ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការសម្រេចផ្តន្ទាទោស អតីតនាយការិយាល័យអន្ដរាគមន៍ខេត្ដកំពង់ឆ្នាំង ដាក់ពន្ធនាគារ ៣ឆ្នាំ រឿងកាន់កាប់ព្រៃលិចទឹក

117

ភ្នំពេញ៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៉ឹម វណ្ណៈ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានបើកសវនាការប្រកាសសាលក្រម លើសំណុំរឿងអតីតនាយការិយាល័យអន្ដរាគមន៍ នៃស្នងការនគរបាលខេត្ដកំពង់ឆ្នាំង គឺលោក កែវ ណារុន ដោយបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារឆ្នាំ៣ និង៦ខែ និងពិន័យជាប្រាក់ ៥លានរៀល ពីបទបំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិ ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បទល្មើសនេះបានប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា ១០៦ មាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៨៨ នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២, មាត្រា ៣៨ច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ។

សូមរំឮកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ បានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លួន លោកវរសេនីយ៍ឯក កែវ ណារុន អតីតនាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ជាមួយនឹងអតីតស្នងការរងម្នាក់ទៀត គឺលោក ស៊ុ សុជាតិ។

ការសម្រេចខ្លួលោក កែវ ណារុន នេះ គឺធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU ) ចាប់ខ្លួនលោក កែវ ណារុន ដែលមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងការកាន់កាប់ព្រៃលិចទឹកនៅតំបន់ហាមឃាត់ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។

បើយោងតាមដីបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ឈ្មោះ កែវ ណារុន ភេទប្រុស អាយុ៥៩ឆ្នាំ (កើតឆ្នាំ១៩៦២) ត្រូវបានចោទប្រកាន់ ពីបទបំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ នៃក្រម ព្រហ្មទណ្ឌ និងមាត្រា ៩៨ នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២, មាត្រា ៣៨ នៃច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ៕

អត្ថបទដែលជាប់ទាក់ទង