លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកការសាបព្រោះរបស់ ខឹម វាសនា រហូតកាត់កាលបងប្អូន ម្តាយឪពុក ជារឿងហួសព្រំដែនហើយ
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត មកពីគណបក្សប្រជាជនកម្ពុជា បានបង្ហាញការប្រតិកម្មខ្លាំង ចំពោះការសាបព្រោះមនោគមន៍វិជ្ជារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ លោកបណ្ឌិត បានចាត់ទុកការសាបព្រោះមនោគមន៍វិជ្ជារហូតឈានដល់ការកាត់កាលបងប្អូន និងម្តាយឪពុក គឺជារឿងហួសព្រំដែននៃសីលធម៌ និងទំនៀមទម្លាប់របស់ខ្មែរ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បែបនេះ ក្នុងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងប្រតិកម្ម និងបង្ហាញការកត់សម្គាល់បែបនេះ ចំពោះពេលផ្ទុះបាតុភាពនៃការប្រមូលផ្តុំមនុស្សក្រោមការអូសទាញ និងការផ្សព្វផ្សាយពីគ្រោះមហន្តរាយពិភពលោក ពីសំណាក់ លោក ខឹម វាសនា និងបក្ខពួក។
ក្រោមការអូសទាញ និងផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែររហូតដល់ទៅជាង ១ម៉ឺននាក់ ជឿ ហើយនាំគ្នាទៅប្រមូលផ្តុំនៅចម្ការរបស់លោក ខឹម វាសនា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មានប្រជាពលរដ្ឋជាច្រើន បានទៅស្វះស្វែងរកកូន រកស្វាមី រកភរិយា និងសាច់ញាតិក្រោមដំណក់ទឹកភ្នែករហាម។ បើទោះបីរកឃើញកូន ស្វាមី ភរិយា និងសាច់ញាតិក្តី តែគ្រួសារខ្លះមិនអាចយកកូន ស្វាមី ភរិយា និងសាច់ញាតិត្រឡប់ទៅផ្ទះវិញនោះឡើយ ពួកគេនៅតែក្រាញននៀលលង់ជឿការឃោសនារបស់ ខឹម វាសនា និងបក្ខពួក រហូតឈានដល់ប្រកាសកាត់កាលបងប្អូន និងឪពុកម្តាយថែមទៀត។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញសោកស្តាយ និងមិនចង់ឃើញជំនឿនាំដល់ការកាត់កាលបងប្អូន និងឪពុកម្តាយបែបនេះឡើយ។
«រឿងជឿ ជាជំនឿរបស់គាត់។ អាហ្នឹងជាជំនឿសិទ្ធិរបស់គាត់ តែកុំឱ្យដល់ជ្រុលនិយម រហូតដល់កាលគ្រួសារ ឬធ្វើអ្វីមួយខុសច្បាប់»។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។
លោកបណ្ឌិតបន្ថែមថា «មានការបែកបាក់គ្រួសារ បែកបាក់ឪពុកម្តាយ ប្តីប្រពន្ធ ដោយសារតែជំនឿ។ ខ្ញុំថាមិនគួរទេ រឿងជឿរបស់បងប្អូន តែកុំរហូតដល់ថ្នាក់ផ្តាច់មនោសញ្ចេតនាបងប្អូន»។
ជាមួយគ្នាលោកបណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋដែលមានគ្រួសារលង់ជឿ ខឹម វាសនា និងបក្ខពួក ប្រកាសកាត់កាលគ្រួសារនោះ ពេលពួកគាត់ត្រឡប់មកវិញឱ្យបន្តរាប់រកជាធម្មតា កុំដណ្តើមយកឈ្នះធ្វើឱ្យបែកបាក់គ្រួសារ។
សូមបញ្ជាក់ថា លោក ខឹម វាសនា តាមរយៈការធ្វើនយោបាយ បានសាបព្រោះមនោគមន៍វិជ្ជាដល់សមាជិក សមាជិការបស់ខ្លួន ឱ្យគុំស្អប់ឪពុកម្តាយ និងបងប្អូន ដែលរារាំងការចូលរួមសកម្មភាពរបស់ពួកគេជាមួយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ លោក ខឹម វាសនា ក៏បានសាបព្រោះនូវមនោគមន៍វិជ្ជាថា ឪពុកម្តាយគ្មានគុណ បង្កើតកូនព្រោះតែចំណង់ផ្លូវភេទ និងបង្កើតកូនដើម្បីតែបម្រើខ្លួនជាដើម។ ការសាបព្រោះបែបនេះហើយ បានធ្វើឱ្យអ្នកជឿលោក ខឹម វាសនា ហ៊ានស្អប់ឪពុកម្តាយ និងចាត់ទុកឪពុកម្តាយ ជាមនុស្សគ្មានគុណ។
លោក ហ៊ុន ម៉ាណែត បាត់ប្រៀបប្រដូចការសាបព្រោះរបស់លោក ខឹម វាសនា ឱ្យកូនស្អប់ឪពុកម្តាយ ដូចទៅនឹងរបបខ្មែរក្រហម៕