាញទេសចរណ៍និយាយដោយឡែក និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍និយាយជារួម។
គួរជម្រាបថា បើតាមលោកស្រី ឆាយ ស៉ីវលីន នៅក្នុងកម្មវិធីបណ្ដុះបណ្ដាលពង្រឹងជំនាញដែលមានស្រាប់នេះដែរ សិក្ខាកាមទាំងអស់ក៏បានទទួលនូវថវិកាខ្លះដែលជាជំនួយពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីដោះស្រាយការធ្វើដំណើរ ក្នុងនោះផ្នែកបដិសណ្ឋារកិច្ច ក្នុងសិក្ខាកាមម្នាក់ទទួលបាន៦០ម៉ឺនរៀល ផ្នែកទីភ្នាក់ងារទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងសិក្ខាកាមម្នាក់ទទួលបាន២៤ម៉ឺនរៀល៕