ស្រួង ភាវី៖រំភើបដែលមានឈ្មោះ ជាបេក្ខភាពសម្រាប់ ស៊ីហ្គេមឆ្នាំ២០២៣
ភ្នំពេញ៖កីឡាការិនីកីឡាស្នូកឃ័រការ៉ុមដែលជាម្ចាស់ជ័យលាភីអន្តរជាតិជាច្រើនព្រឹត្តិការណ៍បានបង្ហាញក្តីរីករាយបន្ទាប់ពីបានទទួលដំណឹងថានាងជាបេក្ខភាពមួយរូបសម្រាប់ កីឡាស្នូកឃ័រការ៉ុមឆ្នាំ២០២៣។
កីឡាការិនីរូបនេះជាម្ចាស់ជ័យលាភីអន្តរជាតិជាច្រើនព្រឹត្តិការណ៍បានបង្ហាញក្តីរីករាយរំភើបជាខ្លាំងដែលខ្លួនទទួលបានដំណឹងថា ខ្លួននឹងក្លាយជាបេក្ខភាព១រូប ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
ស្រួង ភាវីបានបញ្ជាក់តាមសារអេឡិចត្រូនិកថាពីមុននាងមានភាពស្រពិចស្រពិល លើ
វិញ្ញាសាស្នូកឃ័រការ៉ុមសម្រាប់គោលដៅស៊ីហ្គេម២០២៣ ប៉ុន្តែពេលនេះច្បាស់លាស់ជាផ្លូការហើយ បន្ទាប់ពីលោកស្រីទទួលបានដំណឹងពីសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ដោយ ឱ្យលោកស្រីហ្វឹកហាត់ត្រៀមខ្លួន ចូលរួមការប្រកួតស៊ីហ្គេម។
កីឡាការិនីស្នូកឃ័រការ៉ុមកម្ពុជាដែលកំពុងល្បីល្បាញនិងរស់នៅប្រទេសកូរ៉េខាងត្បូង
រូបនេះបន្ដថាការចង់ឈ្នះមេដាយអ្នកណាក៏ចង់បានដែរហើយលោកស្រីប្តេជ្ញាថា នឹងប្រឹង
ប្រែងឱ្យអស់ពីលទ្ធភាពដើម្បីដណ្តើមមេដាយជូនជាតិពីព្រោះថានេះជាឱកាសដ៏កម្រសម្រាប់ស៊ីហ្គេម រៀងរាល់២ឆ្នាំម្តង ហើយត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជា។
នាងនិយាយថានាងពិតជាសប្បាយចិត្តដែលនាងមានឱកាសត្រៀមចូលរួមប្រកួត
ដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាបានដាក់បញ្ជូលនូវវិញ្ញាសាការ៉ុមដែលនាងចេះស្រាប់។នេះជាកម្លាំងចិត្តរំ
ភើប និងសប្បាយចិត្តគ្មានអ្វីប្រៀបផ្ទឹមពុំបាន »។
នាងបានបង្ហាញនូវមោទនភាពជាតិទៀតថា នាងក៏ធ្លាប់ធ្លាប់បានជម្រាបជូនសហព័ន្ធដែរនាងប្តេជ្ញាចិត្តថានឹងប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការដាក់ចិត្តដាក់កាយត្រៀមខ្លួនឱ្យល្អរឹងមាំល្អជាងការប្រកួតនៅកូរ៉េ និងការប្រកួតអន្តរជាតិនានាទៅទៀត ។
សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានឱ្យដឹងថា សហព័ន្ធបានត្រៀម១០វិញ្ញាសា សម្រាប់ស៊ីហ្គេម ២០២៣ ដោយក្នុងនោះមានផ្នែកបុរស ៦វិញ្ញាសា និងនារី៤វិញ្ញាសា។ កម្ពុជាបានដាក់ត្រៀមនូវវិញ្ញាសាសរុបជាង ៥០០វិញ្ញាសា លើ៤០ប្រភេទកីឡា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣៕