យកមងទៅដាក់ត្រី ស្រាប់តែជាប់ក្រពើទម្ងន់ជិត២០០គីឡូ
ពោធិ៍សាត់៖ បុរសម្នាក់ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសត្វក្រពើ ដ៏ធំមួយក្បាល ជាប់មងដែលខ្លួនបានដាក់រកត្រី ក្នុងស្ទឹងមេទឹក។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានឲ្យដឹងថា ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងស្ទឹងមេទឹក ដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រជាពលរដ្ឋឈ្មោះ មឿន មីន ភេទប្រុស បានថ្លែងឲ្យដឹងថា កាលពីល្ងាចម្សិលមិញ រូបគាត់បានទៅរាយមងរកត្រី នៅចំណុចកើតហេតុខាងលើ រួចក៏ទៅសម្រាកនៅផ្ទះបាត់។ ពេលព្រឹកឡើង រូបគាត់ក៏ភ្ញាក់ពីដំណេក ទៅដោះមង ភ្លាមនោះ ក៏ប្រទះឃើញមងជាប់សត្វម៉្យាងដែលមានសភាពរើបម្រាស់ខ្លាំង ក៏លើកទាញឡើងប្រទះឃើញជាប់សត្វក្រពើដ៏ធំមួយក្បាល ទម្ងន់ប្រហែលជាង១០០គីឡូតែម្តង។ រូបគាត់បានរាយការណ៍មកសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ លើកក្រពើរមួយក្បាលនោះមក។
បុរសរូបនោះបានឲ្យដឹងទៀតថា តាំងពីលោកប្រកបរបរដាក់មងរកត្រី នៅចំណុចស្ទឹងខាងលើ មិនដែលបានប្រទះឃើញសត្វក្រពើនោះឡើយ តែធ្លាប់តែលឺតៗគ្នាថា ស្ទឹងមេទឹកមានធនធានជីវចម្រុះជាច្រើន រាប់ទាំងសត្វក្រពើរ ត្រី កន្ទាយ…ផងដែរ។
បច្ចុប្បន្នសត្វក្រពើនេះ ត្រូវបានដឹកយកមករក្សាទុក នៅទីបញ្ជាការវរការពារព្រំដែនគោកលេខ៨២៥ រងចាំបញ្ជាពីថ្នាក់លើ។ ពុំទាន់មានការសន្និដ្ឋានឲ្យដឹងនៅឡើយទេថា សត្វក្រពើនេះ ជាសត្វក្រពើធម្មជាតិរស់នៅក្នុងស្ទឹងនោះ ឬក៏រួចមកពីណាទេ?
តែបើតាមមន្រ្តីសាលាខេត្តពោធិ៍សាត់ បានឲ្យដឹងថា ខាងដែនជម្រក បានទំនាក់ទំនង ជាមួយអង្គការ Wildife Allinane ដើម្បីឲ្យមកទទួលយកក្រពើនេះ៕