ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឡុង ឌីម៉ង់ ធ្វើបទបង្ហាញ ស្តីពីការអភិវឌ្ឍខេត្តព្រះសីហនុ ជូនគណៈប្រតិភូ ស.ស.យ.ក រាជធានីភ្នំពេញ ស.ស.យ.ក វិស័ យ បរិស្ថាន និងក្លឹបបាល់ទាត់បឹងកេត

138

 

ព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញធ្វើបទបង្ហាញ ស្តីពីការអភិវឌ្ឍ ការគ្រប់គ្រងធនធានធម្មជាតិ និងចក្ខុវិស័យ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជូនគណ:ប្រតិភូ ស.ស.យ.ក រាជធានីភ្នំពេញ ស.ស.យ.ក វិស័យបរិស្ថាន និងក្លឹបបាល់ទាត់បឹងកេត នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានបង្ហាញពីសក្តានុពលរបស់ខេត្តព្រះ សីហនុ មានក្រុង២ និងស្រុក៣ ស្មើនឹង២៩ឃុំ សង្កាត់ មានប្រពលរដ្ឋជាង ៣០ម៉ឺននាក់ មានកោះចំនួន ៣២ ហើយ GDP ប្រជាពលរដ្ឋម្នាក់មានចំនួន ៤ ១៨០ដុល្លាអាម៉េរិកក្នុងមួយឆ្នាំ។ ខេត្តមានផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ ផ្លូវល្បឿនលឿន (Expressway) គ្រោងនឹងបើកឱ្យដំណើរការសាកល្បងនៅខែតុលាឆ្នាំ២០២២ខាងមុខ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចសង្គម និងទាក់ទាញទេសចរណ៍។

ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ និងជាច្រកនាំចេញនាំចូលទំនិញយ៉ាងសំ់ខាន់ មានកុងតឺន័រឆ្លងកាត់ ៧០ភាគរយនៅទូទាំងប្រទេស។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានសហការជា មួយរដ្ឋាភិបាលជប៉ុន JICA ពង្រីកកំពង់ផែជំហានទី២ និងទី៣ ឱ្យមានជម្រៅទឹករហូត ១៧.៥០ម៉ែត្រ ធ្វើឱ្យនាវាដែលចរាចរណ៍នៅលើសមុទ្រអាចចូលចតបាន ទន្ទឹមនោះធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនតាមផ្លូវសមុទ្រមានការថយចុះ ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាងផងដែរ។

រយ:ពេល៥ឆ្នាំចុងក្រោយ រាជរដ្ឋាភិបាលមានគោលនយោបាយបើកចំហធ្វើការវិនិយោគ និងទេសចរណ៍មកកាន់ខេត្តព្រះសីហនុ ធ្វើឱ្យខេត្តព្រះសីហនុមានការប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ហើយមានការអភិវឌ្ឍលឿនជាងការគ្រោងទុក។ លោកបានបន្តថា ខេត្តព្រះសីហនុជាតំបន់ប៉ូលអភិវឌ្ឍជាតិមួយដែលមានសក្តានុពលសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយ:អភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ជាច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សាអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិត កម្ម បែបបច្ចេកវិទ្យាទំនើប ជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។

លោកអភិបាលរងខេត្តព្រះសីហនុ បាន បញ្ជាក់ថា រាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុ ដោយបានដកកញ្ចប់ថវិកាសន្សំ និងគោលនយោបាយស្លឹកត្នោត ខ្ចប់ស្កត្នោតកសាងផ្លូវ៣៧ខ្សែ និងបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ កសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ទី២ និងបន្តសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដើម្បីប្រមូលទឹកកខ្វក់ចូលអាងប្រព្រឹត្តកម្មមុននឹងបង្ហូរចូលទៅសមុទ្រ ហើយទឹកដែលធ្វើប្រតិកម្មរួចអាចយកមកចិញ្ចឹមត្រីក្រឹមបាន ថែមទៀតផង នេះជាមោទនភាពរបស់ខេត្តព្រះសីហនុ ដែលមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ គួបផ្សំខេត្តព្រះសីហនុមិនមានបំពុលទឹកកខ្វក់ចូលសមុទ្រ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គម និងសេដ្ឋកិច្ចប្រជាពលរដ្ឋ។

ខេត្តព្រះសីហនុមានព្រលានយន្តហោះអន្តរជាតិ (កងកេង) ដែលមានផ្លូវរត់វែងជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា មានប្រវែង ៣ ៣០០ម៉ែត្រ និងកំពុងបន្តសាងសង់ស្ថានីយ៍អ្នកដំណើរបន្ថែមទៀត។ រាជរដ្ឋាភិបាលបានសហការជាមួយវិទ្យាស្ថានសិនជិន (ប្រទេសចិន) រៀបចំផែនការមេតម្រង់ទិសអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ផ្អែកលើស្ថានភាពជាក់ស្តែង នៃអភិវឌ្ឍលើវិស័យឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ពាណិជ្ជកម្មវិស័យកសិឧស្សាហកម្ម សំណង់ អចលនទ្រព្យ និងទេសចរណ៍។ ទន្ទឹមនោះយើងក៏ត្រូវការគិតគូពីធនធានមនុស្សផងដែរក្នុងការរៀបចំអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ វិស័យអេកូទេសចរណ៍ក៏ជាចំណុចមួយសំខាន់ក្នុងការស្រូបយកកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ។ ខេត្តមានជីវចម្រុះបាតសមុទ្រ និងឆ្នេរខ្សាច់សស្អាតកំពុងមានការចាប់អារមណ្ម៍ទាក់ទាញពីអ្នកទេសចរក្នុងស្រុក និងបរទេសផងដែរ។ ហើយនៅចុងឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍បានជ្រើសរើសយកខេត្តព្រះសីហនុសម្រាប់រៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងសន្និបាតក្លិបឆ្នេរស្អាតជាងគេលើសកលលោកនៅខេត្តព្រះសីហនុ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបខេត្តជាប់សមុទ្ររបស់កម្ពុជានាទិសនិរតី៕

អត្ថបទដែលជាប់ទាក់ទង