ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីអញ្ជើញដល់ទីក្រុងហាណូយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុនទូរគមនាគមន៍វៀតតែល (Viettel)

145
វៀតណាម ៖បន្ទាប់ពីបានអញ្ជើញដល់ទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងគណៈប្រតិភូបានអញ្ជើញ ធ្វើទស្សនកិច្ចនៅក្រុមហ៊ុនទូរគមនាគមន៍វៀតតែល(Viettel) ជាក្រុមហ៊ុនមួយដែលបានវិនិយោគនៅកម្ពុជា លើប្រព័ន្ធទូរស័ព្ទដែលមានឈ្មោះក្រុមហ៊ុនMetfone។
ឯកឧត្ដម វូ ហៃសាន (Vu Hai San)អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម តៅ ឌុកថាំង (Tao Duc Thang) នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនវៀតតែល និងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងបានចាត់ទុកវត្តមានសម្តេចប្រធានរដ្ឋសភានាឱកាសនេះ ជាកិត្តិយសដ៏ឧត្តុង្តឧត្តមរបស់ក្រុមហ៊ុន។
ឯកឧត្តម តៅ ឌុកថាំង បានថ្លែងអំណរគុណដល់រដ្ឋសភា រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជា ដែលបានគំាទ្រការវិនិយោគរបស់ក្រុមហ៊ុន Viettel នៅកម្ពុជា និងបានជម្រាបជូនសម្តេចពីគម្រោងដែលក្រុមហ៊ុនត្រូវអភិវឌ្ឍបន្ថែមទៀតលើវិស័យបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនដ៏ធំមួយនេះ ដែល មិនត្រឹមតែបានបម្រើសេវាកម្មទូរគមនាគមន៍ប៉ុណ្ណោះ ទេ ថែមទាំងផ្តល់ឱកាសការងារ និងប្រាក់ចំណូលយ៉ាងច្រើនដល់ពលរដ្ឋវៀតណាមទៀតផង ។ ក្រៅពីនោះ ក្រុមហ៊ុនបានដើរតួនាទីដ៏មានសារសំខាន់ លើវិស័យការពារជាតិរបស់វៀតណាម ដើម្បីរួមចំណែកថែរក្សាសន្តិសុខ ទំាងក្នុងតំបន់ និងសកលលោកផងដែរ។
សម្តេចបានមានប្រសាសន៍លើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុនវៀតតែលនៅកម្ពុជា ដែលជាទូទៅពលរដ្ឋកម្ពុជាស្គាល់ថា ជាក្រុមហ៊ុនមិត្តហ្វូននោះ ក៏បានចូលរួមចំណែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ប្រកបដោយគុណភាពនិងទំនុកចិត្តខ្ពស់ ក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍នានានៅកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា វត្តមានរបស់វៀតតែល នៅកម្ពុជា មិនត្រឹមតែផ្តល់សេវាទូរគមនាគមន៍ដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ក៏ថែមទាំងបានរួមចំណែកផ្តល់ ឱកាសការងារ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច ដល់ពលរដ្ឋកម្ពុជា និងក្រុមហ៊ុនផងដែរ៕
អត្ថបទដែលជាប់ទាក់ទង