ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈរដ្ឋមន្ត្រីសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០”

103

 

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២២នេះ បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០”។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តពិភាក្សាលើរបៀបវារៈស្តីពី “សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០”
ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
សេចក្ដីព្រាងចុងក្រោយគោលនយោបាយនេះ ជាសមិទ្ធិផលថ្មីមួយទៀតក្នុងក្របខណ្ឌគោលនយោបាយជាតិ ដើម្បីជំរុញកំណើនវិស័យសកសិកម្ម តាមរយៈការបង្កើនផលិតភាពពិពិធកម្ម និងការធ្វើពាណិជ្ជូបនីយកម្ម ប្រកបដោយភាពប្រកួតប្រជែង បរិយាប័ន្ន ដែលផ្តល់នូវផលិតផលមានគុណភាពខ្ពស់ មានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីកសិកម្ម ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។

នៅក្នុងកិច្ចដំណើរការ នៃការរៀបចំគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្មនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ជាច្រើនលើកជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គភាពជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលកិច្ចប្រជុំទាំងអស់នោះភាគច្រើន គឺជាការប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង(Virtual Meeting) ដោយស្ថានភាពនាពេលនោះ បាននិងប្រឈមទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ បន្ទាប់ពីទទួលបានមិតយោបល់ និងធាតុចូលសំខាន់ៗពីកិច្ចប្រជុំខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានពិនិត្យឡើងវិញ និងបានរៀបចំបញ្ចូលធាតុចូលទាំងអស់នោះទៅក្នុងសេចក្តីព្រាងចុងក្រោយ នៃគោលនយោបាយជាតិនេះ និងបានដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាថ្មីម្តងទៀតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ នេះរួមមាន១០ផ្នែក៖ (១)ការវិភាគស្ថានភាពកសិកម្ម (២)ចក្ខុវិស័យ (៣)គោលបំណង (៤)គោលដៅ (៥)យុទ្ធសាស្រ្ត និងសកម្មភាពសម្រាប់អនុវត្ត (៦)យន្តការសម្រាប់អនុវត្ត គោលនយោបាយ (៧)ធនធានហិរញ្ញវត្ថុ (៨)ការពិនិត្យតាមដាន និងវាយតម្លៃ (៩)ការគ្រប់គ្រងហានិភ័យ និង(១០)ដែលជាសេចក្តីសន្និដ្ឋាន។
ជាមួយគ្នានេះ ឯកសារគោលនយោបាយនេះ ក៏មានភ្ជាប់ជាតារាងឧបសម្ព័ន្ធចំនួន២ ដែលបង្ហាញអំពីសូចនាករគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ និងម៉ាទ្រីស ស្ដីពីវិធានការគោលនយោបាយជាតិនេះ ពិតជាមានសារៈសំខាន់បំផុតសម្រាប់ចង្អុលបង្ហាញផ្លូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីសម្រេចបាននូវចក្ខុវិស័យ «ប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាការសធាត និងនិរន្តរភាព ដែលនឹងធ្វើឱ្យកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា» ស្របតាមគោលដៅគោលនយោបាយឆ្ពោះទៅរក៖ (១)ការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មខែ្សច្រវាក់តម្លៃកសិកម្ម (២)បង្កើនការវិនិយោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម (៣)ជំរុញកំណើនប្រកបដោយចីរភាព និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង(៤)ការកែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ៕

អត្ថបទដែលជាប់ទាក់ទង