ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រីឃីតដាក់គោលដៅ អភិវឌ្ឍន៍ជនពិការ និង មិនពិការ

119

ភ្នំពេញ៖នៅក្នុងឱកាសការប្រកួតមិត្តភាពកីឡាគ្រីឃីតរវាងក្រុមកម្ពុជានិងក្រុមឥណ្ឌានៅថ្ងៃទី២០ខែសីហាឆ្នាំ២០២២នៅកីឡដ្ឋានខេត្តកណ្តាលម្សិលម៉ិញនេះលោកសេន វិទ្យាប្រ
ធានសមាគមគ្រីឃីតកម្ពុជាបានបញ្ជាក់ថាបច្ចុប្បន្នសមាគមកំពុងបណ្តុះ
បណ្តាលធនធានកីឡាករ កីឡាការិនីពិការ នៅខេត្តបាត់ដំបង និងខេត្តសៀមរាប តាមរយៈការចុះទៅដោយផ្ទាល់ និងផ្តល់សម្ភារ បច្ចេកទេស និងរបៀបរបបនៃការលេងជាដើម ជារៀងរាល់ខែ។

ការលេងកីឡាគ្រីឃីតសម្រាប់ជនពិការគឺមានលក្ខណៈខុសគ្នាអំពីគ្រីឃីតសម្រាប់ជន
មិនពិការ។លោកបានលើកបង្ហាញកត្តា២សំខាន់ៗ ដើម្បីការអភិវឌ្ឍវិស័យកីឡាគ្រិឃីតកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ ទាំងកីឡាគ្រីឃីតជនពិការ និងមិនពិការ។ លោកប្រធានសមាគម បានពន្យល់ថា មូលហេតុចម្បងដែលសមាគមដាក់គោលដៅអភិវឌ្ឍវិស័យកីឡានេះ គឺទី១ ភាពស្របច្បាប់របស់សមាគម បន្ទាប់ពីបានបំពេញគ្រប់លក្ខន្តិកៈរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទី២គឺឆន្ទៈរបស់សមាគមក្នុងការបង្កើតឱកាសពិតប្រាកដសម្រាប់ការអភិវឌ្ឍវិស័យកីឡាគ្រី
ឃីតកម្ពុជា។
ទោះបីជាសមាគមត្រូវបានបង្កើតឡើងមិនទាន់ដល់១ឆ្នាំក្តីក៏សមាគមកំពុងតែខិតខំការបណ្តុះបណ្តាលធនធានកីឡាគ្រីឃីត ទាំងសម្រាប់ជនពិការ និងមិនពិការ ឲ្យដើរឆ្ពោះទៅមុខ សម្រាប់ជាតិ និងត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ ខណៈបំណងចម្បង១ទៀត នឹងបន្តការប្រឹងប្រែងឲ្យបានក្លាយជាសមាជិករបស់សហព័ន្ធអន្តរជាតិធំៗដើម្បីស្វែងរកការគាំទ្របន្ថែម។
លោក Kanhiya Gurjar ប្រធានសហព័ន្ធកីឡាគ្រីឃីតឥណ្ឌា បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះកិច្ចសហការរបស់ភាគីកម្ពុជា ក្នុងការរៀបចំឲ្យមានជំនួបមិត្តភាពអន្ដរជាតិនេះឡើង។ ក្នុងនាមនាយកប្រតិបត្តិសហព័ន្ធកីឡាគ្រីឃីតអន្ដរជាតិផងនោះលោកបានប្ដេជ្ញាបន្ដកិច្ចសហប្រតិបត្តិការល្អនេះដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាគ្រីឃីតកម្ពុជាពិសេសផ្នែកកីឡាគ្រីឃីតប៉ារ៉ាឡាំពិកតែម្ដង។

បច្ចុប្បន្នសមាគមកីឡាគ្រីឃីតកម្ពុជាត្រូវបានទទួលស្គាល់និងចូលជាសមាជិកពេញ
សិទ្ធិតំណាងឱ្យកម្ពុជារបស់សហព័ន្ធគ្រប់គ្រងកីឡាអាស៊ីសម្រាប់កីឡាជនពិការហើយក៏ត្រូវ
បានទទួលស្គាល់និងចូលជាសមាជិកពេញសិទ្ធិតំណាងឱ្យកម្ពុជារបស់ក្រុមប្រឹក្សាកីឡាគ្រីឃីតជនពិការអន្តរជាតិផងដែរ។
សមាគមនេះកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយស្ថាប័នជាតិនិងអន្ដរជាតិ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យរីកចម្រើននិងស្មើមុខស្មើមាត់លើឆាកអន្ដរជាតិ។
សូមបញ្ជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមកម្ពុជា និងក្រុមឥណ្ឌានេះ ត្រូវធ្វើរយៈពេល២ថ្ងៃ ដោយទទួលបានការសាទរពីឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជារួមជាមួយមន្ដ្រីជាន់ខ្ពស់នៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជាទៀតផង៕

អត្ថបទដែលជាប់ទាក់ទង