នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប្រទូសកេរ្តិ៍ភេទលើនារី៣នាក់
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានស្ត្រី៣នាក់ដាក់ពាក្យប្តឹងសមត្ថកិច្ចសមត្ថកិច្ចនគរបាលខណ្ឌដង្កោស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រទូសកេរ្តិ៍ភេទលើពួកគេ ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី ត្រង់ចំណុចផ្ទះលេខ២២ ផ្លូវបេតុង បុរីកសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះចំនួន០៣នាក់មាន៖ ១-ឈ្មោះ ជ.ស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលក់ផលិតផលអនឡាញ ។ ២-ឈ្មោះ ជ.សហ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ និង៣-ឈ្មោះ ម៉េង សូណា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ។ ទាំង៣នាក់ស្នាក់នៅផ្ទះលេខ២២ ផ្លូវបេតុង បុរីកសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ឃួន សារ៉េត ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិហប់ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង៧និង០០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី ជនរងគ្រោះចំនួន០៣នាក់ ទី០១ឈ្មោះ ជ ស ភេទស្រី អាយុ១៨ឆ្នាំ ទី០២ឈ្មោះ ជសហភេទស្រី អាយុ២១ឆ្នាំ ទី០៣ឈ្មោះ ម ស ណ ភេទស្រី អាយុ៣៤ឆ្នាំ កំពុងតែក្នុងបុរីកសិកម្មចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះស្រាប់តែជនសង្ស័យឈ្មោះ ឃួន សារ៉េត ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកជិះម៉ូតូដើរលក់ថ្នាំខ្មែរ តាមផ្ទះប្រជាពលរដ្ឋបានជិះម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1K-5383 មកដល់ផ្ទះរបស់ជនរងគ្រោះទាំង០៣នាក់ រួចនិយាយអះអាងថា រូបគេ (ជនសង្ស័យ) ជាអ្នកចេះកាត់ប្រជ្រុយចង្រៃ ធ្វើឱ្យមានលាភសំណាងមកវិញ ។ បន្ទាប់មកជនសង្ស័យ ក៏បានហៅជនរងគ្រោះឈ្មោះ ជ ស ចូលទៅក្នុងបន្ទប់ រួចចាក់គន្លឹះទ្វារជាប់ពីខាងក្នុង ហើយធ្វើសកម្មភាពដោះខោអាវ របស់ជនរងគ្រោះចេញទាំងអស់ ទោះបីជនរងគ្រោះប្រកែកមិនឱ្យដោះក៏ដោយ ក៏ជនសង្ស័យនៅតែបង្ខំដោះចេញទាំងអស់ ហើយរុញជនរងគ្រោះ ដេកផ្ងាទៅលើគ្រែ រួចធ្វើសកម្មភាពខ្វេះខ្វាយរកមើលប្រជ្រុយនៅលើខ្លួនប្រាណ និងបានអុជធូបធ្វើពិធី ដុតប្រជ្រុយហើយយកដៃច្របាច់ដោះ ចាប់ហែកភ្លៅចេញទាំងសងខាង និងយកដៃហែកមើលប្រដាប់ភេទ រួចក៏ឱ្យជនរងគ្រោះស្លៀកពាក់ចេញមកខាងក្រៅវិញ ។ លុះដល់វេលាម៉ោង១៧និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យ បានហៅជនរងគ្រោះឈ្មោះ ជ ស ហ ឱ្យចូលក្នុងបន្ទប់ម្តង រួចជនសង្ស័យបានធ្វើសកម្មភាពលើជនរងគ្រោះឈ្មោះ ជ ស ហ ដូចជនរងគ្រោះឈ្មោះ ជ ស ដែរ ហើយបានឱ្យស្លៀកពាក់ចេញមកខាងក្រៅវិញ រហូតដល់វេលាម៉ោង១៩និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានហៅជនរងគ្រោះឈ្មោះ ម ស ណ ឱ្យចូលក្នុងបន្ទប់ម្នាក់ទៀត ហើយបានធ្វើសកម្មភាពដូចជនរងគ្រោះទាំង០២នាក់ខាងលើដែរ ប៉ុន្តែពេលធ្វើសកម្មភាព ទៅលើជនរងគ្រោះឈ្មោះ ម ស ណ រួចជនសង្ស័យបានដោះគ្រឿងអលង្ការ របស់ជនសង្ស័យឱ្យមកជនរងគ្រោះឈ្មោះ ម ស ណ ទុកមានដូចជា ១/ចិញ្ចៀនលោហធាតុពណ៌លឿង ដាំត្បូងពណ៌សចំនួន០១វង់ , ២/ខ្សែដៃលោហធាតុពណ៌លឿងចំនួន០១ខ្សែ ហើយក៏ជិះម៉ូតូម៉ាកខាងលើគេចខ្លួនចេញបាត់ ។ ហើយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី ជនរងគ្រោះទាំង០៣នាក់ ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរតាមផ្លូវច្បាប់ ។
រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៧និង០០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមនិងវត្ថុតាង ១/ចិញ្ចៀនលោហធាតុពណ៌លឿង ដាំត្បូងពណ៌សចំនួន០១វង់ , ២/ខ្សែដៃលោហធាតុពណ៌លឿងចំនួន០១ខ្សែ, ៣/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1K-5383 មានលេខតួ ចំនួន០១គ្រឿង, ៤/ទូរស័ព្ទដៃម៉ាកណូគាចុចពិលពណ៌ផ្កាឈូកចំនួន០១គ្រឿង, ៥/កាបូបស្ពាយពណ៌ខ្មៅចំនួន០១, ៦/គ្រឿងសក្ការៈមួយចំនួន ត្រង់ចំណុចផ្ទះលេខ២២ ផ្លូវបេតុង បុរីកសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវីធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាព ចាប់បង្ខំជនរងគ្រោះទាំង០៣នាក់ខាងលើ ដោះសម្លៀកបំពាក់ចេញទាំងអស់ ហើយរុញជនរងគ្រោះដេកផ្ងាទៅលើគ្រែ រួចធ្វើសកម្មភាពខ្វេះខ្វាយរកមើលប្រជ្រុយនៅលើខ្លួនប្រាណ និងបានអុជធូបធ្វើពិធី ដុតប្រជ្រុយហើយយកដៃច្របាច់ដោះ ចាប់ហែកភ្លៅចេញទាំងសងខាង និងយកដៃហែកមើលរន្ធប្រដាប់ភេទ ទៅលើជនរងគ្រោះទាំង០៣នាក់ខាងលើប្រាកដមែន ។
វត្ថុតាងចាប់យក៖ ចិញ្ចៀនលោហធាតុពណ៌លឿង ដាំត្បូងពណ៌សចំនួន០១វង់ , ខ្សែដៃលោហធាតុពណ៌លឿងចំនួន០១ខ្សែ, ម៉ូតូម៉ាកហុងដាសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1K-5383 ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាកណូគាចុចពិលពណ៌ផ្កាឈូកចំនួន០១គ្រឿង, កាបូបស្ពាយពណ៌ខ្មៅចំនួន០១,គ្រឿងសក្ការៈមួយចំនួន ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការសាកសួរនិងកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕