ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំអន្តរជាតិ២ ពាក់ព័ន្ធនឹងទេសចរណ៍ ចាប់ពីថ្ងៃ១៦-២១ ខែមីនា ឆ្នាំ ២០២៣ នៅខេត្តព្រះសីហនុ

150

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំអន្តរជាតិចំនួន២ គឺ កិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៦-២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។

យោងតាមលិខិតរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ ឱ្យក្រសួងទេសចរណ៍ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ (51st GMS Tourism Working Group Meeting and 2023 Mekong Tourism Forum-MTF) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ដោយមានសមាសភាពចូលរួមដោយផ្ទាល់ប្រមាណ២០០នាក់ តែត្រូវអនុវត្តតាមវិធានសុខាភិបាល។

យោងតាមក្រសួងទេសចរណ៍បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំទាំង២ខាងលើ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តយុទ្ធសាស្រ្តមហាអនុតំបន់មេគង្គ ២០១៦-២០២៥ ជាពិសេសផ្តោតលើផែនការស្តារទំនាក់ទំនងឡើងវិញក្នុងវិស័យទេសចរណ៍ក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។

គោលបំណងមួយទៀត គឺជំរុញផ្សព្វផ្សាយទេសចរណ៍មហាអនុតំបន់មេគង្គ រៀបចំទិសដៅចាប់យកទីផ្សារទេសចរណ៍ចម្បងៗសម្រាប់តំបន់ និងការរួមគ្នាដោះស្រាយបញ្ហាចំពោះមុខក្នុងការស្តារវិស័យទេសចរណ៍មហាអនុតំបន់មេគង្គឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

ក្រសួងទេសចរណ៍បានបន្តថា ក្រៅពីគោលបំណងខាងលើ កិច្ចប្រជុំទាំង២នេះក៏មានគោលបំណងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងទាក់ទាញទេសចរឱ្យមកទស្សនានៅតំបន់ច្រករបៀងទេសចរណ៍ភាគខាងត្បូង (Southern Tourism Corridor) ពិសេសគឺនៅតំបន់ឆ្នេរសមុទ្រ។

គោលបំណងសំខាន់មួយទៀត គឺដើម្បីបង្កើតនូវវេទិកាផ្លាស់ប្តូររយោបល់គ្នារវាងស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីចែករំលែកបទពិសោធន៍ល្អៗក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញតាមរយៈវេទិការទេសចរណ៍មេគង្គ ជាពិសេសចែករំលែកពីការអនុវត្តល្អៗរបស់កម្ពុជាដែលបានបើកវិស័យទេសចរណ៍មុនគេបង្អស់នៅក្នុងតំបន់អាស៊ាន ការដាក់ឱ្យដំណើរការយុទ្ធនាការទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia 2023) និងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង