ទីក្រុងប៉េកាំងនឹងរៀបចំ ការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតថ្មីទៀត នៅឯតំបន់សមុទ្រចិនខាងកើត
ប៉េកាំង៖ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ MSA របស់ប្រទេសចិន បានប្រកាសនៅថ្ងៃអាទិត្យនេះថា ទីក្រុងប៉េកាំងនឹងរៀបចំ ការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតថ្មីទៀត នៅឯតំបន់សមុទ្រចិនខាងកើត នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។
សេចក្តីប្រកាសខាងលើបានលើកឡើងថា សមយុទ្ធយោធានោះនឹងប្រព្រឹត្តទៅរយៈពេល១៤ម៉ោង គឺចាប់ពីម៉ោង២៖០០នាទីរំលងអធ្រាត្រ ដល់ម៉ោង៤៖០០នាទីរសៀល ថ្ងៃទី២២ ខែសីហា នៅក្នុងបរិវេណដែនសមុទ្រ មិនឆ្ងាយប៉ុន្មានឡើយពីខេត្ត ជីជាំង (Zhejiang) ភាគខាងកើតនៃប្រទេសចិន។ កំលុងរយៈពេលនោះ កប៉ាល់នានាត្រូវបានហាមឃាត់ មិនឱ្យធ្វើដំណើរឆ្លងកាត់ កន្លែងដែលត្រូវបានកំណត់ជា ទីតាំងសម្រាប់ធ្វើសមយុទ្ធឡើយ។
គួរបញ្ជាក់ថា ចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ ចាប់តាំងតែពីប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) បានមកទស្សនកិច្ចនៅតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកជា ផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន កាលពីថ្ងៃទី២-៣ ខែសីហា។ កាលពី១សប្តាហ៍មុន ប្រតិភូសមាជិកសភាអាមេរិកមួយក្រុមទៀត ក៏បានមកទស្សនកិច្ចនៅដែនកោះនេះ ផងដែរ។
ពាក់ព័ន្ធស្ថានការណ៍វិវត្តន៍ខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ការធ្វើសមយុទ្ធយោធារបស់ចិន នៅក្បែរកោះតៃវ៉ាន់ គឺជារឿងចាំបាច់និងស្របតាមច្បាប់ ដើម្បីជាការឆ្លើយតបចំពោះ សកម្មភាពបង្កហេតុរបស់សហរដ្ឋអាមេរិក និងបម្រើជាចំណាត់ការមួយ ដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសចិន៕