អគ្គនាយក ក.ប.ប ណែនាំដល់ម្ចាស់ សហគ្រាសកែច្នៃម្ហូបអាហារទាំងអស់ ត្រូវគោរពវិធានអនាម័យសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន
ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (ក.ប.ប)បានណែនាំណែនាំដល់ម្ចាស់សហគ្រាស កែច្នៃម្ហូបអាហារទាំងអស់ត្រូវគោរពវិធានអនាម័យសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពស្របតាមស្តង់ដាកំណត់ និងសំដៅធានា ការលើកកម្ពស់សុខុមាលភាព និងប្រសិទ្ធភាព ។
ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ ការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចវិស័យម្ហូបអាហារ” នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (ក.ប.ប) បានមានប្រសាសន៍ថា ការបរិភោគអាហារដែលមិនមានសុវត្ថិភាព នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ដូចជាបង្កឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភ និងមានជំងឺក្នុងករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យស្លាប់ ជាដើម ខណៈដែលអង្គការសុខភាពពិភពលោក បានវាយតម្លៃថា នៅទូទាំងពិភពលោកក្នុង១ឆ្នាំៗ មានមនុស្សជិត៦លាននាក់ បានធ្លាក់ខ្លួនឈឺនិងមនុស្សចំនួន៤២ម៉ឺននាក់បានស្លាប់ ហើយក្នុងនោះនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានរកឃើញថា មានមនុស្សប្រហែលជា១៥ម៉ឺននាក់មានជំងឺ និង១៧៥ពាន់នាក់បានស្លាប់ ដោយសារតែគាត់ទទួលទានអាហារ ដែលមិនមានសុវត្ថិភាពនិងមិនមានគុណភាព ។
ឯកឧត្តមបានបន្តថា ដោយសារកត្តាទាំងនេះហើយ ដែលទាមទារឱ្យកម្ពុជាត្រូវរៀបចំច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារឱ្យមានលក្ខណៈត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ សំដៅជំរុញឱ្យផលិតផលទាំងនោះមានសុវត្ថិភាព និងស្របតាមស្តង់ដាកំណត់ សំដៅធានាកម្រិតនៃការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទាក់ទាញវិនិយោគ ជំរុញប្រសិទ្ធភាពនៃការធ្វើពិពិធកម្មនាំចេញម្ហូបអាហារ ធានាបាននូវការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌ នៅក្នុងវិស័យផលិតកម្មនិងពាណិជ្ជកម្មម្ហូបអាហារ ដែលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាជនកម្ពុជា ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាគោរពនិងអនុវត្តន៍ច្បាប់នេះ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ។
ឯកឧត្តមបន្តថា សុវត្ថិភាពម្ហូបអាហារគឺជាការទទួលខុសត្រូវរួម ដែលមានលក្ខណៈពហុវិស័យ ចាំបាច់តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និយាយជារួម ពីស្ថាប័នពាក់ព័ន្ធ ពីសិប្បករ ផលិតករ និងអ្នកនាំចូលផងដែរ ដែលត្រូវទទួលបន្ទុកការអនុវត្ដរួមគ្នា និងការត្រួតពិនិត្យគុណភាពសុវត្ថិភាព នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ ដូច្នេះច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារនឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជាយើង រៀបចំនូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ចាប់ពីដំណាក់កាលផលិតដំបូង ការកែច្នៃ ការដាក់លក់ រហូតដល់ការប្រើប្រាស់ចុងក្រោយ ដែលមានលក្ខណៈទំនើប តាមរយៈការកសាងនូវវិធីសាស្ត្រទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែចង្វាក់ផលិតកម្ម ក៏ដូចជាការត្រួតពិនិត្យនិងវិភាគទៅលើផលិតផលចុងក្រោយ ដែលជាគោលការណ៍មួយយ៉ាងសំខាន់ ក្នុងការជំរុញផលិតផលកម្ពុជាឱ្យមានការទទួលស្គាល់នៅក្នុងទីផ្សារតំបន់និងពិភពលោក» ។
លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា ការជំរុញឱ្យលើកកម្ពស់សុវត្ថិភាពចំណី អាហារពិតជាមានសារៈសំខាន់ណាស់ ព្រោះធានាបានសុវត្ថិភាពចំពោះអ្នកបរិភោគ ហើយរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តការគាំទ្រលើកកម្ពស់ សុវត្ថិភាពចំណីអាហារនេះដែលជាគុណប្រយោជន៍សម្រាប់ មនុស្សជាតិ។
លោក មានក្តីសង្ឃឹមយ៉ាងមុតមាំថា ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ការការពារសុខភាពប្រជាពលរដ្ឋកម្ពុជាទាំងមូល ក៏ដូចជាសុខុមាលភាពអ្នកប្រើប្រាស់ ជាពិសេសអ្នកដែលមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការយល់ដឹងពីសុវត្ថិភាពម្ហូបអាហារ ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ ច្បាប់នេះមាន១១ជំពូក និង ៤៣មាត្រា រៀបចំឡើងដើម្បីឆ្លើយតបតាមតម្រូវការ នៃពាណិជ្ជកម្មក្នុងស្រុក និង អន្តរជាតិ ការពារសុខុមាលភាពប្រជាពលរដ្ឋ និងទំនិញមានគុណភាព ព្រមទាំងសុវត្ថិភាពល្អ៕