ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកញុះញង់លើមូលដ្ឋាន កងទ័ពជើងទឹករាម ភ្នែកនៅល្អតែធ្វើជាខ្វាក់

144

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចាត់ទុកថា ក្រុមអ្នកដែលបានញុះញង់ទៅលើការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាមម្ដងហើយម្ដងទៀត ដោយមិនស្តាប់ការពន្យល់ពីភាគីកម្ពុជានោះ គឺជាអ្នកដែលមាន «ភ្នែកល្អតែធ្វើខ្វាក់»

ថ្លែងក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា នៅវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានសម្ដែងការសោកស្ដាយចំពោះការបន្តចោទប្រកាន់មកលើកម្ពុជាថា អនុញ្ញាតឱ្យចិនតាំងមូលដ្ឋានទ័ពនៅក្នុងប្រទេស។

សម្ដេចពិជ័យសេនា បានបញ្ជាក់ជាថ្មីថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការកសាងទំនើបកម្មនៅក្នុងមូលដ្ឋានសមុទ្ររាម ខណៈប្រទេសខ្លះ បានចោទប្រកាន់ម្តងហើយម្តងទៀតបែបផ្សេងៗនោះ គឺជាចេតនាអាក្រក់មកលើកម្ពុជាតែប៉ុណ្ណោះ។

សម្តេចបានលើកឡើងថា៖ «ការកសាងទំនើបកម្មសមុទ្ររាមនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់កងទ័ពជើងទឹកកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតតែប៉ុណ្ណោះ ហើយការចោទប្រកាន់ថា កន្លែងនេះសម្រាប់ដាក់មូលដ្ឋានកងទ័ពចិននោះ គឺជាការញុះញង់បង្កើតបញ្ហាដល់កម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាបានពន្យល់ម្តងហើយម្តងទៀតយ៉ាងណាក៏ពួកគេមិនស្តាប់ដែរ ដោយសារតែពួកគេភ្នែកនៅល្អ តែធ្វើជាខ្វាក់»

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានចោទប្រកាន់មកលើកម្ពុជាជាបន្តបន្ទាប់ ដោយគ្មានភស្តុតាងច្បាស់លាស់ថា កម្ពុជាបានអនុញ្ញាតឲ្យចិនតាំងមូលដ្ឋានទ័ពនៅក្នុងប្រទេស នៅមូលដ្ឋានកងទ័ពជើងទឹករាម គ្រាដែលតំបន់នេះត្រូវបានធ្វើទំនើបកម្ម។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលការចោទប្រកាន់ទាំងអស់ និងបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឲ្យមានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនទេ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមទៀតថា ការកសាងនូវមូលដ្ឋានសមុទ្ររាមនេះ គឺដើម្បីការពារអធិបតេយ្យកម្ពុជា បូរណភាពទឹកដីកម្ពុជា បង្កើនសមត្ថភាពកងទ័ពកម្ពុជា ខណៈគម្រោងការ កសាងនេះបានត្រៀមយូរណាស់មកហើយ ប៉ុន្តែទើបធ្វើយ៉ាងសកម្មក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែតម្រូវការចាំបាច់។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានលើកឡើងថា ការចោទប្រកាន់ទាំងបំពានរបស់ជនទាំងនោះ ដោយមិនស្តាប់ពីការពន្យល់បកស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាញឹកញាប់នោះ គឺជនទាំងនោះគ្មានចង់បានអ្វីពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។

សម្តេចបានបញ្ជាក់ថា៖ «កិច្ចការងារធ្វើទំនើបកម្មមូលដ្ឋានកងទ័ពសមុទ្ររាម មានការរាំងស្ទះ និងរំខានជាច្រើន ក៏ប៉ុន្តែ សូមបញ្ជាក់ថា នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥៣ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា រក្សាសិទ្ធិក្នុងការទទួលជំនួយយោធា ការហ្វឹកហ្វឺន និងសម្ភារផ្សេងៗទាំងអស់ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ការពារសុវត្ថិភាពដល់ប្រទេសខ្លួន យើងមានសិទ្ធិពេញលេញក្នុងការបំពេញអ្វីមួយដែលខ្លួនធ្វើបាន»

អត្ថបទដែលជាប់ទាក់ទង