ការវិនិយោគវិស័យសំណង់មាន ២ពាន់គម្រោង ក្រោមទុនវិនិយោគ ១,២០៦លានដុល្លារ នៅឆមាសទី១
ភ្នំពេញ៖ នៅឆមាសទី១ ចាប់ខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគក្នុងវិស័យសំណង់ប្រមាណ២,០០០គម្រោង លើផ្ទៃក្រឡាសំណង់សរុបទាំងអស់ ប្រមាណជា២.៨លានម៉ែត្រការ៉េ ក្រោមទុនវិនិយោគ១,២០៦លានដុល្លារ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក លី រស្មី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក លី រស្មី អញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ។
លោក លី រស្មី បានបញ្ជាក់ថា បើយើងមើលទៅលើការវិនិយោគវិស័យសំណង់ យើងឃើញថា ៦ខែ នៅក្នុងឆ្នាំ២០២២នេះ គឺមានប្រមាណជា២,០០០គម្រោង និងផ្ទៃក្រឡាសំណងសរុបទាំងអស់ ប្រមាណជា២.៨លានម៉ែត្រការ៉េ ដែលមានទុនវិនិយោគ១,២០៦លានដុល្លារ។
លោក លី រស្មី បានគូសបញ្ជាក់ថា ប្រទេសដែលដើរតួនាទីធំជាងគេ នៅក្នុងការវិនិយោគ ក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ទី១៖ ប្រទេសចិន, ទី២៖ កូរ៉េខាងត្បូង, ទី៣៖ ជប៉ុន ហើយបន្ទាប់មកទៀត គឺប្រទេសថៃ ហើយវិស័យនេះ បានចូលរួមនៅក្នុងកិច្ចការអភិវឌ្ឍយ៉ាងសកម្ម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។
បើតាមមន្ដ្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រូបនេះ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងឆ្នាំ២០១៩ បានកើនឡើង១២ភាគរយ ដែលស្មើនឹង៣.៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ដោយឡែកលំហូរចូលវិនិយោគផ្ទាល់ពីបរទេស ចំនួន២.៣ពាន់លានដុល្លារសហរដ្ឋអាមេរិក គឺបានចូលទៅក្នុងវិស័យហិរញ្ញវត្ថុ ដោយក្នុងនោះប្រទេសចិន គឺជាប្រទេសដែលធំជាងគេ ដែលបានវិនិយោគដោយផ្ទាល់ ស្មើនឹងចំនួន៤៣ភាគរយ បន្ទាប់មកទៀត គឺកូរ៉េខាងត្បូង មានចំនួន១១ភាគរយ, វៀតណាម៧ភាគរយ, ជប៉ុន និងសិង្ហបុរី ៦ភាគរយដូចគ្នា។
លោក លី រស្មី បានឲ្យដឹងផងដែរថា ស្ថិតនៅក្នុងបរិបទនៃប្រទេសជាតិ ដែលបានទទួលនូវស្ថិរភាពនយោបាយសន្តិសុខសង្គម ធ្វើឲ្យមានការអភិវឌ្ឍលើវិស័យសំណង់នេះ គួរឲ្យកត់សម្គាល់ ហើយវិស័យនេះ គឺជាផ្នែកមួយដ៏មានសារៈសំខាន់រួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដោយបំពេញនូវគោលបំណងជាមូលដ្ឋាន នៃការអភិវឌ្ឍសង្គម ដោយបង្កើតនូវការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋ។
លើសពីនោះទៀត លោក លី រស្មី បានលើកឡើងថា វិស័យនេះ ក៏បានបង្កើនប្រាក់ចំណូលខ្ពស់ដល់សង្គមជាតិផងដែរ ទាក់ទងជាមួយនឹងសេវាកម្មសង្គម ហើយក៏បានចូលយ៉ាងសកម្ម នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសគឺពាក់ព័ន្ធជាមួយនឹងការវិនិយោគ ទៅលើវិស័យសំណង់។
គូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ការវិនិយោគក្នុងវិស័យសំណង់សម្រេចបាន ១៩,៣២២គម្រោង ផ្ទៃក្រឡាសំណង់ ៧១,៤៥៩,២៣៣ ម៉ែត្រការ៉េ ទុនវិនិយោគ ៣១,៤៨៤លានដុល្លារអាមេរិក ដូចខាងក្រោម៖
* ឆ្នាំ២០១៨ មាន ៣,២៩០គម្រោង ផ្ទៃក្រឡាសំណង់១២,៣៧៨,១១៩ម៉ែត្រការ៉េ ទុនវិនិយោគ ៥,៧៥៥លានដុល្លារអាមេរិក
* ឆ្នាំ២០១៩ មាន ៤,៨៨៨គម្រោង ផ្ទៃក្រឡាសំណង់២៣,២៥៧,៤១៤ម៉ែត្រការ៉េ ទុនវិនិយោគ ១១,៤៣៧លានដុល្លារអាមេរិក
* ឆ្នាំ២០២០ មាន ៤,៨៤១គម្រោង ផ្ទៃក្រឡាសំណង់១៦,៩៦៥,៧៥១ម៉ែត្រការ៉េ ទុនវិនិយោគ ៧,៧៥៣លានដុល្លារអាមេរិក
* ឆ្នាំ២០២១ មាន ៤,៣០៣គម្រោង ផ្ទៃក្រឡាសំណង់១២,៩៩៨,០៧២ម៉ែត្រការ៉េ ទុនវិនិយោគ ៥,៣៣៣លានដុល្លារអាមេរិក
* ៦ខែ ឆ្នាំ២០២២ មាន២,០០០គម្រោង ផ្ទៃក្រឡាសំណង់២,៨៥៩,៨៧៧ម៉ែត្រការ៉េ ទុនវិនិយោគ១,២០៦លានដុល្លារអាមេរិក។
គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់រយៈពេល៦ខែ ឆ្នាំ២០២២ បានចេញលិខិតអនុញ្ញាតសាងសង់ នៅទូទាំងប្រទេសចំនួន ៥៧,៥៩០គម្រោង ផ្ទៃក្រឡាសំណង់សរុបចំនួន ១៦៦,៦២៣,៨៩១ ម៉ែត្រការ៉េ និងទុនវិនិយោគសរុបប្រមាណ ៦៦,២០៥លានដុល្លារអាមេរិក។
គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន ២,៤៧២អគារ គម្រោងបុរីលំនៅឋាន និងបណ្ដូលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៤៨២គម្រោង និងបានផ្តល់វិញ្ញាបនបត្រប្រកបអាជីវកម្ម ក្នុងវិស័យសំណង់ដល់ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួន ៣,២៤៤ក្រុមហ៊ុន៕