ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះផ្ទះស្តុកអំពូលភ្លើងមួយ នៅខណ្ឌសែនសុខ បានបំផ្លាញសម្ភារៈអស់ទាំងស្រុង

113

 

រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED មួយកន្លែង ក្នុងនោះបានបំផ្លាញសម្ភារៈអស់ទាំងស្រុង។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដែលស្ថិតនៅត្រង់ចំណុចផ្ទះលេខ១៥៣០ តាមបណ្តោយផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានអគ្គិភ័យកំពុងឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED មួយកន្លែង ភ្លាមៗនោះ លោកក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រប់គោលដៅទាំងអស់ ដើម្បីចេញជួយអន្តរាគមន៍ផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញរបស់យើងលំបាកក្នុងការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា ដោយសារតែទីតាំងខាងលើផ្លូវចូលមានការតូចចង្អៀត ជាហេតុពិបាកក្នុងការឲ្យរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ ហើយអណ្ដាតភ្លើងឆាបឆេះលឿនយ៉ាងសន្ធោសន្ធៅ។ តែទោះបីជាយ៉ាងណា ក៏កម្លាំងជំនាញរបស់យើង នៅតែប្រឹងប្រែងជួយអន្តរាគមន៍ជានិច្ច ដើម្បីកុំឲ្យមានមារឆ្លងរាលដាលដល់ផ្ទះផ្សេងទៀតរបស់បងប្អូនប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់ថា ដោយនៅក្នុងរង្វង់ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចរបស់យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ ៥៤ឡាន ស្មើរនឹង ២៣៦ម៉ែត្រគូប និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង ១និង៣៥នាទីយប់រំលងអាធ្រាតនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំដដែរ។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED និងសម្ភារៈខូចខាតអស់ទាំងស្រុង ដែលមានទំហំ (៥ម៉ែត្រ x ១៤ម៉ែត្រ) សាងសង់អំពីថ្មបេតុង ។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ។

សូមបញ្ជាក់ផងដែរថា ចំពោះប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដួលក្នុងពេលជួយសង្គ្រោះប្រជាពលរដ្ឋ ដោយសារតែស្រូបផ្សែងពុល នៃអគ្គិភ័យ ដែលបានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED ជាប្រភេទសូឡា បណ្តាលឲ្យចេញសារធាតុពុលមកខាងក្រៅ និងបានធ្វើឲ្យមន្ត្រីជំនាញមួយចំនួនទៀតឈ្លក់ផ្សែងពុលនោះ បើទោះបីជាបានប្រើប្រាស់នូវបំពុងខ្យល់អុកស៊ីសែន ដែលហៅកាត់ថា (SCBA) ក៏ដោយ។ ក្រោយពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានជួលនៅក្នុងពេលប្រតិបត្តិការនោះ ក្រុមមន្ត្រីជំនាញបានជួយសង្គ្រោះយកចេញពីខាងក្នុងមកដាក់នៅខាងក្រៅ និងបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់មកធ្វើការជួយសង្គ្រោះ ដើម្បីយកទៅកាន់មន្ទីរពេទ្យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង