ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល ណែនាំឱ្យយកចិត្តទុកដាក់ ឆ្លើយតបគ្រោះទឹកជំនន់

60

 

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តំបន់មួយចំនួននៅខេត្តពាយ័ព្យប្រទេស ជាប់ព្រំដែនជាមួយថៃ បានរងនូវការជន់លិចមួយចំនួន ដោយសារតែទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមគ្នាបង្កើនការយកចិត្តទុកដាក់ឆ្លើយតប គ្រោះទឹកជំនន់ បណ្តាលមកពីជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ។

ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

រាជរដ្ឋាភិបាលណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ឆ្លើយតប នឹងបញ្ហាគ្រោះទឹកជំនន់ដែលបណ្ដាលពីជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គ ដោយត្រូវត្រៀមរៀបចំ និងចាត់វិធានការចាំបាច់នានាដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋនៅតាមភូមិសាស្ត្រដែល ទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាកនិង ផលប៉ះពាល់ដល់ទ្រព្យសម្បត្តិនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ

សូមបញ្ជាក់ថា តាមរយៈការជូនព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជា នឹងទទួលរងឥទ្ធិពលសម្ពាធទាបពីបណ្តាប្រទេសជិតខាង ដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស។ ប្រការនេះអាចនឹងនាំឱ្យមានទឹកជំនន់នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង