អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញទៅស្វែងយល់ ពីសុខទុក្ខនិងជីវភាពរបស់បងប្អូនអតីតយុទ្ធជននៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញចុះទៅត្រួតពិនិត្យស្វែងយល់អំពីសុខទុក្ខនិងជីវភាពគ្រួសាររបស់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរាយការណ៍ជូនឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អំពីស្ថានភាពទូទៅរបស់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលេីដីសម្បទានសង្គមកិច្ចដែលមានចំនួន១៤១គ្រួសារ ហើយបានរស់នៅរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្រោមការជួយឧបត្ថម្ភសាងសង់ផ្ទះអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានផ្តល់ដីសម្បទានសង្គមកិច្ចជូនក្រុមគ្រួសារអតីតយុទ្ធជនក្នុង១គ្រួសារ មួយហិតាកន្លះ ដើម្បីបងប្អូនបានរស់នៅប្រកបមុខរបររកទទួលទាន និងបង្កបង្កើនផលចិញ្ចឹមជីវិត ហើយបច្ចុប្បន្ននេះភូមិឋានរបស់អតីតយុទ្ធជនយេីង សម្តេចតេជោ បានសាងសង់ផ្លូវលំប្រវែង១២គីឡូម៉ែត្រ មានអណ្តូងទឹកស្អាតប្រេីប្រាសស្ទើរគ្រប់ផ្ទះ និងបានកសាងប្រព័ន្ធប្រឡាយរំដោះទឹកជូនបងប្អូនអតីតយុទ្ធជន បានរស់នៅល្អប្រសើរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកបានខឹតខំដោះស្រាយគ្រប់បែបយ៉ាងសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយេីង និងសូមអរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់មើលថែទាំពីសុខទុក្ខជីវភាពរបស់បងប្អូនអតីតយុទ្ធជនបានជាប្រចាំ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់បងប្អូនអតីតយុទ្ធជនជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ត្រូវខិតខំថែរក្សាសុខភាព និងខឹតខំយកចិត្តទុកដាក់លេីការងារបង្កបង្កើនផលដោះស្រាយជីវភាព លើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនក្នុងមួយគ្រួសារមួយហិតាកន្លះ និងត្រូវចូលរួមអនុវត្តឲ្យបានល្អតាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាពនៅក្នុងមូលដ្ឋាន ។
ក្រុមគ្រួសារអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលី ដែលបានរស់នៅលើដីសម្បទានសង្គមកិច្ច បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានសាងសង់ផ្ទះជូនគាត់ និងបានផ្តល់ដីសម្បទានសង្គមកិច្ច សម្រាប់គាត់រស់នៅកសាងជីវភាពថ្មីបានសមរម្យ និងបានប្តេជ្ញាចិត្តគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសានជីវិត ៕