ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់កើនដល់ជាង ១៨០នាក់ នៅភាគកណ្តាល និងខាងកើតប្រទេសអាហ្វហ្គានីស្ថាន
បរទេស ៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមតាលីបង់បាននិយាយថា ក្នុងខែនេះគ្រោះទឹកជំនន់បាន សម្លាប់មនុស្សជាង ១៨០នាក់ និងអំពាវនាវជំនួយពីសហគមន៍អន្តរជាតិ។
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះទឹកជំនន់បានបំផ្លិចបំផ្លាញខេត្តមួយចំនួននៅភាគកណ្តាល និងខាងកើតប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យលំនៅដ្ឋានរាប់ពាន់ខ្នងបានដួលរលំ ស្ថានភាពសេដ្ឋកិច្ច និងជីវភាពប្រជាជនកាន់តែដុនដាប។
នៅសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បាននិយាយថា “ក្រុមឥស្លាមអេមីរ៉ាតនៃប្រទេសអាហ្វហ្គានីស្ថានតែម្នាក់ឯង មិនអាចគ្រប់គ្រងគ្រោះទឹកជំនន់បានទេ យើងអំពាវនាវឲ្យពិភពលោក អង្គការអន្តរជាតិ និងប្រទេសកាន់សាសនាឥស្លាមដទៃទៀតផ្តល់ជំនួយ។”
លោក Mujahid បាននិយាយថា ក្នុងខែនេះ មនុស្សចំនួន១៨២នាក់ ត្រូវបានសម្លាប់ដោយគ្រោះទឹកជំនន់ និងមនុស្សចំនួន ២៥០នាក់ ផ្សេងទៀតរងរបួស។ លំនៅដ្ឋានប្រហែលចំនួន ៣១០០ ខ្នង ត្រូវបានបំផ្លាញទាំងស្រុង និងសត្វពាហនៈរាប់ពាន់ក្បាលត្រូវបានសម្លាប់។
ក្នុងឆ្នាំនេះ អាហ្វហ្គានីស្ថានបំផ្លិចបំផ្លាញដោយគ្រោះធម្មជាតិ ដែលកាលពីខែមិថុនា មានគ្រោះរាំងស្ងួត និងរញ្ជួយដីបានសម្លាប់មនុស្សប្រមាណ ១០០០នាក់។ ប្រទេសនេះត្រូវបានកាត់ចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិមួយផ្នែកធំ
បន្ទាប់ពីក្រុមតាលីបង់ចូលកាន់អំណាចកាលពីឆ្នាំមុន។