ឯកឧត្តម ឃួង ស្រេង ចូលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម
ហាណូយ ៖ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃកន្លងមកនេះ នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមដំណើរដោយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានថ្លែងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញមកកាន់ទីក្រុងហាណូយ និងទីក្រុងហូជីមីញនៅពេលនេះ ពិតជាមានអត្ថន័យយ៉ាងសំខាន់ក្នុងការរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង» រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ព្រមទាំងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញ ក៏ដូចជារវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ ស្របគ្នានឹងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(២៤/០៦/១៩៧៧-២៤/០៦/២០២២)។ ឯកឧត្តមបានបន្ថែមថា ប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីចូលរួមអបអរសាទរ «ឆ្នាំមិត្តកម្ពុជា-វៀតណាម ឆ្នាំ២០២២» ជាពិសេសខួបលើកទី៤៥ នៃ «ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីនាំសុខសន្តិភាពទាំងស្រុងជូនដល់កម្ពុជា។
ឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានលើកសរសើរ និងអបអរសាទរចំពោះជ័យជំនះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ ដោយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនេះនឹងអនុញ្ញាតឱ្យកម្ពុជាសម្រេចបានបន្ថែមទៀតនូវការកសាងសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ និងសុខដុមរមនាសម្រាប់កម្ពុជា ។
ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ផងដែរអំពីសភាពការណ៍ទូទៅនៅកម្ពុជា និងនៅរាជធានីភ្នំពេញ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ ជាមួយនឹងការគ្រប់គ្រងបានល្អប្រសើរនូវការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងបង្ការជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃតាមអភិក្រម «ផ្ការីក» និងការស្រោចវ៉ាក់សាំងដោយចាប់ផ្តើមចេញដំណើរពីរាជធានីភ្នំពេញ ព្រមទាំងបន្តចាក់ជូនប្រជាពលរដ្ឋនូវដូសជំរុញទី៣ ទី៤ និងទី៥ បន្តទៀត។
ឯកឧត្តមឃួង ស្រេងក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ឯឧ នាយករដ្ឋមន្ត្រីវៀតណាមដែលបានសន្យាថា នឹងបន្តគាំទ្រ និងបង្កលក្ខណៈល្អប្រសើរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការល្អនៅកម្រិតថ្នាក់ក្រោមជាតិរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដោយឈរលើស្មារតីស្មោះត្រង់នឹងគ្នា ទុកចិត្តគ្នា និងទំនួលខុសត្រូវ តាមរយៈការផ្តល់អាទិភាពខ្ពស់ក្នុងការរក្សា និងជំរុញភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង រវាងប្រជាជននៃប្រទេសទាំងពីរ
ព្រមទាំងការងារពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាពមួយចំនួន ដោយផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ អប់រំ និងសុខាភិបាល។
ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម និងឯកឧត្តមឃួង ស្រេង ក៏បានលើកឡើងផងដែរពីគោលបំណងបង្កើនទស្សនកិច្ចយុវជនក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ លើការងារអភិវឌ្ឍទីក្រុង សម្រាប់អ្នកបន្តវេននៃទំនាក់ទំនងរវាងទីក្រុងទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។