ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនមន្រ្តីយោធា ជាអង្គរក្សម្នាក់ ករណីដកកាំភ្លើងបាញ់គំរាម

109

 

ភ្នំពេញ ៖ បើតាមរបាយការណ៍កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ពីករណីព្រហ្មទណ្ឌនៅថ្ងៃទី២១ខែសីហាឆ្នាំ២០២២ វេលាម៉ោងប្រហែល ២១និង៣០នាទី មានករណី ផ្ទុះអាវុធនៅចំណុច ក្រុមទី២ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងហេតុការណ៍ អាវុធហត្ថខណ្ឌជ្រោយចង្វារ បានចាប់ខ្លួនជនសង្ស័យឈ្មោះ កែវ សារ៉ាត់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុមទី២ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ យោធា តួនាទី អង្គរក្ស ។
វត្ថុតាងដកហូតរថយន្តមួយគ្រឿង ម៉ាកCamry HYBRID ពណ៌ ស ពាក់ផ្លាកលេខ ន.ប 2-7013។ សំបកចំនួន ១គ្រាប់។

ប្រភពីប្រជាពលរដ្ឋរស់នៅជាប់និងកន្លែងកើតហេតុ បានរៀបរាប់ឲ្យដឹងថា ដោយបុរសជាមន្រ្តីយោធាដែលជាខ្មាន់កាំភ្លើង បានមករស់នៅក្បែរផ្ទះ របស់ពួកគាត់ ទើបតែបានជាងមួយខែនោះទេ ហើយតែងតែមករករឿងដល់ពួកគាត់ជាច្រើនដង ដោយបុរសជាខ្មាន់កាំភ្លើងរូបនោះ អាងខ្លួនជាមន្រ្តីរួចមានអាវុធខ្លី២ដើម នៅក្នុងខ្លួនទៀត លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែបុរសជាមន្រ្តីរូបនោះ បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីត ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ នគរបាល2.7013 បើកមកពីក្រៅរួចក៏ឈប់រថយន្តនៅខាងមុខផ្ទះរបស់ខ្លួន ក្នុងស្ថានភាពសង្ស័យតែស្រវឹងស្រាទោទន់ ហើយក៏បានចុះពីលើរថយន្តដកកាំភ្លើងខ្លី២ដើម ឈរស្រែកឡូឡានៅមុខផ្ទះពលរដ្ឋជិតខាង ដោយពលរដ្ឋឃើញសភាពដូចនេះ ក៏មានការភ័យខ្លាច រួចបាននាំគ្នាចូលទៅក្នុងផ្ទះអស់ទៅ មួយសន្ទុះក្រោយមក ស្រាប់តែបុរសជាមន្រ្តីរូបនោះ បានបា.ញ់ឡើងទៅគំរាមប្រជាពលរដ្ឋ២គ្រាប់ រួចក៏ចូលទៅក្នុងផ្ទះ តែម្តងទៅ។ មួយសន្ទុះក្រោយ មកពលរដ្ឋជិតខាងបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកលៀប ចុះមកឃាត់ខ្លួនមន្រ្តីរូបនោះ ដែលប្រើប្រាស់អាវុធខុសច្បាប់ និងបាញ់គំរាមទៅលើប្រជាពលរដ្ឋ រួមទាំងរថយន្តមួយគ្រឿង យកទៅសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅខាងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីអនុវត្តនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង