ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ត្រូវជ្រើសរើសយកមូលដ្ឋានគ្រឹះ ដើម្បីប្រើប្រាស់បានយូរអង្វែង និងប្រកបដោយសិទ្ធភាពការងារ

234

 

ភ្នំពេញ៖ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា សំខាន់ត្រូវជ្រើសរើសយកមូលដ្ឋានគ្រឹះអោយបានរឹងមាំ ដើម្បីប្រើប្រាស់បានយូរអង្វែង និងមានប្រសិទ្ធភាពការងារ មិនខុសពីយើងសាងសង់អគារនិងផ្ទះសំបែង ដើម្បីរស់នៅឡើយ។
នេះជាការលើកឡើងរបស់ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ជាអាជ្ញាធរ មន្ទីរ អង្គភាពមួយចំនួនដែលគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យានៅរាជធានីភ្នំពេញ។

លោកកើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ការបើកអោយមានកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងដើម្បីពង្រឹង និងគ្រប់គ្រងប្រសិទ្ធភាពការងាររបស់ មន្ត្រីជាប់កិច្ចសន្យាអោយបានល្អ និងការជម្រុញអោយអាជ្ញាធរខណ្ឌ មន្ទីរ អង្គភាពដែលគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ចាត់ចែងរៀបចំផែនការនៃការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា បញ្ជូនមកសាលារាជធានីភ្នំពេញ អោយទាន់ពេលវេលាកំណត់។

លោកបន្តថា៖ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាយកមកប្រើប្រាស់ ដាច់ខាត ត្រូវជ្រើសរើសមើលទៅលើមូលដ្ឋានគ្រឹះ បើគ្រឹះយើងរឹងមាំ ធនធានមនុស្សនោះនឹងប្រើប្រាស់បានយូរអង្វែង និងមានប្រសិទ្ធភាព មិនខុសពីយើងសាងសង់អគារនិងផ្ទះសំបែង ដើម្បីរស់នៅឡើយ។

លោកកើត ឆែ បានបន្តទៀតថា៖ មន្ត្រីជាប់កិច្ចសន្យានៅរាជធានីភ្នំពេញ មានចំនួនច្រើន មានទាំងនៅរដ្ឋបាលរាជធានី នៅតាមរដ្ឋបាលខណ្ឌទាំង១៤ និងនៅតាមអង្គភាពប៉ូលីសផងដែរ ដែលកិច្ចការងារគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យានេះត្រូវតែធ្វើឡើងអោយបានម៉ត់ចត់ ជាមួយការពង្រឹងប្រសិទ្ធភាពការងារអោយកាន់តែល្អ ដើម្បីផ្តល់ក្តីសុខ និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ ។

លោកកើត ឆែ បានបញ្ជាក់ផងដែរថា៖ ការរៀបចំផែនការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២៣ លោកសូមអោយអាជ្ញាធរខណ្ឌ មន្ទីរ អង្គភាព ដែលគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ត្រូវចាត់ចែងរៀបចំផែនការនៃការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ដោយភ្ជាប់មកជាមួយនិងឯកសារតម្រូវ អោយបានគ្រប់គ្រាន់ រួចបញ្ជូនមកសាលារាជធានីភ្នំពេញ អោយបានយ៉ាងយូរត្រឹមថ្ងៃទី៣០ កញ្ញាឆ្នាំ២០២២ជាកំណត់ ដើម្បីយើងមានមូលដ្ឋានក្នុងការបូកសរុបរៀបចំផែនការប្រើប្រាស់ថវិកានិងគ្រប់គ្រងផែនការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២៣ ជូនទៅក្រសួងមហាផ្ទៃអោយបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង