ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពជើងទឹកមួយរូប ប្រចាំការនៅកោះតាង ត្រូវបានពស់ចឹក យកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ

151

 

ខេត្តព្រះសីហនុ-នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ពីមេបញ្ជាការកងការពារកោះតាងលេខ៣ លោកឧកញ៉ា បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ឲ្យទៅទទួលយក ទាហានមួយរូប ដែលប្រចាំការនៅកោះតាង ត្រូវបានពស់ចឹក ពេលកំពុងឡើងទៅលើភ្នំ ដើម្បីបេះបន្លែយកមកធ្វើម្ហូប បញ្ជូនយកមកក្រុងព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

បើតាមលោកឧត្តមនាវាត្រី យស ស៊ីវុត្ថា មេបញ្ជាការកងការពារកោះតាងលេខ៣ មានប្រសាសន៍ថាកងទ័ពជើងទឹកខាងលើ មានឈ្មោះ នាយចក្របាលឯក សូ វី មានតួនាទីជា ជំនួយការបើកបរកងការពារកោះតាងលេខ៣។

កងទ័ពជើងទឹកខាងលើត្រូវបាន ក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នាំមកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកឧត្តមនាវាត្រី យស ស៊ីវុត្ថា មេបញ្ជាការកងការពារកោះតាងលេខ៣ រួមនឹងនាយចក្របាលឯក សូ វី ដែលជាជនរងគ្រោះ បានគោរពថ្លែងអំណរគុណ និងជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុភមង្គលនិង ជោគជ័យគ្រប់ភារ:កិច្ច៕

អត្ថបទដែលជាប់ទាក់ទង