កីឡាការិនីគុនដាវឆាយ លីនលី រៀបចំផ្លូវសម្រាប់ឆ្នាំ២០២៣
ភ្នំពេញ៖ កីឡាការិនីលើប្រភេទកីឡាគុនដាវកម្ពុជា ឆាយ លីនលី បាននឹងកំពុងកំពុងតែបង្កើនការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំក្នុងដំណើរត្រៀមខ្លួនដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ លើទឹកដីកម្ពុជា គឺស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
គុនដាវក៏ជាប្រភេទកីឡាដែលបានដាក់បញ្ចូលទៅក្នុងការប្រកួតក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់នាឆ្នាំ២០២៣ខាងមុខផងដែរ។ខណៈឆ្នាំនេះនឹងឈានទៅគម្រប់២០ឆ្នាំនៃការ
ដាក់បញ្ចូលប្រភេទកីឡានេះក្នុងស៊ីហ្គេមគិតចាប់តាំងពីការដាក់ឲ្យប្រកួតលើកដំបូងក្នុងស៊ី
ហ្គេម លើកទី២២ ឆ្នាំ២០០៣ នៅប្រទេសវៀតណាម។
កីឡាការិនី ឆាយ លីនលី ដែលមានបទពិសោធន៍ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ដែរនោះ បានបង្ហាញពីការត្រៀមខ្លួន និងយកចិត្តទុកដាក់ផ្ដោតលើការហ្វឹកហាត់ជាប្រចាំថ្ងៃ តាមកាលវិភាគរបស់គ្រូបង្វឹក ទាំងបច្ចេកទេស និងកម្លាំង។ កីឡាការិនីរូបនេះ បានថ្លែងថា «ការហ្វឹកហាត់ គ្រូៗគាត់បានផ្ដោតលើពួកខ្ញុំ ដោយជម្រុញបច្ចេកទេសផង និងកម្លាំងផង។
កត្តានេះហើយឲ្យពួកនាងមានកម្លាំងជាមួយនឹងបច្ចេកទេសដោយត្រូវការទាំងពីរ។គ្រូៗរបស់ខ្ញុំគាត់មានកាលវិភាគហ្វឹកហាត់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសៅរ៍។គាត់មានកាលវិភាគផ្សេងៗដើម្បីផ្ដល់ឲ្យពួកខ្ញុំ ដូចជាមានហ្គេមផង ហាត់ពង្រឹងបច្ចេកទេសផង និងហាត់កម្លាំងផង»។
កាលពីអំឡុងចុងខែកក្កដា និងដើមខែសីហា ក្រុមអត្តពលិកនិស្សិតកម្ពុជា បានចេញទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games 2022) នៅប្រទេសថៃ។ ការចូលរួមនេះ ក៏មានប្រភេទកីឡាគុនដាវដែរ ហើយអត្តពលិកគុនដាវកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿង ក្នុងនោះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២ ខណៈ ឆាយ លីនលី រកបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា ដាវតូចនារី ឯកត្តជន និងមេដាយមាស១ រួមគ្នាជាមួយកីឡាការិនី សន និច និង យី លីហ្សា លើវិញ្ញាសា នារីដាវតូចជាក្រុម។
កីឡាការិនីវ័យ២០ឆ្នាំរូបនេះចាត់ទុកការឈ្នះមេដាយនៅព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន គឺជាកម្លាំងចិត្ត ដើម្បីជម្រុញការខិតខំប្រឹងប្រែងបន្ត ក្នុងដំណើរត្រៀមស៊ីហ្គេម ឆ្នាំក្រោយ។ «ការប្រកួតនៅប្រទេសថៃ វាគឺជាលទ្ធផលមួយ ដែលខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយមែនទែន ពីព្រោះវាជាកម្លាំងជាក្រុមផង និងការជម្រុញ លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តពីក្រោយខ្នង គឺលោកគ្រូអ្នកគ្រូរបស់ខ្ញុំទាំងអស់ ហើយវាក៏ជាកម្លាំងចិត្តមួយ ដែលធ្វើឲ្យពួកខ្ញុំមានអារម្មណ៍ថា នឹងខំប្រឹងបន្ថែមទៀត ដើម្បីត្រៀមស៊ីហ្គេម ២០២៣ នៅកម្ពុជាយើង»។
ឆាយលីនលីបានបង្ហាញពីការតាំងចិត្តថាដើម្បីត្រៀមខ្លួនស៊ីហ្គេម២០២៣នៅខាងមុខនេះពួកនាងនឹងពង្រឹងខ្លួនឯងនិងតាំងចិត្តស្មារតីនិងខំប្រឹងប្រែងហាត់ដើម្បីយកមេដាយមកជូនជាតិមាតុភូមិបន្តទៀត។
កីឡាការិនីរូបនេះដឹងច្បាស់ពីសមត្ថភាពរបស់គូប្រកួតមានភាពខ្លាំងក្លាជាងតែទោះជាយ៉ាងនេះក្ដីក៏នាងនៅតែតាំងចិត្តប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្ដើមយកមេដាយ ដោយរូបនាង បាននិយាយដូច្នេះថាចំពោះក្ដីរំពឹងវិញ នាងរំពឹងសមត្ថភាពខ្លួនឯង និងជាក្រុម ហើយដណ្ដើមយកមេដាយណាមួយ នាងមានតែខំប្រឹង ព្រោះយើងមិនអាចមើលឃើញ ប្រទេសផ្សេងៗដែលគាត់ចូលរួមគឺគាត់សុទ្ធតែមានកម្រិតខ្លាំងដូចគ្នាហើយគាត់ក៏មានបទពិសោធន៍ច្រើនជាងពួកនាងដែរ។ ហេតុនេះ ពួកនាងមានតែខំប្រឹងហើយព្យាយាមធ្វើឲ្យល្អបំផុត ដើម្បីដណ្ដើមយកមេដាយឲ្យបាន។
កីឡាការិនីឆាយលីនលីចាប់ផ្ដើមលេងកីឡាគុនដាវនៅឆ្នាំ២០១៥ហ្វឹកហាត់បានរយៈពេល២ឆ្នាំនៅឆ្នាំ២០១៧នាងក៏បានជាប់ជម្រើសជាតិនារីគុនដាវកម្ពុជា។ចាប់តាំងពីជាប់ជាជម្រើសជាតិ លីនលី ធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ម្ដង និងស៊ីហ្គេម ចំនួន២ដងផងដែរ គឺស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម៕