លោកកើត ឆែ អញ្ជើញប្រកាសចូលកាន់ មុខតំណែងថ្មី អភិបាលរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ
ភ្នំពេញ៖នៅរសៀលថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២ លោកកើត ឆែ អភិបាលរងរាជធានីភ្នពេញបានចូលរួមជាតំណាង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នៅទីស្នាក់ការរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង។
គួរបញ្ជាក់ថា៖លោកកែវ ចាន់ណារិទ្ធ ជាអតីតប្រធានទីលានចាក់សំរាមដង្កោ និងអភិបាលរងរដ្ឋាករសំណល់រឹង និងសំរាមជាអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញថ្មីជំនួសលោកអ៊ាង សុខឃីមដែលត្រូវបានតែងតាំងជាអភិបាលរងខណ្ឌ។
នៅក្នុងកម្មវិធីប្រកាសនេះ លោកកើត ឆែ អភិបាលរងរាជធានីភ្នពេញបានផ្តាំផ្ញើទៅកាន់លោកអភិបាលរដ្ឋាករថ្មីឱ្យបន្តនិរន្តរភាពការផ្តល់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus), ការផ្តល់សេវាដឹកជញ្ជូនតាមកាណូតសាធារណៈ (Taxi Boat) និងថែរក្សាសមិទ្ធផលនានារបស់រដ្ឋាករ ដែលចាប់តាំងពីឆ្នាំ២០១៥មក បានផ្តល់សេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព និងគុណភាព។
លើសពីនេះទៅទៀត លោកអភិបាលរងរាជធានីក៏បានជម្រាបជូនអង្គពិធីទាំងមូលឱ្យបានជ្រាបថា ការរីកចម្រើននៃវិស័យដឹកជញ្ជូនសាធារណៈជាបន្តបន្ទាប់ ក្នុងរាជធានីភ្នំពេញ អាចធ្វើទៅបានគឺដោយសារការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវ « សន្តិភាព » ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអាចទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ និយាយជារួម និងនិយាយដោយឡែកគឺការទទួលបានសេវាដឹកជញ្ជូនសាធារណៈប្រកបដោយប្រសិទ្ធភាព ទំនើប និងគុណភាព។
លោកបន្ថែមថា៖ដូចនេះ ដើម្បីបន្តទទួលបានការអភិវឌ្ឍសេវាដឹកជញ្ជូនសាធារណៈ និងសមិទ្ធផលថ្មីៗទៀតនោះ យើងត្រូវ « ការពារសន្តិភាព » នេះទោះក្នុងតម្លៃណាក៏ដោយ ព្រោះ « សន្តិភាព » ជារបស់មានតម្លៃដែលមិនអាចកាត់ថ្លៃបាន៕