ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនឧកញ៉ា ជួប ច័ន្ទ ទៅតុលាការ ពាក់ព័ន្ធពីបទ ចេញសែកស្អុយ

58

ភ្នំពេញ ៖ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ បញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ) គឺជំពាក់លុយគេអត់សង ។

សមត្ថកិច្ចបានអនុវត្តតាមដីកាបញ្ជាឲ្យបង្ខំ និងឲ្យឃុំខ្លួនឈ្មោះ ជួប ច័ន្ទ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាពាណិជ្ជករ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវ១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ.មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ដែលប្រព្រឹត្តនៅក្រុមហ៊ុន គឹម ហាប់ ខូអិលធីឌី ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ។

ដីកាបញ្ជាឲ្យបង្ខំ និងឲ្យឃុំខ្លួនឧកញ៉ា ជួប ច័ន្ទ ចេញដោយឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានយកទៅអនុវត្ត និងចាប់ខ្លួនឈ្មោះ ជួប ច័ន្ទ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ។

សមត្ថកិច្ចចាប់ខ្លួនឧកញ៉ា នៅរសៀលថ្ងៃដដែលនេះ ក៏បានបញ្ជូនទៅដល់ស្ថាប័នអយ្យការ ដើម្បីបើកការស៊ើបសួរ ចាត់តាមនីតិវិធីច្បាប់ ។
ក្រោយពីតំណាងអយ្យការបើកការស៊ើបសួរអស់រយៈពេលច្រើនម៉ោង ក៏បានសម្រេចផ្ញើឈ្មោះ ជួប ច័ន្ទ ទៅសមត្ថកិច្ចវិញ តម្រូវឲ្យនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះ នាំជនសង្ស័យមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរទៀត៕

អត្ថបទដែលជាប់ទាក់ទង