ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អក្ខរកម្ម បង្កើតឱកាសក្នុងការកែលម្អគុណភាពជីវិត និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត

122

 

បន្ទាយមានជ័យ៖ ថ្លែងក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា លើកទី២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា អក្ខរកម្មបង្កើតឱកាសក្នុងការកែលម្អគុណភាពជីវិត និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ដែលជាកត្ដាដ៏សំខាន់រួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ ជួយប្រជាពលរដ្ឋឱ្យទទួលការអប់រំភាសា វិទ្យាសាស្រ្ត វប្បធម៌ និងសេដ្ឋកិច្ច ឈានឆ្ពោះទៅរកការកសាងបាននូវមូលធនបញ្ញា និងមូលធនសង្គម ក្នុងការជំរុញដល់កំណើនផលិតភាព សីលធម៌សង្គម ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ពិធីនេះធ្វើនៅថ្ងៃទី៨ កញ្ញា ២០២២ នាខេត្តបន្ទាយមានជ័យ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស សហគមន៍ សប្បុរសជន និងអាជ្ញាធរដែនដីទូទាំងប្រទេស ព្រមទាំងអង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលនានា និងដៃគូអភិវឌ្ឍដែលបានជួយឧបត្ថម្ភយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ បាននិងកំពុងដំណើរការថ្នាក់អក្ខរកម្មនៅតាមបណ្តារោងចក្រ សហគ្រាស ពន្ធនាគារ និងតាមភូមិ ឃុំ សង្កាត់នៅទូទាំងប្រទេស។ សមិទ្ធផល នៃការអនុវត្តកម្មវិធីអក្ខរកម្មវិជ្ជាជីវៈបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមគ្នាអនុវត្តយុទ្ធនាការជាសកលពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការយូណេស្កូ និងដៃគូអភិវឌ្ឍ វិស័យឯកជននានា ជាពិសេសកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ សិស្សនិស្សិត បញ្ញវន្ត និងក្រុមយុវជនស្ម័គ្រចិត្តនៅទូទាំងប្រទេស។

សូមជម្រាបថា ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា នេះត្រូវបានព្រះរាជក្រឹត្យកំណត់យកថ្ងៃទី០៨ ខែកញ្ញា រៀងរាល់ឆ្នាំ និងចាត់ទុកជាទិវាអក្ខរកម្មជាតិ ចាប់តាំងពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០០០ មកម៉្លេះ។ ដោយឡែកសម្រាប់ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកប្រធានបទ “អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សាបន្ត” ប្រធានបទនេះឆ្លុះបញ្ចាំងឱ្យឃើញថា ការរៀនអក្ខរកម្មមិនត្រឹមតែចេះអក្សរ និងលេខនព្វន្ដប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសឱ្យអ្នករៀនអក្ខរកម្មចប់ អាចបន្ដកម្មវិធីបំណិនជីវិត និងជំនាញមុខរបរផ្សេងៗ ឬអាចបន្តទៅចូលរៀនក្នុងកម្មវិធីសមមូលបានទៀតផង៕

អត្ថបទដែលជាប់ទាក់ទង