ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាផ្សព្វផ្សាយ ច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈនៅរាជធានីភ្នំពេញ

71

ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈ» ជូនដល់អាជីវករដែលជាម្ចាស់ស្ថានីយនិងដេប៉ូប្រេងឥន្ធនៈនៅទូទាំងរាជធានីភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និង ឯកឧត្តម ហួត ហៃ ភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តំណាងមន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញ និងពាណិជ្ជករដែលប្រកបអាជីវកម្មវិស័យប្រេងឥន្ធនៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានជម្រាបថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបញ្ជៀបការយល់ដឹងផ្នែកច្បាប់ សិទ្ធិអំណាចរបស់មន្រ្តីស៊ើបអង្កេត សិទ្ធិរបស់អ្នកប្រើប្រាស់ និងកាតព្វកិច្ចរបស់ធុរជន។

សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់នូវការយល់ដឹងផ្នែកច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ និងធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈ ផ្លាស់ប្តូរយោបល់និងបទពិសោធន៍ លើកឡើងអំពីបញ្ហាប្រឈមនិងសំណូមពរដើម្បីរួមគ្នាដោះស្រាយ ក្នុងគោលបំណងជំរុញនិងលើកកម្ពស់ការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌ និងជំរុញឱ្យខឿនសេដ្ឋកិច្ចជាតិរីកចម្រើនទៅមុខ។
ការអនុវត្តច្បាប់នេះប្រកបដោយប្រសិទ្ធភាព នឹងជំរុញមានការការពារដល់សិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ បង្កើនបាននូវទំនុកចិត្តរវាងអ្នកប្រើប្រាស់និងធុរជន ធ្វើឱ្យសង្គមមានសុខដុមនីយកម្ម ព្រមទាំងមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
សម្រាប់វិស័យប្រេងឥន្ធនៈ ការធ្វើអាជីវកម្មប្រកបដោយសុចរិត និងធ្វើឱ្យការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ និងសមធម៌ នឹងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានចាត់ទុកការផ្សព្វផ្សាយច្បាប់ បទបញ្ញតិ្តនិងការអនុវត្តពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនះពិតជាសំខាន់ណាស់ ដើម្បីអោយអ្នកអនុវត្ត និងប្រតិបត្តិករទាំងអស់បានយល់ដឹងកាន់តែច្បាស់ជៀសវាងការប្រព្រឹត្តិណាមួយមានកំហុសដោយអចេតនា ក៏ដូចជាជួយការពាដល់អ្នកប្រើប្រាស់ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនិងរួមគ្នាលើកកម្ពស់សេដិឋកិច្ចជាតិផងដែរ។

ឯកឧត្តម ហួត ហៃ ក៏បានជម្រុញអោយមន្រ្តីពាក់ព័ន្ធ និង មន្រ្តីអនុវត្ត បន្តយកចិត្តទុកដាក់ខ្ពស់បំពេញការងារនេះអោយបានសុក្រិត្យ ត្រឹមត្រូវ ក្នុងគោលដៅការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រសិទ្ធភាពការងារ៕

អត្ថបទដែលជាប់ទាក់ទង