ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះឡបូជាសព បណ្តាលឱ្យអាចារ្យភ្លុកម្នាក់ស្លាប់

75

 

កំពង់ចាម៖ កំពុងរៀបចំបូជាសព ភ្លាមៗនោះស្រាប់តែផ្ទុះឡបូជាសព បណ្តាលឱ្យអាចារ្យភ្លុកម្នាក់ស្លាប់ នៅវេលាម៉ោងជាង ២រសៀល ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិរវាង ឃុំខ្នុល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

លោកអធិការស្រុកជើងព្រៃ នួន ម៉េងហួរ បានឱ្យដឹងថា ពេលដង្ហែសពយកមកបូជានោះមានអាចារ្យភ្លុក ឈ្មោះ ហ៊ឹម សឿន ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ នៅឃុំរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ជាអ្នកទទួលជួយរៀបចំបូជាសព ដោយប្រើអូសនិងប្រេងសាំងសម្រាប់បូជាសព។ ពេលដាក់សពចូលមេនហើយក៏រៀបចំអូសដាក់ពីលើហើយចាក់សាំងជាច្រើនលីត្រពីលើអុសនិងលើសព។ ពេលធ្វើរួចហើយលោកអាចារ្យភ្លុកឈ្មោះ ហ៊ឹម សឿន និងបងប្អូនសាច់ញាតិសពបានបិទទ្វារឡបូជាសពដោយដាក់គន្លឹះពីក្រៅ រួចនាំគ្នាដើរប្រទក្សិណបីជុំ លុះពេលដើរបានមួយជុំ លោកអាចារ្យភ្លុក ហ៊ឹម សឿន បានកាន់ចន្លុះដែលដុតភ្លើងលើកជន្លលើកទី១ នៅមុខទ្វារឡបូជាសព ពេលនោះស្រាប់តែឆាបសាំងឆេះផ្ទុះឡបូជាសព បណ្ដាលឱ្យខ្ទាតទ្វារឡបូជាសពធ្វើពីដែក មកត្រូវចំសៀតផ្កាខាងឆ្វេងរបស់លោកអាចារ្យភ្លុក ឈ្មោះ ហ៊ឹម សឿន បណ្ដាលឱ្យមានរបួសធ្ងន់ និងស្លាប់ភ្លាមៗនៅទីកន្លែងកើតហេតុតែម្ដង។

លោកអធិការបានឱ្យដឹងទៀតថា ក្រោយពីបានទទួលព័ត៌មាននេះ ភ្លាមលោកបានចាត់កម្លាំងជំនាញផែនព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ កាំង គីមហុង អធិការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបង អាជ្ញាធរភូមិ ឃុំ គ្រូពេទ្យ និងបងប្អូនសាច់ញាតិរបស់សពធ្វើការពិនិត្យ កន្លែងកើតហេតុឃើញថា កន្លែងកើតហេតុស្ថិតនៅទីកន្លែងឡបូជាសពសហគមន៍ ក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម សង់ពីថ្មរៀបឥដ្ខ មានច្រកទ្វារដែកមួយសម្រាប់ដាក់សពចូលនៅទិសខាងលិច និងមានបំពង់ផ្សែងមួយ សម្រាប់បង្ហុយផ្សែងឡើងលើ ហើយអ្វីដែលកើតឡើងមិនមានពាក់ព័ន្ធករណីផ្សេងនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង