សម្ដេចតេជោ ហ៊ុន សែនបាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញ ពីរាជធានីភ្នំពេញអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ប្រធានាធិបតីវៀតណាម
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅទីក្រុងហាណូយសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធសព លោក ត្រាន់ ដាយក្វាង អតីតប្រធានាធិបតីវៀតណាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
ឥស្សរៈជនកម្ពុជាអញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន រួមមាន៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ធសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។ការគោរពវិញ្ញាណក្ខន្ធទៅវិញទៅមករបស់មេដឹកនាំនេះ គឺជាវប្បធម៌គោរពគ្នាទៅវិញទៅមក ដែលប្រទេសនៅជិតខាងគ្នាតែងបានធ្វើឡើងជាបន្តបន្ទាប់ ពុំមិនមែនជារឿងថ្មីទេ។
គួរបញ្ជាក់ដែរថា៖ក្នុងនាមជាមេដឹកនាំនៃប្រទេសជិតខាងគ្នាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដឹកនាំគណៈប្រតិភូ ទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិពល អាឌុលយ៉ាដេត (Bhumibol Adulyadej) នៅទីក្រុងបាងកក ហើយនាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីថៃ ក៏ធ្លាប់បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ផងដែរ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២៕